Insurance

728x90

កម្ពុជា-ថៃ​ព្រមព្រៀង ​បង្កើត​ច្រក​ព្រំដែន ​អន្តរជាតិ​៤​និង​តំបន់​ សេដ្ឋកិច្ច​ពិសេស​២​បន្ថែម

Monday 19/01/2015 Time : 07: 40 am


ភ្នំពេញ៖​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ លោក ហោ ណាំហុង និង​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ លោក ថាណាសក្តិ ប៉ាកទីម៉ា ប៉ាកន (Tha nasak Patima pakorn) បាន​ដឹក​នាំ​ប្រតិភូ​ទាំង​ពីរ​ប្រទេស ជួប​ប្រជុំ​គណៈកម្មការ​ចម្រុះ​លើក​ទី​៩ សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​នៅ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ ខែ​មករា។


កិច្ច​ប្រជុំ​នេះ កម្ពុជា និង​ថៃ បាន​ពិភាក្សា​គ្នា​លើ​បញ្ហា​ជាច្រើន​ដូចជា​រឿង​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ ជាង ៦៦​ម៉ឺន​នាក់ គឺ​ត្រូវ​ចុះ​បញ្ជី​ឲ្យ​មាន​សិទ្ធិ​ស្រប​ច្បាប់ បញ្ហា​តាម​រក​ចាប់​ខ្លួន​មេ​ខ្យល់​ដែល​នាំ​ពលករ​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ ខុស​ច្បាប់ បញ្ហា​ទទួល​ទិញ​កសិផល​ពី​កសិករ​ខ្មែរ និង​ការ​ទាមទារ​ឲ្យ​ទាហាន​ថៃ ឈប់​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ខុស​ច្បាប់ ព្រម​ទាំង​បញ្ហា​ជាច្រើន​ទៀត។


មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ខ្មែរ និង​ថៃ បាន​ស្រុះស្រួល​គ្នា​ដាក់​ច្រក​របៀង​ព្រំដែន​ចំនួន​៤ ថែម​ទៀត ឲ្យ​ក្លាយ​ទៅ​ជា​ច្រក​ទ្វារ​អន្តរជាតិ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ពេល​ខាង​មុខ។ ការ​ដំឡើង​ច្រក​របៀង​ឲ្យ​ក្លាយ​ទៅ​ជា​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​នេះ គឺ​ដើម្បី​សម្រួល​ដល់​ដំណើរ​ចេញ​ចូល​របស់​អ្នក​ទេសចរ និង​ការ​ដឹក​ទំនិញ​នានា​ឲ្យ​កាន់​តែ​ប្រសើរ។


អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា គឺ​លោក កុយ គួងមាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​នៅ​ឯ​ខេត្ត​សៀមរាប កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី​១៦ ខែ​មករា ថា រដ្ឋាភិបាល​កម្ពុជា និង​ថៃ បាន​ព្រមព្រៀង​ជាមួយ​គ្នា​ដើម្បី​ឈាន​ទៅ​រក​ការ​ដំឡើង​ច្រក​របៀង​ចំនួន​៤ ឲ្យ​ក្លាយ​ទៅ​ជា​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ថែម​ទៀត។ ច្រក​ទាំង​បួន​នោះ​មាន​ច្រក​អានសេះ នៅ​ស្រុក​ជាំក្សាន្ដ ខេត្ត​ព្រះវិហារ ជាប់​នឹង​ស្រុក​ណាំយឺន ខេត្ត​អ៊ូប៊ុនរ៉ាតថានី របស់​ថៃ ច្រក​ភ្នំដី នៅ​ខេត្ត​បាត់ដំបង ជាប់​នឹង​ខេត្ត​ស្រះកែវ របស់​ថៃ ច្រក​ភ្នំដា ក្នុង​ខេត្ត​ពោធិ៍សាត់ ជាប់​នឹង​ខេត្ត​ត្រាត របស់​ថៃ និង​ទី​៤ គឺ​ច្រក​ជប់គគីរ ក្នុង​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ ជាប់​នឹង​ស្រុក​បាងគ្រួត ខេត្ត​បុរីរ៉ាំ របស់​ថៃ។ ទន្ទឹម​ការ​ឈាន​ទៅ​បើក​ច្រក​ព្រំដែន​អន្តរជាតិ ៤​ថែម​ទៀត​នោះ គឺ​ភាគី​កម្ពុជា-ថៃ កំពុង​ជំរុញ​ឲ្យ​ច្រក​ព្រំដែន​អន្តរជាតិ​ឈ្មោះ​ស្ទឹងបត់ ក្នុង​ខេត្ត​បន្ទាយមានជ័យ បើក​ដំណើរ​ការ​នៅ​ឆ្នាំ​២០១៦-២០១៨ ខាង​មុខ។


ក្រៅ​ពី​រដ្ឋាភិបាល​កម្ពុជា-ថៃ ពិភាក្សា​គ្នា​លើ​ការ​បើក​ច្រក​ព្រំដែន​នោះ រដ្ឋាភិបាល​កម្ពុជា-ថៃ ក៏​បាន​ព្រមព្រៀង​គ្នា​បង្កើត​ឲ្យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ពីរ​កន្លែង គឺ​មួយ​កន្លែង​នៅ​ខេត្ត​បន្ទាយមានជ័យ ដែល​ជាប់​នឹង​ខេត្ត​ស្រះកែវ របស់​ថៃ និង​មួយ​កន្លែង​ទៀត​នៅ​ខេត្ត​កោះកុង ដែល​ជាប់​នឹង​ខេត្ត​ត្រាត របស់​ថៃ។ បន្ថែម​ពី​លើ​ការ​ជជែក​រឿង​ច្រក​ព្រំដែន​អន្តរជាតិ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ កម្ពុជា-ថៃ ក៏​បង្កើន​កិច្ច​សហការ​ជាមួយ​គ្នា​ក្នុង​ការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ឲ្យ​មាន​ប្រសិទ្ធភាព។


រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ថៃ លោក ថាណាសក្តិ ប៉ាកទីម៉ា ប៉ាកន បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ថា ប្រទេស​ថៃ ក៏​បាន​យល់​ព្រម​ប្រគល់​វត្ថុ​បុរាណ​ចំនួន ១៦​ដុំ​ថែម​ទៀត ដែល​ជា​របស់​ខ្មែរ មក​ឲ្យ​ខ្មែរ​វិញ​នៅ​ពេល​ខាង​មុខ​ឆាប់ៗ។ ចំណែក​រឿង​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ខុស​ច្បាប់​នោះ ប្រទេស​ថៃ សន្យា​ថា​នឹង​ដាក់​បម្រាម​ទៅ​លើ​កង​កម្លាំង​ប្រដាប់​អាវុធ មិន​ឲ្យ​មាន​ការ​បាញ់​ប្រហារ​ទៀត​ទេ ប្រសិន​បើ​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​កាប់​ឈើ ឬ​ក៏​ធ្វើ​ខុស​អ្វី​ផ្សេង​ទៀត ត្រូវ​ចាប់​ខ្លួន​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់៕


2


ដោយៈ ករុណា


រៀបចំដោយៈ សុខុម


By: khmeronlinenews.com


http://ift.tt/17XUMNH
កម្ពុជា-ថៃ​ព្រមព្រៀង ​បង្កើត​ច្រក​ព្រំដែន ​អន្តរជាតិ​៤​និង​តំបន់​ សេដ្ឋកិច្ច​ពិសេស​២​បន្ថែម កម្ពុជា-ថៃ​ព្រមព្រៀង ​បង្កើត​ច្រក​ព្រំដែន ​អន្តរជាតិ​៤​និង​តំបន់​ សេដ្ឋកិច្ច​ពិសេស​២​បន្ថែម Reviewed by yim PH on 7:54 AM Rating: 5

Entertainment

ads
Powered by Blogger.