ឧកញ៉ា គឹត ម៉េង បើទោះជាមានមុខរបរធំៗរាប់ភ្លេចនៅក្នុងកម្ពុជា តែនៅតែមានចំណែករួមដៃរំលាយព្រៃឈើនៅស្រុកខែ្មរ យ៉ាងរង្គាលគួរឲ្យសោកស្តាយ
ខេត្ដក្រចេះ ៖ រថយន្ដយីឌុប១គ្រឿងដឹកឈើប្រណីតពេញប្រៀបចេញពីខេត្តស្ទឹងត្រែង ត្រូវបានបែកការ ខណៈគេឃើញរថយន្តនោះ ផ្ទុកឈើលើស ទម្ងន់រាប់សិបតោន បានជួបឧប្បត្តិហេតុ រកកលនឹងក្រឡាប់ហើបកង់ផ្នែកខាងមុខ ដែលរថយន្ដយក្សដឹកឈើ មួយគ្រឿងនេះ ផ្ទុកឈើប្រណីតមិនក្រោមពី៤០ម៉ែត្រគុបទម្ងន់ស្ទើរតែផុងថ្នល់ ហើយបើកកាច់កួរលើផ្លូវកោងក្នុងល្បឿនលឿន នៅតំបន់ភ្នំព្រេច ស្ថិតក្នុងភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្ដក្រចេះ តាមបណ្ដោយផ្លូវ ចូលក្រុមហ៊ុនវាយថ្មម៉ាប កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានទៅចោមរោមមើលតាំងពីព្រឹករហូតដល់ល្ងាច តែសមត្ថកិច្ចជំនាញព្រៃឈើមកអើតមើលមួយភ្លែតតែគ្រាន់តែទូរស័ព្ទរោទ៍គេចខ្លួនចេញពីទីនោះអស់មិនដឹងជាមូលហេតុអ្វី!។
ប្រភពបានរាយការណ៍ដោយដាក់ការសង្ស័យថា រថយន្តយក្សដឹកឈើប្រណីតជួបឧប្បត្តិហេតុនេះ ជា របស់ លោក ឧកញ៉ា គឹត ម៉េង ដែលជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ជាប្រធានសភា ពាណិជ្ជកម្ម និងជាម្ចាស់ទូរទស្សន៍ (CTN, CNC និង My TV) ។ល។ និង។ល។ ដោយហេតុថាក្រោយពីរថយន្តនោះជួបឧប្បត្តិហេតុមកទល់នឹងម៉ោង ៤ល្ងាចថ្ងៃទី១៣ ខែមករា គេបានត្រឹមតែឃើញអ្នកសារព័ត៌ មាន ប្រចាំខេត្តក្រចេះ ត្បូងឃ្មុំ បានទៅចោមរោមមើល ហើយមានការខ្សឹបខ្សៀវថាឡានដឹកឈើនោះជា របស់លោក ឧកញ៉ា គឹត ម៉េង ហើយជាមួយគ្នានោះ មានភ្នាក់ងារទូរទស្សន៍ CNC និង ភ្នាក់ងារទូរទស្សន៍ប៉ុស្តិ៍លេខ៣ ប្រចាំខេត្តស្ទឹងត្រែង និងខេត្តត្បូងឃ្មុំ ជាមួយបុរសអ្នករត់ការក្បាលឡានម្នាក់ឈ្មោះ ភាព បានប្រើប្រាស់របស់អ្វីម្យ៉ាងនោះគ្របព័ត៌មានមួយនេះបានយ៉ាងជិតឈឹង។
ដោយឡែក ក្នុងហេតុការណ៍នោះ គេឃើញមន្ត្រីផ្នែករដ្ឋបាលព្រៃឈើឆ្លូង-ស្នួល លោក ទូច ប៊ុនលី និងលោក ស្រូយ ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយជ្រះ បានចុះទៅមើល រថយន្តដឹកឈើប្រណីតនោះ តែមួយភ្លែតហើយក៏ចាកចេញពីទីនោះទៅ ទំនងមកបង្គ្រប់កិច្ច ។ ដោយឡែកប្រភពមួយបានកត់សម្គាល់ថា ទាំងឈើទាំងរថយន្តនោះមានទម្ងន់លើសពី៥០តោន ដែលអាចបំផ្លាញផ្លូវ និងស្ពានយ៉ាងធ្ងន់ធរ។ បើតាមច្បាប់អនុញ្ញាតដឹកជញ្ជូនឲ្យផ្ទុកតែ១៨ម៉ែត្រគុប (ប្រហែលទម្ងន់១៨តោនតែប៉ណ្ណោះ) បូកនឹងសំបករថយន្ត១៨តោនទៀតសរុប ៣៦តោន។ ប៉ុន្តែរថយន្តនោះបានបន្លំដឹកឈើលើសពី៤០ម៉ែត្រគុបឡើយ ដែលលើស ច្បាប់អនុញ្ញាត (PC) យ៉ាងសម្បើម ម្យ៉ាងទៀតគេពិនិត្យឃើញឈើនោះជាឈើលេខ១ប្រភេទសុក្រំ ប៉ុន្តែនៅស្រទាប់ខាងក្រោមគេមិនដឹងថាសុទ្ធតែប្រភេទឈើសុក្រំដែរឬយ៉ាងណានោះទេ ដោយសារសមត្ថកិច្ចមិនហ៊ានធ្វើការឆែកឆេរទំនងញាក់សាច់នឹងឥទ្ធិពល លោក ឧកញ៉ា គឹត ម៉េង ។
សូមរំលឹកថា ក្រសួងកសិកម្ម កាលពីខែមីនា ឆ្នាំ២០១៣ បានអនុញ្ញាតឲ្យក្រុមហ៊ុន អាំង អែន អាសូស៊ីអេត ឡយ័រ Ang & Associates Lawyer Ltd ដែលជាក្រុមហ៊ុនសាខាមួយ របស់ក្រុមហ៊ុន Royal Group របស់លោកឧកញ៉ា គិត ម៉េង ដែលជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ដែរនោះ ធ្វើការកាប់ប្រមូលផលអនុផលព្រៃឈើក្នុងតំបន់អាងស្តុកទឹកទំហំ ៣ម៉ឺន ៦ពាន់ហិកតា ក៏ប៉ុន្តែក្រុមហ៊ុននេះបានផ្ទេរសិទ្ធិទៅឲ្យក្រុមហ៊ុនម៉ៅការរបស់ លោកឧកញ៉ា លឹម ប៊ុណ្ណា ជាអ្នកអនុវត្តជាក់ស្តែងដែលត្រូវបានចោទប្រកាន់ជាដដែលៗថាបានកាប់ឈើនៅក្រៅតំបន់សម្បទានរបស់ខ្លួន។ តែគេក៏ឆ្ងល់ថា លោក ឧកញ៉ា គឹត ម៉េង បើទោះជាមានមុខរបរធំៗរាប់ភ្លេចនៅក្នុងកម្ពុជា តែនៅតែមានចំណែករួមដៃរំលាយព្រៃឈើនៅស្រុកខែ្មរ យ៉ាងរង្គាលគួរឲ្យសោកស្តាយ៕ ដោយ ផ្កាច័ន្ទ