កូនអកត្តញ្ញូស្រវឹងខួប វាយ និងអូសម្តាយរហូតរបូតសារុងទាញឡើងលើផ្លូវជាតិឲ្យឡានបុក ត្រូវតុលាការខេត្តឃុំខ្លួនក្នុងពន្ធនាគារ
ខេត្តកំពង់ឆ្នាំង៖ កូនប្រុសអកត្តញ្ញូស្រវឹងខួប ដែលបានវាយធ្វើបាបម្តាយរហូតរបូតសារុង ហើយអូសទាញឡើងលើផ្លូវជាតិបម្រុងអោយឡានបុកសម្លាប់នៅលើផ្លូវជាតិមុខផ្ទះ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥នោះ ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចឃុំខ្លួនហើយនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥នេះ ។
សមត្ថកិច្ចអោយដឹងថា៖ កូនប្រុសអកត្តញ្ញូរូបនោះមានឈ្មោះ ផា សុភា អាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្ងៀរ ត្រូវបានសមត្ថកិច្ចព្រួតគ្នាចាប់ខ្លួ បាននខណៈ ដែលបានវាយធ្វើបាប ម្តាយចំណាស់ឲ្យរបូតសារុង ទាញឡើងលើផ្លូវជាតិអោយឡានបុកសម្លាប់កាលពីវេលាម៉ាង៦ និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥ នៅមុខផ្ទះ មានម្តាយវ័យចំណាស់ឈ្មោះសែន អៀច អាយុ៧២ឆ្នាំ និងឪពុកឈ្មោះចិន ភិ អាយុ៧៧ឆ្នាំ គ្រួសារនេះមានកូន៣នាក់កូនស្រវឹងខួបតែងតែធ្វើបាប ឪពុកម្តាយនោះ ជាកូនទី២ ក្នុងចំណោមកូន៣នាក់។ ចំពោះករណីធ្វើបាបឪពុកម្តាយនេះសមត្ថកិច្ចធ្លាប់បាន ធ្វើការអប់រំ ណែនាំ និងបានធ្វើកិច្ចសន្យាជាច្រើនលើកមកហើយតែគេមិនរាងចាលឡើយ។
ក្នុងពេលកើតហេតុប្រជាពលរដ្ឋរស់នៅក្បែរខាងបានរាយការណ៍អោយ សមត្ថកិច្ចពេលនោះកម្លាំង នគរបាលប៉ុស្តិ៍ និងកម្លាំងនគរបាលស្រុករលាប្អៀរបានទៅដល់កន្លែងកើតហេតុ បានឃើញជនប្រមឹក ជាកូនកំពុងចាប់កាច់ដៃម្តាយពេលនោះសមត្ថកិច្ចមានគ្នា៤នាក់ព្រួតគ្នាចាប់ជនរូបនោះស្ទើរមិនចង់ឈ្នះទេ ហើយបានបញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការសាកសួរ តែគេបែរជាស្រែកយំដូចគោ អោយម្តាយជួយផងទៅវិញ។ ចំណែកឪពុកម្តាយគេ ក៏បានសម្រេចចិត្តដាក់ពាក្យប្តឹង ដោយមិនយោគយល់ទៀតឡើយ ព្រោះតែរយៈពេល៤ឆ្នាំមកហើយដែលកូនរូបនោះបានធ្វើបានពួកគាត់គ្មានលស់ថ្ងៃឡើយ ហើយកាន់តែធ្ងន់ធ្ងរ និងសាហាវពីមួយថ្ងៃទៅមួយថ្ងៃ។
ស្ត្រីចំណាស់ជាម្តាយ បាននិយាយទាំងក្តីឈឺចាប់ថា៖ កូននេះបានធ្វើបាបគាត់រយៈ ពេល៤ឆ្នាំមកហើយ គាត់ទ្រាំមករហូត តែពេលនេះគាត់ទ្រាំមិនបានទៀតទេ ព្រោះកូនគាត់បានចាប់រុញ គាត់បញ្ចូលឡាន ប្រុងសម្លាប់គាត់បើទោះជាគាត់របូតសារុងគាត់ប្រាប់កូនថា៖“ម៉ែរបូតសារុងហើយវាថារបូតអីរបូតទៅ”ពេល នោះបានឈ្មោះមុំជាកូនប្រសារ បានស្ទុះមកជួយស្លៀកសារុងអោយទាំងដៃគាត់ទាំង២ត្រូវកូន ស្រវឹង ខួបនោះចាប់កាច់ជាប់និងបានវាយប្អូនស្រីខ្លួនម្នាក់អោយរបួសហើមមុខទៀតផងពេលនាងចូលមកជួយម្តាយ។
នៅរាល់យប់ម៉ោង១០ទៅម៉ោង១១ ពេលត្រឡប់មកពីដើរផឹកវិញបាន ស្រែក សម្លុតអោយគាត់ ងើបពីដេកដួសបាយអោយវាស៊ី ម្ហូបមានត្រឹមត្រីប្រឡាក់ត្រីអាំង ឬសម្លកកូរវាមិនស៊ីទេវាជះ បាយម្ហូបចោល។វាតែងលួចកើបស្រូវយកទៅលក់ផឹកទៀត។ ថ្ងៃមុននោះ វាប្រើអោយគាត់ជាម្តាយ ទៅទិញស្រាអោយវាមួយលីត្រ និងសាច់ក្លែម៣ពាន់រៀលពេលមិនទៅ វាដុតជន្លុងចំបើងឆេះ បានគេជួយពន្លត់ទាន់ទើបគាត់ក៏ព្រមទៅទិញស្រាអោយវាទៅ។ រាល់ថ្ងៃវាទារលុយ ចាយពី៥ពាន់ទៅ១ម៉ឺនរៀល ទារខោអាវ ស្បែកជើងថ្មីទៀត បើទោះជាគាត់ចាស់ជរាទៅហើយវាមិនដែលខ្វល់ទេ វាកាន់តែធ្វើបាបគ្មានដឹងគុណអ្វីទាំងអស់។
មន្ត្រីនគរបាលព្រហ្មទ័ណ្ឌកម្រឹតស្រាលខេត្តបាននិយាយថា៖ កូនប្រុសអកត្តញ្ញូរូបនោះពេលបញ្ជូន មកដល់ស្នងការដ្ឋានបានស្រែកទ្រហោយំដូចគោ យប់ម៉ិញនេះ( ថ្ងៃទី៧មករា ) វាស្រែកហៅទេវតាអោយជួយវា និងវ៉ៃបែកខ្ទេចអស់អំពូលភ្លើងក្នុងបន្ទប់ឃុំខ្លួន បើតាមការបញ្ជាក់ពីសមត្ថកិច្ចថាវាក៏ជាអ្នកញៀនថ្នាំផងដែរ មិនមែនញៀនតែស្រានោះទេ តែឪពុកម្តាយគាត់មិនបានដឹងរឿងនោះទេ ។ យប់ម៉ិញនេះអ្នកយាមគ្មានបានដេកទេខ្លាចតែវាសម្លាប់ខ្លួន ហើយនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥នេះ តុលាការខេត្តបានសម្រេចឃុំខ្លួនរួចហើយ ដើម្បីរង់ចាំសវនាកាពេលខាងមុខ៕ ដោយ រិទ្ធិ ជ័យ