ស្ត្រីម៉ាស្សាម្នាក់ ប្តី និងបងថ្លៃនៅខេត្តព្រះសីហនុ ដោយសារជម្លោះពាក្យសំដី ត្រូវបានក្រុមជើងខ្លាំងអាងខ្សែអំណាចទៅពីភ្នំពេញជេរប្រមាថ យកកែវស្រាគប់រយះក្បាលដេកពេទ្យ
ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន៤នាក់បានរងរបួសធ្ងន់ និង ស្រាលក្នុងហេតុការណ៍បើកឆាកប្រយុទ្ធស៊ីសាច់ហុតឈាមគ្នា នៅក្នុងហាងមួយកន្លែងស្ថិតតាមបណ្តោយឆ្នេរអូឈើទាល ដោយសារតែទំនាស់ពាក្យសំដី រវាងអ្នកម៉ាស្សា តាមឆ្នេរសមុទ្រ និងភ្ញៀវទេសចរណ៍មកពីភ្នំពេញ។ ហេតុការណ៍ដ៏គួរអោយភ្ញាក់ផ្អើលនេះបានកើត ឡើងនៅ ក្នុងហាងយីហោ អ៊ីម៉ាយដ្រីម តាមបណ្តោយឆ្នេរអូឈើទាល ស្ថិតក្នុងក្រុមទី១៧ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
យោងតាមប្រភពសមត្ថកិច្ចប៉ូលិស នៃអធិការក្រុងព្រះសីហនុ បានអោយដឹងថា ដោយសារតែទំនាស់ពាក្យសំដីរវាងស្ត្រីអ្នកម៉ាស្សាតាមមាត់សមុទ្រ និង ក្រុមអ្នកផឹកស៊ីស្រវឹងជោគជាំជាភ្ញៀវមកពីភ្នំពេញ ដោយសពាក្យតែជម្លោះពាក្យសំដីក្លាយជាការប្រយុទ្ធវាយតប់បង្ហូរឈាមគ្នាយ៉ាងហិង្សា បង្កឲ្យមានរបួសស្នាម ដែលបណ្តាលភាគីអ្នកម៉ាស្សារបួសធ្ងន់២នាក់បញ្ជូនទៅសង្គ្រោះនៅគ្លីនិចឯកជនសេតេ។ ចំណែកភាគីម្ខាងទៀតរងរបួសស្រាល២នាក់ក្នុងចំណោមមនុស្ស៤នាក់។
ប្រភពដ៏ដែលបានបន្តថា៖ មូលហេតុដែលឈានដល់ផ្ទុះហិង្សាបង្ករបួសស្នាមនោះ គឺដោយសារស្ត្រីអ្នកម៉ាស្សា ឈ្មោះទីម ស្រី ណែត អាយុ២៣ឆ្នាំ បានទាស់សំដីគ្នាជាមួយឈ្មោះ មាស ចាន់ឌឿន ភេទប្រុស និងប្រពន្ធឈ្មោះ ស៊ីម សុធាវី អាយុ២៤ឆ្នាំ ជាភ្ញៀវមកពីភ្នំពេញ ផ្តើមចេញពីរឿងតម្លៃម៉ាស្សា រហូតឈានដល់ជេប្រមាថឲ្យស្ត្រីម៉ាស្សា បន្ទាប់មកឈ្មោះ ទីម ស្រី ណែត (ស្ត្រីម៉ាស្សា) ទូរស័ព្ទប្រាប់ប្តីឈ្មោះ ចាន់ ឡឹង អាយុ២០ឆ្នាំ (រងរបួសធ្ងន់ ត្រូវក្បាល និងភ្នែកខាងស្តាំ) និងឈ្មោះ ចាន់ ធឿន អាយុ៣២ឆ្នាំជាបងថ្លៃ(បែកក្បាលផ្នែកខាងក្រោយ)មកអោយមកជួយរកខុសត្រូវផង។
នៅពេលឈ្មោះ ចាន់ ឡឹង និងឈ្មោះ ចាន់ធឿន បានមកដល់កន្លែងកើតហេតុ នៅពេលនោះភាគីម្ខាងទៀតស្មានថា អ្នកទាំងពីរមករករឿងពួកខ្លួន ឈ្មោះចាន់ សីហា (រងរបួសស្រាល) និងឈ្មោះមាស សម្បត្តិ (រងរបួសស្រាល) ជាអ្នកភ្នំពេញបានទាញកែវកប់មកលើចាន់ ឡឹង និង ចាន់ ធឿន ទើបកើតជារឿង ប្រវាយប្រតប់គ្នាផ្អើលអ្នកទេសចរណ៍ដែលកំពុងងូត ទឹកសមុទ្រលេង។ ទីបំផុតភាគីម្ខាងដេកពេទ្យនិងភាគីម្ខាងទៀតត្រូវឃាត់ខ្លួននៅអធិការនគរបាលក្រុងព្រះសីហនុដើម្បីសួរចម្លើយ។
ជុំវិញបញ្ហានោះយោងតាមការបញ្ជាក់ពីស្ត្រី ទីម ស្រី ណែត (ស្ត្រីម៉ាស្សា) បានអះអាងថា៖ តំបូងរូបគាត់ទាស់សំដីជាមួយឈ្មោះ មាស ចាន់ឌឿន ភេទប្រុស និងប្រពន្ធឈ្មោះ ស៊ីម សុធាវី រឿងតម្លៃម៉ាស្សាអោយជនបរទេស ដោយ ជេប្រមាថមើលងាយរូបគាត់ នឹងគប់កែវស្រាមកលើគាត់ទៀតតែមិនត្រូវ។ នៅពេលនោះស្ត្រី ទីម ស្រី ណែត ក៏បានទូរស័ព្ទប្រាប់ប្តីអោយមកជួយរកខុសត្រូវផង តែនៅពេលប្តី និងបងថ្លៃមកដល់ សួរនាំរឿងគប់កែវស្រា ស្រាប់តែភាគីម្ខាងទៀតដែលកំពុងអង្គុយផឹកបានទាញយកកែវស្រាព្រួតគ្នាស្ទុះមកវ៉ៃប្តីនិងបងថ្លៃតែម្តង បណ្តាលអោយរងរបួសធ្ងន់ទាំងពីរនាក់។ ដោយឡែកភាគីម្ខាងទៀតឈ្មោះ ស៊ីម សុធាវី និង មាស ចាន់ឌឿន បានអះអាងថា៖ មូលហេតុដែលពួកគេវាយទៅលើភាគីម្ខាងទៀតនោះដោយសារស្ត្រីម៉ាស្សា បានអោយអ្នកទាំងពីរនោះមកវាយពួកខ្លួនមុនទើបពួកខ្លួនវាយតបតវិញ រហូតមានរបួសដូចគ្នា។
ទាក់ទិនទៅនឹងរឿងរ៉ាវវាយតប់គ្នាដែលមិនបានឆ្លុះបញ្ចាំងសេចក្តីថ្លៃថ្នូរនោះ អ្នកបានឃើញហេតុការណ៍បាននិយាយថា៖ ការផ្ទុះជម្លោះនោះគឺ ដោយសារតែភាគីអ្នកភ្នំពេញសុទ្ធតែស្រវឹងស្រាងឹលជោគជាំ ហើយប្រើពាក្យអសុរោះ មើលងាយ ជេរដៀលយត្មេះស្ត្រីម៉ាស្សា មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានគប់កែវគំរាមស្ត្រីម៉ាស្សា ហាក់បង្ហាញពីការមើលងាយមើលថោកដល់ស្ត្រីជាអ្នកក្រីក្រ ហើយនៅពេលប្តីនិងបងថ្លៃស្ត្រីម៉ាស្សាមកសួរនាំក៏វាយទាំងអ្នកមកសួរថែមទៀត ដែលជាទង្វើមួយដ៏អាក្រក់បំផុត សំរាប់ជាតិខ្មែរដូចគ្នា អីក៏កោងកាចម្ល៉េះ។
ជុំវិញបញ្ហានេះដែរ យោងតាមការលួចខ្សឹបពីកូនមន្ត្រីប៉ូលិសបានប្រាប់ថា៖ មូលហេតុដែលក្រុមអ្នកភ្នំពេញគេហ៊ានវាយតប់ដោយសេរីនោះ ដោយសារតែក្រុមនោះអាងខ្នងអ្នកធំនៅភ្នំពេញ ខ្សែអង្គរក្សរបស់អ្នកធំណាស់ ព្រោះនៅពេលសមត្ថកិច្ចហៅមកសួរនាំគេបានឃើញលោកអធិការទទួលទូរស័ព្ទអន្តរាគមន៍ជាច្រើនខ្សែ ស្ទើរកពេលដកដង្ហើមមិនរួច។ ដូចនេះភាគីស្ត្រីម៉ាស្សាជាជនក្រីក្រតូចតាចមានសង្ឃឹមតិចតួចណាស់ទទួលបានការដោះស្រាយដោយតម្លាភាពតាមផ្លូវច្បាប់ បានយុត្តិធម៌នោះ ព្រោះវាហាក់ដូចជាកំពុងជួបរឿងស៊យធំព្រោះជនបង្កសុទ្ធតែជាខ្សែស្រឡាយអ្នកមានអំណាចធំៗនៅភ្នំពេញដែលគេអាចយកឥទ្ធិពល អំណាច និងទឹកលុយមកញិចគូជម្លោះដូចសត្វចៃជាក់ជាមិនខានហេតុនេះ។ ភ្លាមៗនោះ សូម្បីតែលោក អធិការបានគ្រវីក្បាលដូចគោស្រាំងទិចទៅហើយតើភាគីខាងស្ត្រីម៉ាស្សាបានត្រឹមតែគេជេរបញ្ចោដៀលត្មេះ និងត្រូវគេវាយឲ្យរយះក្បាលហូរឈាមលេងទេឬ?៕ ដោយ កោះរ៉ុង
ជនរងគ្រោះនៅខេត្តព្រះសីហនុ
ជនជាប់ចោទបង្ករបួសស្នាមទៅពីភ្នំពេញ