អ្នកចែកចាយគ្រឿងញៀនម្នាក់ និងប្រើប្រាស់១០នាក់ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត
ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងនគរបាលក្រុង ស្រុក បានបំបែកសំបុកចែកចាយ គ្រឿងញៀន និងប្រើប្រាសគ្រឿងញៀន រួមទាំងឃាត់ខ្លួនជនសង្ស័យចែកចាយគ្រឿងញៀនបានម្នាក់ និងប្រើប្រាស់១០នាក់ បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ ។ប្រតិបត្តិការណ៍បង្ក្រាបនេះ ដឹកនាំកម្លាំងផ្ទាល់លោក ធិន ស៊ីនដេត នាយការិយាល័យប្រឆាំងបទល្មើងគ្រឿងញៀន និងកម្លាំងក្រុងសេរីសោភ័ណជាច្រើនផងដែរ។
លោកធិន ស៊ីនដេត នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានថ្លែងថានៅព្រឹកថ្ងៃទិ០៦ ខែមករា ឆ្នាំ២០១៥នេះថា ករណីបង្ក្រាបនេះគឹមានការស្រាវជ្រាវរបស់កម្លាំងសម្ងាត់ និងពីពលរដ្ឋផងដែរ ។ លោកបានបន្តថា ប្រតិបត្តិការនេះកម្លាំងរបស់យើងបានបង្ក្រាបបាននៅចំណុច ខាងជើងផ្ទះសំណាក់ម្កុដ្ឋពេជ្រ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច កាលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ម្សិលមិញនេះស្ថិត ភូមិស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ ។
លោកបានបន្តថា សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន និងជាមុខសញ្ញាចាស់ ផងដែរ មានឈ្មោះ ទេព ប៉ូរ៉ា ភេទប្រុស អាយុ២៧ ឆ្នាំ រស់នៅភូមិស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំណែកជនប្រើប្រាស់គ្រឿងញៀនចំនួន១០ទៀត រស់នៅក្នុងនៅក្រុងសេរីសោភ័ណ ស្រុកមង្គលបូរី និងស្រុកស្វាយចេក ។
លោកបានបន្តថា ក្នុងនោះសមត្ថកិច្ចយើងបានដកហូតបាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ទឹកក ចំនួន៤ថង់តូច ស្មើនិង ៤,១ ក្រាម គ្រឿងញៀនមេតំហ្វេតាមីន យ៉ាមា ១គ្រាប់ និងទូរស័ព្ទដៃចំនួន៦គ្រឿង ដែកកេះចំនួន១០ ដបប្រើប្រាស់ចំនួន៣ កាបូប ៣ កន្ត្រៃ១ និងថងសំរាប់វិចខ្ចប់មួយចំនួនផងដែរ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសាងសំណំរឿងជនសង្ស័យខាងលើ និងវត្ថុតាងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ ដោយយីហាំង