ជនមិនស្គាល់មុខ បាចនិងបិទខិតប័ណ្ណនៅទូទាំងក្រុងព្រះសីហនុ បង្កការភ្ញាក់ផ្អើល ដោយចោទ លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកចំការចេក ថាកំពុងប្រព្រឹត្តអំពើពុករលួយ
ក្រុងព្រះសីហនុ ៖ មានការភ្ញាក់ផ្អើលមួយទាំងព្រឹកនៅថ្ងៃទី០៩ មករា ២០១៥ នេះ ខណៈដែលមានជនមិនស្គាល់មុខបានបាច និងបិទខិតប័ណ្ណគ្រប់ទីកន្លែងនៅទូទាំងក្រុងព្រះសីហនុ ដែលក្នុងខិតនោះគឺចង់និយាយពីការមិនពេញចិត្តលើប្រធានមន្ទីរពេទ្យ បង្អែក «ចំការចេក» ម្នាក់ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ដែលតែងតែធ្វើការដោយអត្តនោម័តតាមតែទំនើងចិត្តខ្លួនឯង ។
បើតាមខ្លឹមសារខិតប័ណ្ណដែលបានការបាចផ្សាយទម្លាយបញ្ហានោះ គឺក្នុងគោលបំណងទាមទារឲ្យខាងក្រសួងសុខាភិបាល និងក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយចុះមកត្រួតពិនិត្យពីភាពមិនប្រក្រតីនៃការគ្រប់គ្រងនៅក្នុង មន្ទីរបង្អែកខាងលើនោះឡើងវិញ ដោយបានអះអាងថា នៅក្នុងមន្ទីរពេទ្យបានអនុវត្តការងារក្នុងភាពអត្តនោម័តរបស់ប្រធាន, ប្រកាន់បក្ខពួកនិយម និងកិច្ចការដេញថ្លៃអ្វីផ្សេងៗ ដូចជា កុងទីន កន្លែងផ្ញើម៉ូតូ គឺគេសម្រេចដោយខ្លួនឯងមិនធ្វើឡើងក្នុងភាពជាអង្គភាពដែលមានការទទួលខុសត្រូវត្រឹមត្រូវតាមច្បាប់នោះទេដែលមន្ត្រីពាក់ព័ន្ធមិនបានដឹងខ្យល់អ្វីទាំងអស់។
ក្នុងខិតប័ណ្ឌនោះបានបញ្ជាក់ទៀតថាកាលពីជំនាន់ប្រធានមន្ទីរពេទ្យមុន លោក ចាន់ វិបុល បានរកចំណូលពីកង់ទីនក្នុង១ខែៗ២លាន់រៀល ហើយរហូតមកដល់ បច្ចុប្បន្ននេះលោកសេង ណុង គាត់គ្រប់គ្រងមន្ទីរពេទ្យមានរយៈពេល២២ខែហើយ។ កាប់ដើមឈើធំក្នុងបរិវេណមន្ទីរពេទ្យចំនួន១៣ដើម (ដើមគីនីនដែលដើមនិមួយៗមានមុខកាត់០.8m រហូតដល់ 2.5m យកទៅធ្វើជាទ្រព្យសម្បត្តិផ្ទាល់នឹងបក្ខពួកតែប៉ុណ្ណោះ។
ការទិញឪសថសំរាប់ផ្គត់ផ្គង់បន្ថែមក្នុងមន្ទីរពេទ្យដោយប្រើលុយ ហិរញ្ញប្បទាន មានតំលៃខ្ពស់ លើសច្រើនជាងតំលៃទីផ្សារ ការទិញឪសថ គឺមិនត្រឹមត្រូវតាមបច្ចេកទេស នៃមគ្គុទេស ហិរញ្ញប្បទានសុខាភិបាលឡើយ។ អ្នកផ្គត់ផ្គង់ឪសថ សម្ភារៈបរិក្ខាពេទ្យ និង ម្ហូបអាហារ បុគ្គលិកប្រចាំជាមនុស្សតែម្នាក់ដែលជាបក្សពួករបស់ខ្លួនចាត់តាំងបុគ្គលិកទៅរៀនបន្ថែម ឬទៅសិក្ខាសាលាមិនត្រឹមត្រូវតាមជំនាញ។ ក្រៅពីបញ្ហាខាងលើនេះ នៅមានរឿងរ៉ាវជាច្រើនទៀតដែលលោក សេង ណុង ប្រព្រឹត្តផ្ទុយទៅនឹងអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតម្រូវអោយមន្ត្រីទាំងអស់ ត្រូវចេះ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាលខ្លួនក្នុងអាណិត្តថ្មីនេះ។
ក្នុងលិខិតនោះជាការលើកឡើង របស់ពួក មន្ត្រីតូចតាច នៃមន្ទីរពេទ្យបង្អែកចំការ សូមស្នើ សុំយ៉ាងទទួច ដល់ក្រសួងសាមី សាលាខេត្តព្រះសីហនុ ជាពិសេសអង្គភាពប្រឆាំងអំ ពើពុក រលួយ សូមមេត្តា ជួយលប់បំបាត់អំពើពុករលួយ ដែលប្រព្រឹត្តឡើងដោយ លោកសេង ណុង ហើយអំពើនោះបានធ្វើឲ្យមានការបែកបាក់សាមគ្គី នៅក្នុងមន្ទីរពេទ្យបង្អែកចំការចេក។ ក្រុមមន្ត្រីតូចតាចដែលជាម្ចាស់លិខិតនោះបានព្រមានថា ប្រសិនបើនៅតែពុំមានការដោះ ស្រាយអោយមានតម្លាភាពនោះទេ ពួកយើងខ្ញុំនឹងធ្វើកូទកម្មទាមទា ដរាបណាភាពយុត្តិធម៌ កើតមានមកលើពួកយើងខ្ញុំទើបពួកយើងខ្ញុំឈប់ធ្វើការតវ៉ា។
ដោយឡែក លោក សេង ណុង បានឲ្យដឹងនៅព្រឹកថ្ងៃទី០៩នេះថា ចំពោះការបិទលិខិត វាយប្រហារមកលើលោក ថាបានប្រព្រឹត្តអំពើពុករលួយនេះ លោកនៅពុំទាន់បានដឹងនៅឡើយទេ ប៉ុន្តែសំរាប់លោកហាក់ពុំបានធ្វើអ្វីខុសទៅនឹងច្បាប់នោះទេ ។ ទាក់ទិនទៅនឹងខិតប័ណ្ណនេះដែរ មតិមួយចំនួនបាន ធ្វើការរិះគន់ផង លើកសសើរផងទៅលើស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុថា លោក ស្រី លឹម សាមាន ជាអ្នកដឹកនាំ ស្ត្រីម្នាក់ដែលមានចំណេះដឹងជ្រៅជ្រះ មានសាវតាល្អ មិនគួរណាដោយសារមិត្តភាពរវាងលោកស្រី និង លោក សេង ណុង បានបង្កអោយបុគ្គលិកមន្ទីរពេទ្យបែកបាក់ សាមគ្គីផ្ទៃក្នុងយ៉ាងនេះនោះទេ។
គេកត់សម្គាល់ឃើញថា មន្ទីរពេទ្យបង្អែកនេះ ត្រូវបែងចែកជា២បក្ស មើលមុខគ្នាមិនត្រង់ឡើយ ដែលផ្ទុយពីជំនាន់លោក ឃឹម សារុន ប្រធានមន្ទីរចាស់នៅគ្រប់គ្រង។ ឯ មតិខ្លះទៀតបាននិយាយចំៗថា មូលហេតុដែលលោកសេងណុង ហ៊ាន ធ្វើព្យុះធ្វើភ្លៀងនេះក៏ដោយសារតែ មានការអោយដៃពីលោកស្រី លឺម សាមាន ដូចនេះលោក ស្រី លឹម សាមាន និង លោក សេង ណុង គឺផ្សំគំនិតគ្នា គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនខ្វល់អំពីផលប្រយោជន៍រួម ដោយអាងអំណាចខ្សែ ខ្នងបង្អែក មន្ត្រីថ្នាក់ធំៗនៅទីក្រុងភ្នំពេញ ថ្នាក់ឧបនាយករដ្ឋមន្ត្រី៕ ដោយ កោះរ៉ុង