លោក លី ស៊ីណា ថៅកែសណ្ឋាគារផ្កាយ៥ អង្គរអេរ៉ា (ANGKOR ERA) រកស៊ីប្រមូលទិញចូលលក់ចេញឈើប្រណីតខុសច្បាប់ ក្រោមលេសយកមកសាងសង់សណ្ឋាគារ
ខេត្តសៀមរាប ៖ មានសេចក្តីរាយការណ៍ថា មានឈើប្រណីតរាប់ពាន់ម៉ែត្រគីប ប្រភេទ ធ្នង់ នាងនួន បេង រហូតមានដល់ឈើគ្រញូង កំពុងស្តុកទុកផ្នែកខាងក្នុងបរិវេណសណ្ឋាគារអេរ៉ា យ៉ាងច្រើនសន្ធឹកសន្ធាប់។ ហើយក្នុងមួយថ្ងៃៗ មានរថយន្តដឹកឈើប្រណីតគ្រប់ប្រភេទ សាំយ៉ុង នីសាន់ និងកូរ៉េមួយតោនកន្លះ ដឹកចូលដូចទីនោះមកពីតំបន់ផ្សេងៗដែលសុទ្ធសឹងជាឈើគ្មានច្បាប់ ។ សណ្ឋាគារអេរ៉ា (ANGKOR ERA) មានទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
តាមប្រភពព័ត៌មានមួយបានឲ្យដឹងថា លោក ស៊ីណា ម្ចាស់សណ្ឋាគារអេរ៉ា (ANGKOR ERA) ដោយសំអាងលើមុខមាត់ឥទ្ធពល ទ្រព្យសម្បត្តិ និងមានមន្ត្រីសមត្ថកិច្ចគ្រប់ជំនាញ គ្រប់ជាន់ថ្នាក់មានទាំងជំនាញរដ្ឋបាលព្រៃឈើសៀមរាប សុទ្ធសឹងតែទទួលបានលាភសក្ការៈសើមមាត់គ្រប់គ្នា ហើយបានក្លាយជាខ្នងបង្អែកខ្នងបង្អែកជួយបិទបាំងសកម្មភាពប្រមូលទិញឈើខុសច្បាប់នោះ បានធ្វើឲ្យម្ចាស់សណ្ឋាគារនោះអាច ប្រមូលទិញឈើគ្រប់ប្រភេទបានតាមអំពើចិត្តសម្រាប់លក់ចែកចាយបន្តនាំចេញទៅកាន់ទីផ្សារងងឹត រាប់សិបឆ្នាំមកហើយ ហើយជំនួញឈើល្មើសច្បាប់ដ៏ធំសម្បើមនេះ គ្មានអ្នកណាមួយហ៊ានចេញមុខបង្ក្រាបឡើយ។
ក្នុងការរកស៊ីឈើ ជាមួយលោក លី ស៊ីណា មានសុវត្ថភាពណាស់ ព្រោះនៅពេលណា មានសមត្ថកិច្ចមកសួរនាំ ខាងសណ្ឋាគារគេថា ទិញឈើមានច្បាប់ ដើម្បីផ្គត់ផ្គង់សំណង់សណ្ឋាគារ តែការពិតគឺទិញសុទ្ធតែឈើអត់ច្បាប់ ដើម្បីលក់យកចំណេញបន្ត ។ ប្រភពបានបន្តទៀតថា ខាងសណ្ឋាគារ ដែលជាអ្នកកម្មង់ទិញ បានប្រាប់ថា បើលក់ឈើអោយគេកុំខ្លាចអី ព្រោះគេមានខ្សែស្រឡាយអ្នកធំ ថ្នាក់ឧបនាយករដ្ឋមន្ត្រី ហើយសូម្បីតែគាត់ ក៏មានងារជាឯកឧត្តមដែរ នៅភ្នំពេញក៏គេជាន់ផ្អៀងដែរ អ្នកណាមួយដែលគេ មិនស្គាល់ថៅកែខារ៉ាអូខេ ស៊ូល នៅម្តុំ T85 នោះ។
គេកត់សម្គាល់ឃើញថា ការហ៊ានរកស៊ីបើកចំហរយ៉ាងនេះ ហើយមិនមានសមត្ថកិច្ចណា ហ៊ានក្អកជាមួយគេទេ នោះគឺមកពីខ្លាចឥទ្ធិពល ខ្សែស្រឡាយអ្នកធំហ្នឹងឯង ជាពិសេសទៅទៀតនោះ គីមានប៉ូលិសថ្នាក់ឧត្តមសេនីយ៍ម្នាក់ ជិះរថយន្ត Lexus RX300 ពណ៌ស្លែ ប្រចាំខេត្តសៀមរាប ចាំកាងឲ្យទៀតផង ។ ជាមួយគ្នានោះគេឃើញសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មានតាំងពីខាងមេព្រៃ ប៉ូលីសសេដ្ឋកិច្ច ប៉េអឹមខេត្ត ប៉េអឹមផ្ទៃប្រទេស ដែលទាំងអស់នោះ សុទ្ធសឹងជាអ្នកទទួលបន្ទុក បង្ក្រាបបទល្មើស តែពុំមានអ្វីរំខានដល់ជំនួញឈើនោះឡើយ ព្រោះម្នាក់ទទួលបាន ខ្ទង់របបប្រចាំខែនិយាយលែងរួចទៅហើយ។
ជំនួញឈើ ក្រោមលេសទិញ យកមកប្រើប្រាស់ផ្នែកសំណង់សណ្ឋាគារមិនចេះចប់មិនចេះហើយនោះ បានធ្វើឲ្យប្រជាពលរដ្ឋអ្នកខេត្តសៀមរាប រិះគន់ មន្ត្រីរដ្ឋបាលព្រៃឈើខេត្ត ថា លោក ទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃ ឈើ ខណៈមិនបានបំពេញតួនាទីទប់ស្កាត់ជំនួញឈើខុសច្បាប់ដែលប្រព្រឹត្តឡើងដោយ ម្ចាស់សណ្ឋាគារអេរ៉ា (ANGKOR ERA) នោះសង្ស័យថាជារឿងស៊ុំគ្រលំរួមដៃដោយចាំទទួលផលប្រយោជន៍ ពីសកម្មភាពល្មើសមួយនោះ៕ ដោយ កញ្ញា សុភាព