ភ្លើងឆេះព្រៃ បានឆេះរាលដាលបំផ្លាញកូនឈើ ក្នុងស្ថានីយដាំកូនឈើ ម្សៅក្រដាស់ ហ៊ុន សែន មានកអស់ជាង ១ហិកតា
ខេត្តកំពង់ឆ្នាំង៖ កូនឈើនៅក្នុង “ស្ថានីយ៍ដាំកូនឈើម្សៅក្រដាស់ហ៊ុនសែនមា.នក ជាង១ហិកតាបានរងការខូចខាត ដោយសារភ្លើងឆេះព្រៃបានឆេះរាលដាលដែលការឆេះព្រៃនេះស្ថិតក្នុងភូមិ មា.នក កើត ឃុំមា.នក ស្រុកសាមគ្គីមានជ័យ។ ករណីនេះបានកើតឡើងវេលាម៉ោង២ និង៣០នាទី រសៀល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រោយពីមានអន្តរាគមន៍ពីសមត្ថកិច្ចនគរបាលមូលដ្ឋាន ប្រជាពលរដ្ឋ និងការ ចូលរួមរបស់រថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្ត ជាបន្តបន្ទាប់មកទើបអាចទប់ស្កាត់ភ្លើងព្រៃនេះបាន។
លោក ដួង ហុង អធិការនគរបាលស្រុកសាមគ្គីមានជ័យបាននិយាយអោយដឹងថា៖ មុនពេលកើត ហេតុមានភ្លើងឆេះចេញពីកញ្ច្រាំងស្រែនៅក្បែរស្ថានីយដាំកូនឈើម្សៅក្រដាស់ ហ៊ុនសែន មា.នក បន្ទាប់មកក៏បានរាលឆេះព្រៃ និងបានបន្តឆេះចូលដល់កូនឈើដែលគេដាំក្នុងស្ថានីយ៍តែម្តង ខណៈនោះ មន្ត្រីនគរបាលប៉ុស្តិ៍ និងនគរបាលស្រុក រួមជាមួយប្រជាពលរដ្ឋបាននាំគ្នាពន្លត់ប៉ុន្តែមិនអាចទប់ស្កាត់បាន ក៏បានហៅរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្តចំនួន២គ្រឿងទៅជួយបាញ់ទឹកពន្លត់ភ្លើងព្រៃ នោះអស់រយៈពេលជាង១ម៉ោងទើបគ្រប់គ្រងសភាពការណនោះបាន។
លោកអធិការបានបន្តអោយដឹងទៀតថា៖ នៅក្នុងករណីនេះកូនឈើក្នុងស្ថានីយជាង ១ហិកតាបានរង ការខូចខាត ប៉ុន្តែបើសិនគ្មានការអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្ត សមត្ថកិច្ច នគរបាលមូលដ្ឋាន និងប្រជាពលរដ្ឋទេនោះទំហំ នៃការខូចនឹងធំជាងនេះ ព្រោះស្ថានីយ ម្សៅក្រដាស់ នេះមានផ្ទៃដីរាប់រយហិកតា និងកូនឈើធ្វើក្រដាស់រាប់ម៉ឺនដើម។
លោកអធិការនគរបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំអស់ក្នុងស្រុកផងដែរថា សូមបងប្អូន ប្រជាពលរដ្ឋយើងប្រុងប្រយ័ត្នចំពោះភ្លើងឆេះព្រៃនេះ ព្រោះវាបង្កឡើងដោយសារតែមនុស្សដែលបោះ កន្ទុយបារីចោលទៅលើកញ្ច្រាំងស្រូវ ឬទៅលើស្មៅដែលងាប់ក្នុងនៅព្រៃ និងអ្នកដើរយកឃ្មុំ ដែលតែង តែទុកភ្លើងគុបចោល នេះគឺជាដើមហេតុអាចបណ្តាលអោយមានភ្លើងព្រៃដ៏កំណាចឆេះឡើងបាន៕ . ដោយ រិទ្ធ ជ័យ