Insurance

728x90

ចោរ៣នាក់បន្លំ លួចលុយ អាជីវករប្តូរប្រាក់ នៅឃុំស្វាយរលំ ត្រូវប្រជាពលរដ្ឋ ចាប់បានម្នាក់

ខេត្តកណ្តាល៖ ចោរ១ក្រុមមានគ្នា៣នាក់ជិះម៉ូតូ១គ្រឿងទៅធ្វើសកម្មភាពបន្លំចូលលួចលុយពីក្នុងកិតុរបស់អាជីវករប្តូរប្រាក់ និងទទួល ផ្ញើ-ដកប្រាក់សេវាកម្មវីង នៅភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោង១២ និង១០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ ត្រូវបានប្រជាពលរដ្ឋឡោមព័ទ្ធចាប់បានម្នាក់វាយរបួសយ៉ាងដំណំ ទើបប្រគល់ឲ្យសមត្ថកិច្ច នគរបាលស្រុកស្អាង ចាត់ការ តាមច្បាប់ ។

លោកវសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉េង ចំរ៉ុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរប្តូរលុយ និងទទួលផ្ញើ-ដកប្រាក់សេវាកម្មវីង មានទីលំនៅស្ថិតក្នុងភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ។ ចំណែកឯជនសង្ស័យដែលត្រូវបានចាប់ខ្លួនមានឈ្មោះ អ៊ូ វ៉ាន់ថន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។ បន្ទាប់ពីចាប់ខ្លួនជនសង្ស័យរូបនេះសមត្ថកិច្ចបានធ្វើការដកហូតម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BZ-2287 ដែលជាមធ្យោបាយជិះធ្វើសកម្មភាព ។ ដោយឡែកជនសង្ស័យ២នាក់ទៀតមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់រួមជាមួយលុយចំនួន៥០០០ដុល្លាសហរដ្ឋអាមេរិក នេះបើតាមការអះអាងរបស់ជនរងគ្រោះ ។

លោកអធិការបានបន្តថា នៅមុនពេលកើតហេតុជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់បានចុះពីម៉ូតូដើរចូលទៅទិញកាតទូរស័ព្ទ១សន្លឹកប្រព័ន្ធមិត្តហ្វូនមានតម្លៃ១០$ ។ ពេលម្ចាស់ផ្ទះរវល់លក់កាត បក្ខពួកវាម្នាក់ទៀតបន្លំខ្លួនចូលតាមក្រោយហើយប្រមូលលុយក្នុងកិតុដាក់ក្នុងថង់ខ្មៅ ។ បន្ទាប់ពីប្រមូលលុយដាក់ក្នុងថង់ហើយជនសង្ស័យបាននាំគ្នារត់មកជិះម៉ូតូ ដែលបក្ខពួកវាបញ្ឆេះរងចាំនៅផ្លូវ ។ ឃើញដូច្នេះជនរងគ្រោះជាម្ចាស់ផ្ទះបានស្រែកឆោឡោឡើងបង្ករឲ្យមានការភ្ញាក់ផ្អើលដល់កម្មករ-កម្មការីនីបម្រើការងារនៅក្នុងរោងចក្រក្បែរនោះ រត់ដេញតាមខ្លួនជនសង្ស័យទាំង៣នាក់ធ្វើឲ្យជនសង្ស័យមានការភ័យខ្លាចកាច់ចង្កូតមិនត្រង់ជ្រុលទៅបុក តូបលក់ប្រេងសាំងដួលនៅក្បែរចិញ្ចើមផ្លូវ ។

លោកអធិការបានបន្តថា ពេលម៉ូតូដួលទៅលើចិញ្ចើមផ្លូវនោះជនសង្ស័យ២នាក់ជិះពីក្រោយបានរត់គេចខ្លួនបាត់ជាមួយស្បោងលុយដែលលួចបាន ដោយឡែកជនសង្ស័យដែលជាអ្នកឌុបត្រូវបានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ចាប់បានព្រួតគ្នាវាយ រហូតសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាលមូលដ្ឋានយកទៅចាត់ការបន្តតាមច្បាប់ ៕គឹមហុង


ប្រភព៖ អគ្គស្នងការនគរបាលជាតិ


KD-01-12-February-2015-17-47-36-64774






from Khmernote - The best entertainment website in Cambodia http://ift.tt/1E6O8i0

via IFTTT
ចោរ៣នាក់បន្លំ លួចលុយ អាជីវករប្តូរប្រាក់ នៅឃុំស្វាយរលំ ត្រូវប្រជាពលរដ្ឋ ចាប់បានម្នាក់ ចោរ៣នាក់បន្លំ លួចលុយ អាជីវករប្តូរប្រាក់ នៅឃុំស្វាយរលំ ត្រូវប្រជាពលរដ្ឋ ចាប់បានម្នាក់ Reviewed by yim PH on 4:18 PM Rating: 5

Entertainment

ads
Powered by Blogger.