Insurance

728x90

ក្រសួង​ពាណិជ្ជកម្ម ជំរុញ​ឲ្យ​ក្រុមហ៊ុន ​ប្រេង​ឥន្ធនៈ​បញ្ចុះ​ថ្លៃ​ប្រេង​សាំង​ តែក្រុមហ៊ុនប្រេងខ្លះនៅពិចារណានៅឡើយ


ភ្នំពេញ៖ ទោះ​បី​ជា​តម្លៃ​លក់​ប្រេង​សាំង​បច្ចុប្បន្ន ឋិត​នៅ​ក្រោម ៤​ពាន់​រៀល​ក៏ដោយ តែ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា នៅ​តែ​បន្ត​ស្នើ​ឲ្យ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ទាំងអស់ ស្វែងរក​លទ្ធភាព​បញ្ចុះ​តម្លៃ​បន្ថែម​ទៀត ស្រប​តាម​តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក។


បច្ចុប្បន្ន ការ​ស្នើសុំ​របស់​រដ្ឋាភិបាល គឺ​ជា​រឿង​ល្អ​សម្រាប់​ប្រជាពលរដ្ឋ ប៉ុន្តែ​អ្នក​វិភាគ​សេដ្ឋកិច្ច​វិញ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កុំ​ឲ្យ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន​ឯកជន​ខ្លាំង​ពេក ដើម្បី​ជៀសវាង​បរាជ័យ​ទីផ្សារ។


កិច្ច​ប្រជុំ​ចុង​ក្រោយ​រវាង​ក្រសួង​ពាណិជ្ជកម្ម និង​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ ដែល​ទើប​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ មករា បាន​កំណត់​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រេង​ឥន្ធនៈ​ទាំងអស់ បញ្ចុះ​តម្លៃ​លក់​របស់​ខ្លួន​បន្ថែម​ទៀត។


លទ្ធផល​នៃ​កិច្ច​ប្រជុំ​ដែល​មាន​តំណាង​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ចូលរួម​ចំនួន ៨​ក្រុមហ៊ុន​នោះ ភាគ​ច្រើន​មិន​បាន​ឆ្លើយ​តប​ទៅ​តាម​ការ​ស្នើសុំ​របស់​ក្រសួង​ពាណិជ្ជកម្ម ភ្លាម​នោះ​ទេ គឺ​មាន​តែ​ក្រុមហ៊ុន​ពីរ​ប៉ុណ្ណោះ ដែល​ទំនង​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា គឺ​ក្រុមហ៊ុន​កម្ពុជា​តេលា និង​សូគីម៉ិច បាន​ប្រកាស​បញ្ចុះ​តម្លៃ​លក់​ប្រេង​សាំង​របស់​ខ្លួន​បន្ថែម​ទៀត គិត​ត្រឹម​ថ្ងៃ​ទី​១ កុម្ភៈ ក្នុង​ចន្លោះ​តម្លៃ ៣.៨០០​រៀល ទៅ ៣.៩០០​រៀល​ក្នុង​មួយ​លីត្រ។ ចំណែក​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ផ្សេង​ទៀត​អះអាង​ថា នឹង​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹក​នាំ​សិន មុន​នឹង​បញ្ចុះ​តម្លៃ​លក់​ប្រេង​សាំង ដែល​ទំនង​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន​ឯកជន ស្រប​ពេល​ដែល​កម្ពុជា ប្រកាន់​យក​របប​សេដ្ឋកិច្ច​ទីផ្សារ​សេរី។


អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក កែន រដ្ឋា បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​រវាង​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​នេះ គឺ​ជា​ការ​ពិភាក្សា​គ្នា​ស្វែងរក​លទ្ធភាព​បញ្ចុះ​ថ្លៃ មិន​មែន​ជា​ការ​ដាក់​កំហិត​របស់​ក្រសួង ថា​ត្រូវ​តែ​បញ្ចុះ​តម្លៃ​នោះ​ទេ។ កិច្ច​ប្រជុំ​នោះ គឺ​ធ្វើ​ឡើង​រៀង​រាល់ ១០​ថ្ងៃ​ម្ដង ដោយ​ឈរ​លើ​មូលដ្ឋាន​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ។


ទោះ​ជា​យ៉ាង​ណា​ក៏ដោយ បញ្ហា​នេះ អ្នក​សេដ្ឋកិច្ច​យល់​ឃើញ​ថា ការ​សម្រប​សម្រួល​រវាង​ក្រសួង​ពាណិជ្ជកម្ម និង​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ គឺ​ជា​រឿង​ត្រឹមត្រូវ ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ទាំងអស់​រួម​គ្នា​ផ្ដាច់​មុខ នៅ​ពេល​ដែល​តម្លៃ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ថ្លៃ។ ប៉ុន្តែ​ការ​ដែល​រដ្ឋាភិបាល​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ខ្លាំង​ពេក នឹង​ធ្វើ​ឲ្យ​ទីផ្សារ​ប្រេង​ឥន្ធនៈ​បរាជ័យ។


ទោះ​ជា​យ៉ាង​ណា​ក៏ដោយ បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ដែល​ប្រកាស​បញ្ចុះ​ថ្លៃ​រួច​ហើយ​នោះ ត្រូវ​តែ​ធានា​គុណភាព និង​បរិមាណ​លក់​ឲ្យ​បាន​ត្រឹមត្រូវ៕


a


http://ift.tt/1yrV85m
ក្រសួង​ពាណិជ្ជកម្ម ជំរុញ​ឲ្យ​ក្រុមហ៊ុន ​ប្រេង​ឥន្ធនៈ​បញ្ចុះ​ថ្លៃ​ប្រេង​សាំង​ តែក្រុមហ៊ុនប្រេងខ្លះនៅពិចារណានៅឡើយ ក្រសួង​ពាណិជ្ជកម្ម ជំរុញ​ឲ្យ​ក្រុមហ៊ុន ​ប្រេង​ឥន្ធនៈ​បញ្ចុះ​ថ្លៃ​ប្រេង​សាំង​ តែក្រុមហ៊ុនប្រេងខ្លះនៅពិចារណានៅឡើយ Reviewed by yim PH on 10:28 AM Rating: 5
Powered by Blogger.