បុរសម្នាក់ស្លាប់ដោយ ចរន្តអាគុយឆក់សត្វកណ្តុរ បន្ទាប់ពីដាក់រាយចាប់កណ្តុរ
ខេត្តបន្ទាយមានជ័យ៖ តខ្សែភ្លើងឆក់កណ្តុរឆក់មនុស្សស្លាប់ ខណៈពេលកំពុងតបណ្តាញចរន្តអគ្គិសនីដើម្បីឆក់សត្វកណ្តុរ សម្រាប់យកទៅលក់ តែមិនទាន់នឹងបានផង បានឆក់ស្លាប់ខ្លួនឯងយ៉ាងអាណោធអាធ័ម ។ ហេតុការណ៍ នេះនៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៥ ស្ថិតនៅភូមិតាអន ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកស៊ី ឌី អធិការដ្ឋាននគរបាលស្រុកមង្គលបូរីបានប្រាប់អោយដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រោយពីបានទទួល ព័ត៌មាន ពីពលរដ្ឋលោកបានបញ្ជាកម្លាំងចុះទៅត្រួតពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសពរងគ្រោះភ្លាមផងដែរ។ លោកបានបន្តថាសពជនរងគ្រោះមាន ឈ្មោះអៀវ កេះ ភេទប្រុស អាយុ២៨ ឆ្នាំ នៅភូមិតាអន ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី។ លោក បញ្ជាក់ថា ជនរងគ្រោះបានតភ្ជាប់ខ្សែចរន្តរួចរាល់ ហើយបានទៅដេក។ ស្រែដាក់ឧបករណ៍ឆក់កណ្តុរនៅចំណុចវាលស្រែតាប៉ាត ខាងត្បូងភូមិចំងាយ ៣ពាន់ម៉ែត្រ ។
លោកបាបន្តទៀតថា ជនរងគ្រោះខណៈពេលដើរមើលកណ្តុរមិនបានដោះក្បាលអាគុយផ្តាច់ចរន្តអគ្គិសនីទេ។ លុះដល់ភ្លឺទើបបងថ្លៃឈ្មោះ អោន ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិជាមួយទៅធ្វើស្រែនៅចំណុចក្រខុប ហើយបានដើរមករកកណ្តុរនៅខ្ទមស្រែឪពុកក្មេកក៏ប្រទះឃើញប្អូនថ្លៃ ដេកស្លាប់ មិនដឹងតាំងពីស្មានណាទេ នៅកន្លែងកើតហេតុ។ ភ្លាមបានស្រែកហៅគេឯងជួយអន្តរាគមន៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។
ក្រោយពីសមត្ថកិច្ចនគរបាលស្រុកមង្គលបូរីបានធ្វើកោសល្យវិច័យលើសាកសពរងគ្រោះ និងបានសន្និដ្ឋានភ្លាមនៅកន្លែងកើតហេតុថា ករណីមិនមានករណីឃាតកម្មអ្វីនោះទេ គឺឆក់ចរន្តអគ្គិសនីពិតប្រាកដមែន។ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានប្រគល់ សាកសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះខាងឪពុកបង្កើត នៅភូមិអង្គាបុស្ស ឃុំកោះពងសត្វ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ៕ ដោយយីហាំង