នគរបាលសេដ្ឋកិច្ចក្រសួង នឹងនគរបាលសេដ្ឋកិច្ចខេត្ត បង្ក្រាបរថយន្តដឹកឈើប្រណីតថ្លើមធំលោតឆ័ត្រ ពីរគ្រឿង
ខេត្តរតនគិរី៖ រថយន្តដឹក ឈើប្រណីតប្រភេទធ្នង់ថ្លើមធំលោតឆ័ត្រ ផ្លូវចំនួន២គ្រឿង ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង សហការនឹងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹនាំដោយលោកស័ក្តិ៤ កែវ រ៉េតមុន្នី ប្រធានក្រុមប្រតិបត្តិការនាយកដ្ឋានប្រឆាំងសេដ្ឋកិច្ចក្រសួង បង្ក្រាបបានយ៉ាង ជោគជ័យកាលពីវេលាម៉ោង១០ និង៣០នាទីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចដែលមានវត្តមានក្នុងប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើនោះបានអោយដឹងថា ដោយមានការរាយការណ៍ពីភ្នាក់ងារសង្ងាត់ ឃើញរថយន្តចំនួន២គ្រឿងនោះផ្ទុកឈើប្រណីតពេញ ធ្វើដំណើរចេញពីពីខេត្តមណ្ឌលគិរី តាមផ្លូវជាតិលេខ៧៦ ក្នុងគោលដៅឆ្ពោះទៅព្រំដែនកម្ពុជា វៀតណាម ដោយឆ្លងកាត់ស្រុកលំផាត់ និងខេត្តរតនគិរី កម្លាំងបានចេញទៅធ្វើការបង្ក្រាបបានភ្លាមៗ។ ខណៈប្រដេញ ម្ចាស់រថយន្តដឹកបទល្មើសបានចុះរត់គេចដូចខ្មោចកំបាំងខ្លួនបាត់ទៅ។
ប្រភពបន្តទៀតថា រថយន្តដែលសមត្ថកិច្ចបង្ក្រាបបាននោះ ទី១ ម៉ាកតូយូតាពណ៌ក្រហម អត់ស្លាកលេខ ទេ ទី២ម៉ាក កាមរីស្វិត ពណ៌ខ្មៅពាក់ស្លាកលេខភ.ព2E-4325។ បច្ចុប្បន្នរថយន្តទាំងពីរគ្រឿង ត្រូវបាន សមត្ថកិច្ចនាំទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តនិងធ្វើកំណត់ហេតុដើម្បីបញ្ជូនទៅជំនាញរដ្ឋបាលព្រៃឈើនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីចាត់ការបន្ត។ រីឯតួរលេខឈើទាំងពីររថយន្តខាងលើមិនដឹងថាមានចំនួនប៉ុន្មាននៅឡើយទេ ប៉ុន្តែគ្រាន់តែដឹងថា ឈើប្រណីតប្រភេទឈើធ្នង់ក្លុំ មានមុខកាត់២០x២០x២០ម៉ែត្រ ៕ ដោយ លី វណ្ណៈ