រថយន្តម៉ែកសឺដេសបើកលឿនពេលយប់ ជ្រុលទៅបុកចំរឺម៉កគោយន្តពីក្រោយ ធ្វើឲ្យអ្នកជិះ ចំនួន១២នាក់ខ្ទាត់ធ្លាក់រងរបួសធ្ងន់ និងស្រាល
ខេត្តកំពង់ឆ្នាំង៖ មនុស្សប្រុសស្រី១២នាក់ ជិះលើគោយន្តបានរងរបួសធ្ងន់ និងស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តម៉ែកសឺដេសបុករឺម៉កសណ្តោងគោយន្តពីក្រោយអត់មានពន្លឺភ្លើងចំណាំងផ្លាត ក្នុងពេលដឹកមនុស្សទៅលេងបុណ្យបញ្ចុះសីមានៅវត្តអង្គពេលយប់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ លើផ្លូវជាតិលេខ៥ ក្នុងភូមិកំព្រង ឃុំផ្សារ ស្រុកបរិបូណ៌។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា៖ មុនពេលកើតហេតុរថយន្តម៉ែកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2J-7280 របស់ព្រះសង្ឃនៅខេត្តបាត់ដំបង បើកបរ ដោយឈ្មោះ អេង វណ្ណា អាយុ២៣ឆ្នាំ រស់នៅភូមិសំរោង ឃុំអធិបតី ស្រុកកោះក្រឡ ខេត្តបាត់ដំបង បានបើបរពេលយប់ពីត្បូងទៅជើង ដល់ចំណុចកើតហេតុបានបុក ចំជ្រុង រឺម៉កគោយន្តពីក្រោយបណ្តាលអោយមនុស្ស១២នាក់ជិះនៅលើរឺម៉កគោយន្តប៉ើបធ្លាក់មកលើថ្នល់រងរបួសធ្ងន់ និងស្រាលរណូលរណែលចលាចលទាំងយប់។
ចំណែកគោយន្តនោះបើកបរដៅយឈ្មោះ យន យុត អាយុ២៣ឆ្នាំ រស់នៅភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ គឺបានដឹកអ្នកក្នុងភូមិ ទៅលេងបុណ្យបញ្ចុះសីមា នៅ វត្តអង្គ នៅក្នុងឃុំផ្សារ ស្រុកបរិបូណ៌។ ក្រោយពេលកើតហេតុជនរងគ្រោះទាំងអស់ត្រូវ បានគេដឹកបញ្ជូនទីកាន់មន្ទីរពេទ្យស្រុកបរិបូណ៌ ដើម្បីសង្គ្រោះព្យាបាល។
សមត្ថកិច្ចបានអោយដឹងទៀតថា៖ករណីគ្រោះថ្នាក់នេះបណ្តាលមកម្ចាស់គោយន្តប្រើគោយន្តមិនដាក់ពន្លឺភ្លើងចំណាំងផ្លាតពីក្រោយ និងបានដាក់រឺម៉កសណ្តោងដឹកមនុស្សពីក្រោយធំពេក ទើប បណ្តាលអោយរថយន្តម៉ែកសឺដេសបើកមកពីក្រោយគេចមិនផុត បុកជ្រុងរានពីក្រោយបង្ក អោយមានគ្រោះថ្នាក់ច្រើនគ្នាតែម្តង។ រថយន្តម៉ែកសឺដេស និង គោយន្តត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុក បរិបូណ៌ និងកសាងសំណុំរឿងគ្រោះថ្នាក់តាមនិតិវិធី ដើម្បីដោះស្រាយជាមួយភាគី ទាំង២តាមផ្លូវច្បាប់៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/17gtJvW