ប្រវត្តិនំផ្លែអាយរបស់ខ្មែរ
នំផ្លែអាយ ធ្វើអំពី ម្សៅដំណើបស្ងោរ មានស្នូលជាស្ករត្នោត ហើយត្រូវកោសដូងខ្ចីរោយពីលើ មុននឹងបរិភោគ ដើម្បីបង្ករសជាតិ អោយកាន់តែឈ្ងុញឆ្ងាញ់។
នៅជំនាន់ដើម ចាស់បុរាណច្រើនហៅថា នំបង្កប់ស្ករ នំបំពួនស្ករ ឬ នំខាំស្ករ។ កាលដើមឡើយ គេធ្វើនំនេះ ដោយយកម្សៅលុញ ដាក់បង្កប់ដុំស្ករត្នោត នៅខាងក្នុង ស្ងោរអោយឆ្អិន ទើបចាប់ដោតតម្រៀបលើចង្កាក់ឬស្សី បន្ទាប់មក គេយកចង្កាក់នំ ទៅដោតលើ កូនចេក ដែលគេកាប់មក ដើម្បីដោតចង្កាក់នំ ដើរលក់តាមភូមិ។ តែជួនកាល ដោយសារសំបកសាច់នំស្តើង ធ្វើអោយធ្លាយស្រក់ទឹកស្ករ ចេញមកក្រៅ អ្នកស្រុកដែលដើរលក់នំនេះក៏ប្តូរចិត្ត លុញតែម្សៅសុទ្ធ ស្ងោរអោយឆ្អិន ដោយពុំមានដាក់បង្កប់ដុំស្ករ នៅក្នុងនោះទេ បន្ទាប់មក ទើបគេស្រង់នំ យកដោតចង្កាក់ ដាក់អាំងអោយឈ្ងុយ ហើយទើបយកចង្កាក់នំ ទៅដោត នឹងដើមចេក ដើម្បីលីដើរលក់ នៅតាមភូមិ ពីផ្ទះមួយទៅផ្ទះមួយ។ នៅពេលបរិភោគ គេត្រូវយកនំនេះ ទៅជ្រលក់ នឹងទឹកឃ្មុំ ឬ ទឹកស្ករត្នោត រួចរោយដូងខ្ចីកោស មុននឹងបរិភោគ។ ដោយសារនំខាំស្ករនេះ មានគ្រាប់ស្ករខាងក្នុង ស្រដៀងលក្ខណៈដូចជាផ្លែឈើ ដែលដុះនៅលើដើម ទើបអ្នកស្រុក ទម្លាប់ហៅលេង ជាទូទៅសាធារណៈ ថាជា ផ្លែអាយ ព្រោះមិនមែនជាផ្លែឈើពិតប្រាកដ។ ចំណេរតៗមក ឈ្មោះនេះ ក៏បានក្លាយជា ឈ្មោះប្រើជាប្រជាប្រិយ ពេញប្រទេសខ្មែរ ច្រើនសតវត្សរ៍តរៀងមក ដោយពុំមាននរណា ហៅថា នំបំពួនស្ករ នំបង្កប់ស្ករ ឬ នំខាំស្ករ តទៅទៀតឡើយ។
ដកស្រង់អត្ថបទពី៖ អ្នកស្រី កែវ ច័ន្ទបូរណ៍
from Khmernote - The best entertainment website in Cambodia http://ift.tt/1zhIaXh
via IFTTT