អង្គរក្សរបស់ ថោង សារ៉ាត់ បន្តបដិសេធថា មិនពាក់ព័ន្ធ ករណីបាញ់ សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ
ភ្នំពេញៈ ជនជាប់ចោទ ឈ្មោះ សៀង វាសនា អតីតអង្គរក្សរបស់ជនជាប់ចោទ ថោង សារ៉ាត់ បានបដិសេធសារជាថ្មី ចំពោះការចោទប្រកាន់របស់តុលាការ ពីបទពាក់ព័ន្ធក្នុងការបាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ។ ការបដិសេធថ្មីនេះ បានធ្វើឡើងក្នុងអង្គសវនា សាកសួររបស់សភាស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ដែលបានបញ្ចប់កាលពីរសៀល ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ។ លោក គា អ៊ាវ មេធាវីរបស់ជនជាប់ចោទ ឈ្មោះ សៀង វាសនា បានថ្លែងប្រាប់សារព័ត៌មាន នគរបាលជាតិ ក្រោយតុលាការបានបញ្ចប់ ការសាកសួរកូនក្ដីរបស់ខ្លួន នាពីល្ងាចថ្ងៃសុក្រនេះថា កូនក្តីរបស់លោកនៅតែបដិសេធថា ពុំមានពាក់ព័ន្ធនឹងការបាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ នោះទេ ។ យ៉ាងណាក៏ដោយ លោកហៅសវនាការសាកសួរ របស់ចៅក្រមមកលើកូនក្ដីរបស់ខ្លួនថា ធ្វើឡើងតាមឆន្ទានុសិទ្ធិ ។ ជាមួយគ្នានេះ លោកមេធាវី គា អ៊ាវ បានលើកឡើងដោយមានជំនឿថា កូនក្ដីរបស់ខ្លួន នឹងពុំមានពាក់ព័ន្ធចំពោះសំណុំរឿង បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ នោះទេ ។សារព័ត៌មាននគរបាលជាតិ ពុំអាចទាក់ទងសុំការអត្ថាធិប្បាយ ណាមួយពីសំណាក់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បាននៅឡើយទេនៅរសៀល ថ្ងៃទី១៣ ខែកុម្ភៈនេះ ។ ជនជាប់ចោទ ឈ្មោះ សៀង វាសនា អាយុ ៤៤ឆ្នាំ និងជនជាប់ចោទ៣នាក់ ផ្សេងទៀត ជាអតីតអង្គរក្សរបស់ជនជាប់ចោទ ថោង សារ៉ាត់ ត្រូវបានចោទប្រកាន់ពីបទ មនុស្សឃាតគិតទុកជាមុន និងសមគំនិតនៅក្នុងករណីឃាតកម្ម លើរូបលោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៤ ខណៈពេល លោកឧកញ៉ា អ៊ឹង ម៉េងជឺ បានចុះពីរថយន្តឡិចស៊ីស៥៧០ ទិញផ្លែឈើនៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សំណុំរឿងឃាតកម្មនេះដែរ តុលាការបានចោទ ប្រកាន់ជនជាប់ចោទ ថោង សារ៉ាត់ ម្ចាស់បុរី និងសាច់ប៉ាតេ៩៩៩ថា ជាមេក្លោងក្នុងការបាញសម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ។ បច្ចុប្បន្នជនជាប់ចោទ ថោង សារ៉ាត់ កំពុងរត់គេចខ្លួនពីការ តាមចាប់របស់សមត្ថកិច្ច ៕
ប្រភព៖ អគ្គស្នងការនគរបាលជាតិ
from Khmernote - The best entertainment website in Cambodia http://ift.tt/1KYxPpJ