ស្វាយរៀងជាជើងឯកពាន Hun Sen Cup ឆ្នាំ ២០១៥
ក្រុមម្ចាស់ផ្ទះស្វាយរៀងបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន លើកទី៩ បន្ទាប់ពីយកឈ្នះក្រុមណាហ្គាវើលដោយលទ្ធផល ២-១ ខណៈត្រាយអាស៊ីបានចំណាត់ថ្នាក់លេខ៣ក្រោយឈ្នះក្រុមប៉ូលិស៣-០។
គ្រាប់បាល់ទី១របស់ស្វាយរៀងរកបានដោយនតារាឆ្នើម ប្រាក់ មុន្នីឧត្តម ដោយការទាត់បាល់ហ្វ្រីឃីតនៅនាទី៤៥+១ ប៉ុន្តែត្រូវបានប្រធានក្រុមណាហ្គាវើល ស៊ុន សុវណ្ណរិទ្ធី តាមស្មើវិញនៅនាទី៦០នៃតង់ទីពីរ។ ការប្រកួតដ៏ស្វិតស្វាយស្ទើរតែបញ្ចប់៩០នាទីក្នងលទ្ធផល១-១ទៅហើយ តែខ្សែបម្រើឆ្នើមរបស់ស្វាយរៀង ណុប តុលា ស៊ុតបាល់បញ្ចូលទីបានសម្រេចនៅនាទី៩០+៣ ដើម្បីឈ្នះ២-១ តែម្តង។
ការប្រកួតមានភាពចម្រូងសម្រាសយ៉ាងខ្លាំងដោយលោកអាជ្ញាកណ្តាលបានបណ្តេញចេញសមាជិកណាហ្គាវើល ស៊ុន សុវណ្ណរិទ្ធី ពីទីលាននៅនាទី៧៤ បន្ទាប់ពីពិន័យកាតលឿងជាលើកទីពីរពីបទធ្វើពុតជាដួលនៅប្រអប់គ្រោះថ្នាក់របស់ស្វាយរៀង។ ទោះជាយ៉ាងណាតាមទិដ្ឋភាពជាក់ស្តែងនៃការចាក់ផ្សាយសាចុះសាឡើងរបស់ទូរទស្សន៍ BTV បង្ហាញថា កីឡាករលេខ២របស់ស្វាយរៀងពិតជាយកជើងទៅទាក់ជើងរបស់ សុវណ្ណរិទ្ធី ប្រាកដមែនដែលបណ្តាលឲ្យដួង។
១-ជយលាភីជើងឯក ស្វាយរៀង ពានមួយ មេដាយមាស និងបានប្រាក់រង្វាន់៨០លានរៀល។
២-ជយលាភីជើងឯងរង ណាហ្គាវើលទទួលបានមេដាយប្រាក់អមដោយប្រាក់៤០លានរៀល។
៣-ជយលាភីលេខ៣ ត្រាយអាស៊ី ទទួលបានមេដាយសំរឹទ្ធ អមដោយទឹកប្រាក់២០លានរៀល។
៤-ក្រុម Fair Play អគ្គស្នងការដ្ឋាននគរបាលជាតិទទួលបាន៥លានរៀល។
៥-ក្រុមអាជ្ញាកណ្ដាលទទួលបាន៣លានរៀល
៦-កីឡាករទាត់ចូលទីច្រើនជាងគេ ប្រាក់ មុន្នីឧត្តម ទទួលបានស្បែកជើងមាស និងប្រាក់១លានរៀល។
៧-អ្នកចាំទីល្អជាងគេ អាំ សុវណ្ណរ៉ាត់ ទទួលបាន១លានរៀល។
Sabay នឹងផ្តល់ជួនព័ត៌មានលំអិត និងរូបភាពជាច្រើននៅពេលបន្តិចទៀត៕
អត្ថបទ៖ ជាន ចាន់រ៉ា
http://ift.tt/1KW2Vyr