ឧកញ៉ា ឆាយ ជ្រាយ សហការជាមួយបងថ្លៃឈ្មោះ ប៉េង គី មានតួនាទីជាអធិការរងស្រុកតំបែរ រួមដៃគ្នាកេណ្ឌមនុស្សលួចកាប់ព្រៃឡង់ប្រមូលឈើប្រណីតដឹកតាមឡានយីឌុប ទៅកាន់ផ្សារងងឹតវៀតណាមតាមច្រកចាន់មូលខេត្តត្បូងឃ្មុំ
ខេត្ដត្បូងឃ្មុំ ៖ សព្វងថ្ងៃលោកឧកញ៉ា ឆាយ ជ្រាយ ជាមេឈ្មួញឈើដុះស្លែដ៏ល្បីប្រចាំខេត្តត្បូងឃ្មុំដែលបានប្រើងារជា«ឧកញ៉ា» ដែលប្រទាន ដោយព្រះមហាក្ស័ត្រខ្មែរ ប្រឡូកក្នុងបណ្តញជំនួញដូរឈើ ដោយជម្រុញឲ្យមានសកម្មភាពកាប់បំផ្លាញព្រៃឈើ និងកេណ្ឌកម្លាំងពលរដ្ឋឲ្យឈ្នួលបន្តិចបន្ទួចចូលព្រៃហាមឃាត់កាប់ប្រមូលយកឈើប្រណីតដ៏មានតម្លៃ ហើយស្របពេលរដូវរាំងស្ងួត ឧកញ៉ា ឆាយ ជ្រាយ បានប្រើប្រាស់រថយន្តសម្រុកដឹកជញ្ជូនឈើយ៉ាងមមាញឹកទាំងយប់ទាំងថ្ងៃលក្ខណៈទ្រង់ទ្រាយធំចេញពីតំបន់ ព្រៃឡង់ ខេត្ដកំពង់ធំ ខេត្ដក្រចេះ ស្ទឹងត្រែង ដើម្បីនាំចេញទៅកាន់ទីផ្សារងងឹតវៀតណាមតាមច្រកចាន់មូល ស្រុកមេមត់ ខេត្ដត្បូងឃ្មុំ ខណៈមន្ត្រីគ្រប់ជំនាញ និងអាជ្ញាធរខេត្តពាក់ព័ន្ធករណីនេះកំពុងតែឃុបឃិត ទទួលសំណូកសើមមាត់សើមកលែងរវល់នឹងលែងរវល់ខ្វល់ភារកិច្ចអស់ទៅហើយ កុំថាឡើយដំបូន្មានឬបទបញ្ជារបស់សម្តេចតេជោក៏ធ្វើជាភ្លេចសិនដែរ ព្រោះ លោកឧកញ៉ា ឆាយ ជ្រាយ កំពុងដាក់ថ្នាំម្នាក់ៗកំពុងតែបើកភ្នែក និងហើបមាត់លែងរួចទៅហើយ។
ប្រភពបានរាយការណ៍ឲ្យដឹងថា លោកឧកញ៉ា ឆាយ ជ្រាយ បានរួមដៃគ្នាជាមួយឈ្មោះ ប៉េង គី មានតួនាទីជាអធិការរងស្រុក តំបែរ ដែលត្រូវជាបងថ្លៃនឹងគ្នា សហការណ៍គ្នាកាប់ផងប្រមូលទិញផងពីតំបន់ ព្រំប្រទល់ព្រៃឡង់ ខេត្ដកំពង់ធំ និងមួយ ចំនួនទៀតប្រមូលពីខេត្ដក្រចេះ ស្ទឹងត្រែង ហើយរាល់ការដឹកជញ្ជូនបានរត់ការបង់លុយខ្មៅដល់មន្ត្រីគ្រប់ជាន់ថ្នាក់សូម្បីតែចៅហ្វាយខេត្តក្នុងទឹកដីឆ្លងកាត់ឈើនិមួយៗនោះក៏បានក្លាយទៅជាបង្អែករបស់ លោកឧកញ៉ា ឆាយ ជ្រាយ ទៀតផង។ ប្រភពបន្តថា ឈើប្រមូលទិញពីតំបន់ព្រៃឡង់គឺដឹកឆ្លង កាត់ស្រុកព្រែកប្រសព្វ និងឆ្លងបន្ដតាម កំពង់ដស្រុកឆ្លូង ឆ្ពោះទៅកាន់កំពង់ដកំពង់ប្រមារ(ស្ថិតក្នុងស្រុកមេមត់ ខេត្ដត្បូងឃ្មុំ) និងបន្ដឆ្លងកាត់ផ្លូវចិនចំណុចគីឡូ ម៉ែត្រលេខ៤១ ក្នុងឃុំកំពាន់ ឃុំរំចេក ឬឆ្លងកាត់គីឡូម៉ែត្រលេខ៥១ ក្នុងឃុំ មេម៉ង់សំដៅមកផ្លូវជាតិលេខ៧ ដើម្បីចូលមកតាមផ្លូវឃុំតាមួង ហើយឆ្លងទៅ វៀតណាមតាមច្រកចាន់មូលដោយសុវត្ថភាព ។
ក្នុងមួយថ្ងៃឧកញ៉ា ឆាយ ជ្រាយ បាន ដឹកឈើដោយប្រើប្រាស់ប្រភេទរថយន្ដ យីឌុបធ្វើជាមធ្យោបាយ មាន២ទៅ៣ គ្រឿង ប្រភេទរថយន្ដភ្លៅ៥ និងរថយន្តឃ្លុបដឹកទំនិញធុនកណ្តាលបន្លំធ្វើដូចដឹកទំនិញ ។ សកម្មភាពការដឹកឈើល្មើសច្បាប់នោះ ឧកញ៉ា ឆាយ ជ្រាយ បានផ្ទុកលើសទម្ងន់ បំផ្លាញផ្លូវជាតិដ៏ធ្ងន់ធ្ងរ។ សកម្មភាពដឹកឈើល្មើសធ្វើឡើងពេញធឹងគ្មានការរំខានពីសមត្ថកិច្ចនានានោះ ដោយសារពួកគេ ត្រូវបានឧកញ៉ា ឆាយ ជ្រាយ និងប៉េង គី រៀបចំផលប្រយោជន៍ជូនទៅតាមជំនាញ ហើយសូម្បីតែ នាយ ខណ្ឌរដ្ឋបាលព្រៃឈើខេត្ដក្រចេះ និងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដត្បូងឃ្មុំ បើកដៃយ៉ាងទូលាយ ជូនឧកញ៉ា ឆាយ ជ្រាយ ដឹកជញ្ជូនឈើល្មើសច្បាប់បានម៉ាសេរី ដោយជួយសម្រួលផ្លូវជូនទាំងយប់ទាំងថ្ងៃមិនឲ្យរអាក់រអួលទេ។ ប្រភពបានបញ្ជាក់ថា បន្ថែមពីការសកម្មភាពដឹកជញ្ជូនឈើពីតំបន់ខាងលើដោយខ្លួនឯង ចំណែកទឹកដីស្រុកមេមត់ ខេត្ដត្បូងឃ្មុំក៏ជាកន្លែងចាំប្រមូលទិញឈើ ស្តុកទុកក្នុងចម្ការកៅស៊ូរបស់ គាត់ ទើបប្រមូលដាក់តាមរថយន្ដយីឌុប ប្រភេទភ្លៅ៥ឆ្ពោះទៅ ទីផ្សារងងឹតវៀតណាមតាមច្រកចាន់មូល។
សមត្ថកិច្ច និងប្រជាពលរដ្ឋនិយាយស្រដៀងគ្នាថា ក្រៅពីពាក់ព័ន្ធកាប់ឈើ និងដឹកឈើយកទៅលក់ឲ្យវៀតណាម លោកឧកញ៉ា ឆាយ ជ្រាយ បានប្រើប្រាស់ឥទ្ធិពលងារជាឧញ៉ា ធ្វើកម្មភាពឈូស ឆាយទន្ទ្រានយកដីព្រៃរបស់រដ្ឋមួយចំនួន ដែលសុទ្ធតែ ជារឿងល្មើសច្បាប់ ដោយអាជ្ញាធរ ថ្នាក់ភូមិ ឃុំ រួមទាំងស្រុកផង មិនហ៊ានហាមឃាត់ ជាមួយឧកញ៉ា ឆាយ ជ្រាយ ម្តងណាទេ ព្រោះគាត់ច្រើនតែយកអំណាចទឹកប្រាក់ និងឈ្មោះអ្នកធំមកបន្លាច និងគាបសង្កត់មកលើអាជ្ញាធរ ។ ពលរដ្ឋកត់សម្គាលឃើញថា បច្ចុប្បន្នគេឃើញបុគ្គលមួយចំនួននៅខេត្តត្បូងឃ្មុំ និងកំពង់ចាម រកស៊ីប្រឡូកប្រឡាក់បំផ្លាញព្រៃឈើ តាំងពីគ្មានងារឧកញ៉ា រហូតទទួលបានងារជាឧកញ៉ា ហើយបានប្រើឥទ្ធិពលងារនេះបន្លាចផងឃុបឃិតផងបង្កើនសកម្មភាពបំផ្លាញព្រៃឈើជាតិយ៉ាងងងើលលែងខ្លាចច្បាប់អ្វីទាំងអស់៕ ដោយ(យុវតីត្បូងឃ្មុំ) ស្រីមាន
http://ift.tt/1EtYtqu