ក្រុមហ៊ុនកសិកម្មខ្មែរអង្គរ កំពុងបើកទ្វារប្រមូលទិញឈើប្រណីតពីឈ្មួញមានអំណាចដឹកដោយឡានបង្កុងធំៗ ក្នុង១ថ្ងៃនពី៥០ ទៅ៦០ឡាន លួចកាប់ចេញពីព្រៃ ដែនអភិរក្ស និងដែនជម្រកសត្វព្រៃភ្នំព្រិចគ្រប់គ្រងដោយលោក សំរ៉ង ឌីវិចិត្រ
ខេត្តមណ្ឌលគិរី៖ ប្រជាសហគមន៍រស់នៅឃុំចុងផ្លាស់ និងឃុំស្រែឈូកបានរាយការណ៍ឲ្យដឹងថា បច្ចុប្បន្នក្រុមឈ្មួញរកស៊ីឈើកំពុងប្រើប្រាស់រថយន្តបង្កុងធំៗរាប់សិបគ្រឿង សម្រុកដឹកឈើហ៊ុបគ្រប់ប្រភេទកាប់ក្នុងដែនអភិរក្ស នឹងដែនជម្រកសត្វព្រៃភ្នំព្រិច ចូលក្រុមហ៊ុន កសិកម្មខ្មែរអង្គរ ដែលមានទីតាំង នៅឃុំស្រែឈូក ស្រុកកែវសីមាខេត្តមណ្ឌលគិរី តែសេចក្តីរាយការណ៍នោះមិនបានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុននោះដែលមិនញញើត ដោយហ៊ានប្រព្រឹត្តបទឧក្រិដ្ឋលួចបន្លំទិញ និងកាប់យកឈើជាសម្បត្តិជាតិ ដោយបំពាលច្បាប់រដ្ឋ មិនដឹងថាមានខ្នងបង្អែកជាមន្ត្រីរដ្ឋាភិបាលថ្នាក់ប៉ុណ្ណានោះទេ តែជាក់ស្តែងគេឃើញមន្ត្រីជំនាញចម្រុះនៅមូលដ្ឋាននោះហាក់មានការស្រុះស្រួកគ្នាបិទបាំងរឿងនេះដោយធ្វើជាមិនដឹងមិន ឮរៀងៗខ្លួន។
ពលរដ្ឋដែលរស់នៅក្នុងឃុំចុងផ្លាស់ និងឃុំស្រែឈូកបាននិយាយថា ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចឈ្មោះ កសិកម្មខ្មែរអង្គរ មានទីតាំងនៅស្រុកកែវសីមា កំពុងមានសកម្មភាពដឹកឈើគ្រប់ប្រភេទក្រៅដែនដីចូលក្រុមហ៊ុនរបស់ខ្លួនរាប់រយម៉ែត្រគូប មកពីគ្រប់ទិសទីក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច នឹងដីព្រៃរបស់សហគមន៍ ដែលបងប្អូនព្នងកំពុងអាស្រ័យផលបានធ្វើឲ្យពួកគាត់មានការតក់ស្លុតជាមួយនឹងសកម្មភាពលួយកាប់ឈើប្រើមធ្យោបាយដ៏ទំនើបៗទ្រង់ទ្រាយធំនេះ ដែលឮតែសម្លេងម៉ាស៊ីនអារ ការដួលរលំដើមឈើខ្ទ័របរព្រៃ និងសម្លេងម៉ាស៊ីនរថយន្តបង្កុងធុនធំៗដឹកឈើហ៊ុបមូល ឈើឡាំងបួនជ្រុងធំៗរោទ៍ញ័រផ្លូវ ទាំងយប់ទាំងថ្ងៃ ពួកគាត់ថា ស្រណោះព្រៃឈើណាស់ រលាយហើយចាប់ពីពេលនេះទៅ ។
ពួកគាត់បានបន្តថា បច្ចុប្បន្នប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំមួយចំនួន ដែលមានទីតាំងនៅជិតក្រុមហ៊ុនកសិកម្ម ខ្មែរអង្គរ ស្ទើរតែរកផ្លូវធ្វើដំណើរលែងបានទៅហើយដោយក្រុមហ៊ុន កសិកម្មខ្មែរអង្គរ ចាប់ផ្ដើមដាក់បារាស់នឹងមានសន្តិសុខយាមកាម ចំណែកឈើត្រូវបានឈ្មួញដឹកជញ្ជូនចូលក្រុមហ៊ុនកសិកម្មខ្មែរអង្គរ មួយថ្ងៃៗ៥០ទៅ៦០រថយន្តបង្កុង ចេញពីក្នុងព្រៃការពារ ព្រៃរបស់សហគមន៍ នឹង ដែនជម្រកសត្វព្រៃភ្នំព្រិច ដែលគ្រប់គ្រង់ដោយលោក សំរ៉ង ឌីវិចិត្រ នាយកដែនជំរកសត្វព្រៃភ្នំព្រិច។ ការដឹកជញ្ជូនឈើនោះតាមរថយន្តធំៗរាល់ថ្ងៃ គេមិនដែលឃើញ សមត្ថកិច្ចជំនាញចម្រុះនៅមូលដ្ឋាន និងបញ្ជូនទៅពីក្រសួងស្ថាប័ននានា ដែលឈរជើងទីនោះ មិនដែលឃាត់ចាប់បង្ក្រាបទេ ព្រោះគេថា មានច្បាប់ត្រឹមត្រូវ។ ជាការពិតប្រជាសហគមន៍រស់នៅឃុំចុងផ្លាស់ និងឃុំស្រែឈូកបានរាយការណ៍ឲ្យដឹងថា ដែលផ្ទៃដីសម្បទានសេដ្ឋកិច្ចឈ្មោះកសិកម្មខ្មែរអង្គ បច្ចុប្បន្ននេះមានតែព្រៃរិចរឹល និងព្រៃឫស្សី គ្មានសេសសល់ទេប្រភេទឈើប្រណីតមួយដើមក៏គ្មានដែរ ។
ពលរដ្ឋរស់នៅស្រុកកែវសីមាបាននិយាយថា ក្រុមហ៊ុនកសិកម្មខ្មែរអង្គរ ជាក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយដែលកំពុងប្រមូលផលអនុផលព្រៃឈើទូទាំងស្រុកកែវសីមាចូលក្រុមហ៊ុនរាប់រយម៉ែត្រគុប ចូលក្នុងក្រុមហ៊ុន ស្តុប និង អារ ច្រៀកបំរុងដឹកជញ្ជូនបន្តតាមរថយន្តធំៗចេញទៅលក់នៅក្រៅប្រទេស។ ជាមួយគ្នានោះដោយជ្រកក្រោមច្បាប់វិរិយោគដីសម្បទានសេដ្ឋកិច្ចធ្វើជាលេស បានធ្វើសកម្មភាពដើរប្រមូលទិញឈើប្រណីតខុសច្បាប់មកពីគ្រប់ទិសទីក្នុងស្រុកកែវសីមា ហើយការប្រមូលទិញនេះបានជម្រុញឲ្យមានសកម្មភាពលូចកាប់ឈើរដ្ឋយ៉ាងគ្រគគ្រេងយកមកលក់ឲ្យក្រុមហ៊ុនកសិកម្មខ្មែរអង្គរ កាន់តែច្រើនឡើងៗ ។
ពាក់ព័ន្ធករណីខាងលើនេះយើងពុំទាន់អាចសុំការបំភ្លឺពីភាគ្គី ក្រុមហ៊ុនកសិកម្មខ្មែរអង្គ បាននៅឡើយទេ តែបញ្ហានេះ នាយកដែនជំរកសត្វព្រៃសត្វព្រៃភ្នំព្រិចបានឲ្យដឹងថា ក្រុមហ៊ុនកសិកម្មខ្មែរអង្គ ដឹក នឹងកាប់ឈើ តែក្នុងដីរបស់ក្រុមហ៊ុនទេ ព្រោះក្រុមហ៊ុនមានផ្ទៃដីធំ ។ ចំណែកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក ឈិត សុផល បានថ្លែងប្រាស់ថា ក្រុមហ៊ុន កសិកម្មខ្មែរអង្គរ ជាក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមានផ្ទៃដីប្រមាណ៩០០០ហិកតា ដែលទទួលបានសិទ្ធវិរិយោគពីរាជរដ្ឋាភិបាលក្នុងអំឡុងឆ្នាំ២០១១ បច្ចុប្បន្នធ្វើការឈូសឆាយបាន៦០០ហិកតា នឹងដាំកៅស៊ូបាន ៦០ហិកតា ។ លោកបន្តថា ចំពោះករណីមានការដឹកជញ្ជូនឈើបគ្រប់ប្រភេទចូលក្រៅដែនរបស់ក្រុមហ៊ុនលោកមិនទាន់ទទួលបានព័ត៌មាននៅឡើយ ព្រោះលោក សំរ៉ង ឌីវិចិត្រ នៅមិនទាន់រាយការណ៍មកផង ។
ករណីឧក្រិដ្ឋកម្មព្រៃឈើលួចកាប់ និងប្រមូលទិញដ៏កំរោលនេះគេមិនដឹងថា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក រដ្ឋបាលព្រៃឈើ បានជ្រាបដែរ ឬយ៉ាងណានោះទេ ខណៈភ្នាក់ងារយើងបានសួរមន្ត្រីពាក់ព័ន្ធថ្នាក់ក្រោមនៅមូលដ្ឋាន ម្នាក់ឆ្លើយថាមិនបានដឹងរឿងនេះផងនោះ៕ ដោយ ឦសាន២
http://ift.tt/1L0I9Db