មន្ត្រីនគរបាលប៉ុស្តិ៍ ឋានៈអនុសេនីយ៍ឯកម្នាក់ ត្រូវរថយន្តបុកស្លាប់ពេលកំពុងដើរល្បាត
ខេត្តកំពង់ឆ្នាំង៖ លោកអនុសេនីយ៍ឯក ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលម្នាក់ ត្រូវរថយន្តបុកស្លាប់នៅកន្លែងកើតហេតុភ្លាមៗ ខណៈកំពុងដើរល្បាតជាមួយប្រជាការពារក្នុង មូលដ្ឋាន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទិ០៨ ខែមិនា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ១៥៣ ស្ថិតក្នុងភូមិតាំងបំពុង ឃុំជើងគ្រាវ ស្រុករលារប្អៀរ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖ ជនរងគ្រោះឈ្មោះ តុល សុផា អាយុ៥៥ឆ្នាំ ឋានះជាអនុសេនីយឯក មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ មានប្រពន្ធឈ្មោះ ឆន សេដ្ឋា អាយុ៤៧ឆ្នាំ មានកូន៥នាក់ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលជើងគ្រាវ។
ប្រភពពីសាក្សីជាប្រជាការពារដែលបានដើរល្បាតជាមួយជនរងគ្រោះបានអោយដឹងថា៖នៅមុនពេលកើហេតុជនរងគ្រោះនិងក្រុមប្រជាការពារប្រមាណពី២ទៅ៣នាក់កំ ពុងតែដើរល្បាតនៅលើដងផ្លូវ លេខ១៥៣ ស្របពេលនោះក៏មានរថយន្ត១គ្រឿងម៉ាកនីសាន់ពណ៌ខ្មៅ មានដឹកជ្រូកពេញមិនស្គាល់ស្លាកលេខ បើកយ៉ាងលឿនពីលិចទៅកើតរេពេញផ្លូវ លុះមកដល់ចំណុចកើតហេតុខាងលើបានមកបុកជនរងគ្រោះដែលកំពុងតែដើរអែបចិញ្ចើមផ្លូវពេញទំហឹង បណ្តាលអោយដួលបោកទៅនឹងផ្លូវកៅស៊ូបែកក្បាលរងរបួសធ្ងន់ និងបានស្លាប់នៅពេលដឹកយកទៅសង្គ្រោះដល់ត្រឹមពាក់កណ្តាលផ្លូវ ចំណែករថយន្តបង្កបន្ទាប់ពីបុកជនរងគ្រោះហើយ បានបន្ថែមល្បឿនបើកគេចបាត់។ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ តាមរកអត្តសញ្ញាណដើម្បីចាប់ខ្លួនអ្នកបើកបរយកមកផ្តន្ទាទោសតាមបញ្ញាតិច្បាប់។
សពជនរងគ្រោះត្រូវបានក្រុមគ្រួសារកំពុងចាត់ចែងធ្វើបុណ្យតាមប្រពៃណី ដោយមានការចូលរួមចាត់ចែងពីលោក ទឹម ចាន់ធី អធិការនគរបាលស្រុករលារប្អៀរ និងបានរៀបចំពិធីគោរពវិញ្ញាណខ័ន្ធសពដោយមានគំរោងដង្ហែរសពមានកងកម្លាំងនគរចូលរួមយ៉ាងច្រើននៅរសៀលថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៥នេះ។
សូមបញ្ជាក់ថា៖ នៅក្នុងខេត្តកំពង់ឆ្នាំងរយៈពេល៤ថ្ងៃនេះ មានមន្ត្រីនគរបាលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន២នាក់ហើយ គឺនៅស្រុកបរិបូណ៌លោក សៀក ស៊ីថា អាយុ ២៧ឆ្នាំឋានៈអនុសេនីយ៍ត្រី ជានាយរងផ្នែកសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ មានទីលំនៅក្នុងភូមិជើងខ្នារ ឃុំពន្លៃ ស្រុកបរិបូណ៌ បានដួលម៉ូតូស្លាប់ ពេលត្រឡប់មកពីស៊ីការគេវិញនៅម៉ោង១០យប់ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៥មុននេះ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1Hzq4Xd