ក្រុមហ៊ុន ហួតម៉េងរីតា របស់លោកឧត្តមសេនីយ៍ឯក មិក សុផានណារ៉េត កំពុងរៀបគម្រោងបំផ្លាញព្រៃឈើ នៅតំបន់មុំ៣ ឲ្យរលាយសាបសូន្យក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ
ខេត្ដព្រះវិហារ ៖ ព្រៃឈើនៅតំបន់មុំ៣កំពុងស្ថិតក្នុងកម្មវត្ថុដាក់ផែនការកាប់បោសសំអាតយកឈើដ៏មានតម្លៃនារដូវប្រាំងនេះនាដើមខែមីនា ឆ្នាំ២០១៥ តាមការគ្រោងទុក របស់ក្រុមហ៊ុន ហួតម៉េងរីតា ដែលជ្រកក្រោមស្បែកជានាយទាហានពាកផ្កាយលើស្មា នឹងអនុវត្តសកម្មភាពដឹកជញ្ជូនឈើ នៅតំបន់មុំ៣ ជាប់ព្រំប្រទល់ដែន កម្ពុជា-ឡាវ-ថៃ ស្ថិតក្នុងស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ បន្ទាប់ពីក្រុមហ៊ុននេះ រត់ច្បាប់រួចរាល់ កាលពីប៉ុន្មានសបា្ដហ៍មុន។ កន្លងមកគេដឹងថា ក្រុមហ៊ុន ហួតម៉េងរីតា ធ្លាប់លួចបន្លំដឹកឈើគ្រញូង ដែលប្រមូលទិញ ពីប្រជាពលរដ្ឋ ឆ្លងដែនឡើងកាប់លើជួរភ្នំដងរែក ចូលទឹកដីថៃ ហើយជាបន្តបន្ទាប់ពលរដ្ឋឆ្លងដែនទៅកាប់ឈើទាំងនោះត្រូវទាហានថៃបាញ់ឲ្យរបួស និងស្លាប់ ជាហូហែ។
លោកផ្កាយ៣ មិក សុផានណារ៉េត ឈ្មោះក្រៅ (ជ័យ) បានប្រឡូកក្នុងមុខជំនួញឈើទ្រង់ទ្រាយធំ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្ដិយសថ្នាក់ដឹកនាំ និងកងទ័ពខណៈមុខរបររបស់គាត់ ដឹកឈើដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដោយជ្រកក្រោមរូបភាព ដឹកជញ្ជូនឈើដើម្បីធ្វើសារៈមន្ទីរ សម្ដេចជាស៊ីម នៅខេត្ដព្រៃវែង ប៉ុន្ដែលិខិតស្នើសុំដឹកឈើ ដើម្បីធ្វើសារៈមន្ទីរ កន្លងមក លោកផ្កាយ៣ មិក សុផានណារ៉េត ដឹកសុទ្ធតែឈើគ្រញូង ឆ្ពោះទៅខេត្ដកំពង់ចាម យ៉ាងគគ្រឹកគគ្រេង នាំទៅលក់ឲ្យ ឈ្មួញវៀតណាម។ សូមរំលឹកថាកន្លងមកក្រុមហ៊ុន ហួតម៉េងរីតា របស់លោកផ្កាយ៣ មិក សុផានណារ៉េត មិនត្រឹមតែបង្កប់ឈើល្មើសច្បាប់ ប៉ុណ្ណោះទេ គឺក្រុមហ៊ុន ហួតម៉េងរីតា ថែមទាំងបានផ្ទុកលើសទម្ងន់ បំផ្លាញផ្លូវស្ពានយ៉ាងធ្ងន់ធ្ងរ ជាច្រើនកន្លែង តាំងពីភាគឧត្តរ រហូតដល់ភាគខាងកើតនៃប្រទេសកម្ពុជា។
ក្រុមហ៊ុនហ៊ួតម៉េងរីតា បានទទួលសិទ្ធិវិនិយោគលើដីសម្បទានទំហំប្រមាណជិត១០០០០ហិកតា នៅភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មិនត្រូវបានធ្វើការដាំដុះ ជាដំណាំ កសិ-ឧស្សាហកម្ម តាមគោលការណ៍ របស់ក្រសួងកសិកម្ម ក៏ដូចជាគោលនយោបាយ របស់រាជរដ្ឋាភិបាលនោះទេ តែកន្លងមកគេមើលឃើញថា ជាក្រុមហ៊ុនធ្វើ ជំនួញឈើដ៏ខ្លាំងក្លា ព្រោះតែលោកផ្កាយ៣ មិក សាផាណារ៉េត ជាទីប្រឹក្សាផ្ទាល់របស់ សម្តេចគិតិព្រឹទ្ធបណ្ឌិតសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងជាមេបញ្ជាការរងអង្គរ័ក្សរបស់សម្តេចគិតិព្រឹទ្ធបណ្ឌិតអគ្គមហាធម្មពោធិសាល ជា ស៊ីម ដែលជាមនុស្សជំនិត លោកឧត្តមសេនីយ៍ផ្កាយ៣ យឹម លាង ជាអ្នកជាប់ពាក់ព័ន្ធនៃការព្រៃឈើ ប្រមូលទិញឈើ និងដឹកជញ្ជូនលើសទម្ងន់ យកទៅលក់តាមបណ្តាខេត្តផ្សេងៗ និងនាំចេញទៅប្រទេសវៀតណាម៕ ដោយ ផ្កាច័ន្ទ
http://ift.tt/1FM9Et2