ភ្ញៀវខាងកូនក្រមុំ និងភ្ញៀវកូនកម្លោះ វាយតប់គប់កែវចានដាក់គ្នាពេញរោងការ ប៉ូលិសចូលទៅឃាត់ត្រូវមួយកែវបែកមុខ
ខេត្តកំពង់ចាម៖ កំពុងតែហូបអាហារលូកខ្វែងដៃខ្វែងជើងឆ្ងាញ់នឹងអាហារលើតុ អ្នកខ្លះក៏មានអារម្មណ៍ស្រវឹងស្រឿងៗបន្តិចទៅហើយ ស្រាប់តែភ្ញៀវខាងកូនក្រមុំ និងភ្ញៀវខាងកូនកម្លោះវ័យស្ទាវៗបានគងសំដីគ្នារហូតឈានដល់វាយបើកឆាកវាយតប់គប់ ខ្លះទាញចាន ខ្លះទាញកែវគប់ដាក់គ្នាផ្អើលពេញរោងការធ្វើឲ្យភ្ញៀវមួយចំនួនខ្លះក្រាបក្រោមតុ និងខ្លះទៀតរត់ចោលតុអាហារ។ ភ្លាមនោះកម្លាំងប៉ូលិសចំនួន៣នាក់ដែលសាមីដើមការបានពឹងពាក់ឲ្យជួយរក្សាសន្តិសុខនោះបានរត់ចូលទៅជួយឃាត់ តែក្នុងចំណោមកម្លាំងប៉ូលិស៣នាក់នោះ លោក សែម សុផល នាយរងប៉ុស្តិ៍បានរងបានរបួសបែកចិញ្ចើម ខាងឆ្វេង ដោយសារតែលោកសម្រុកចូលទៅបំបែកហ្វូងមនុស្សកំពុងតែវាយតប់គ្នានោះហើយក៏ត្រូវគេគប់ចំមួយកែវ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៩ និង៤០នាទី យប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ នៅក្នុងពិធីមង្គលការមួយ ស្ថិតក្នុង ភូមិព្រែកអណ្តូង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។
ក្រោយពីកើតហេតុកម្លាំងនគរបាលបានការស្រាវជ្រាវ កំណត់មុខសញ្ញា ជនសង្ស័យ ក៏ឈានទៅឃាត់ខ្លួនពួកបំផ្ទុះហិង្សាបានចំនួន២នាក់ នៅវេលាម៉ោង ១២យប់ ១-ឈ្មោះ សួ សុខឃឿនអាយុ១៧ឆ្នាំ ភេទប្រុស រស់នៅភូមិវត្តចាស់ឃុំ បារាយស្រុកព្រៃឈរ ខេត្តកំពង់ចាម ២-ឈ្មោះផា ផាត អាយុ១៩ឆ្នាំ ភេទប្រុស រស់នៅភូមិរោយជ្រូក ឃុំបារាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បច្ចុប្បន្នជនសង្ស័យទាំង២ ត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកកងមាសដើម្បីសាកសួរ និងកសាងសំណុំរឿងនឹងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។
ដោយឡែក លោក សែម សុផល នាយរងប៉ុស្តិ៍ ដែលរងរបួសបែកចិញ្ចើម ខាងឆ្វេង ហើយត្រូវបាននាំយកទៅព្យាបាល នៅពេទ្យបង្អែក ព្រៃឈរ។ លោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម បានចាត់ស្នងការរង ០២នាក់ ចុះទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់ នគរបាល ដែលរងរបួស ហើយជាមួយគ្នានោះ លោកឧត្តមសេនីយ៍ស្នងការ បានជួយឧបត្ថម្ភដល់លោកនាយរងប៉ុស្តិ៍ ដែលកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យ នូវថវិកាចំនួន ៥0ម៉ឺនរៀលផងដែរ៕
http://ift.tt/1BTs9YH