លោក សំរ៉ង ឌីវិចិត្រ អាងអំណាចលោក ចាយ សាមិត្តជាបងថ្លៃ លោកសាយ សំអាល់ បាននៅពីក្រោយខ្នងឧកញ៉ា លឹម ប៊ុណ្ណា និងឧកញ៉ា ថៃ លួចសម្រុកកាប់ឈើតាមអំពើចិត្តក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ធ្វើអាជីវកម្មនាំចេញទៅវៀតណាម
ខេត្តមណ្ឌលគិរី៖ បន្ទាប់ពីគេហទំព័រនៃកាសែតខ្មែរអង្គរ បានចុះផ្សាយ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ អំពីសកម្មភាពលួចកាប់ និងដឹកជញ្ជូនឈើដ៏ទ្រង់ទ្រាយធំ ប្រើប្រាស់រថយន្តបង្កុងខ្នាតធំៗរាប់សិបគ្រឿង ដឹកចេញពីដែនព្រៃ អភិរក្សសហគមន៍ និងដែនជម្រកសត្វព្រៃភ្នំព្រេច ដោយសេចក្តីរាយការណ៍នោះបានចោទសំដៅទៅលើ ក្រុមហ៊ុន កសិកម្មខ្មែរអង្គរ ខូអិលធីឌី (KAKSEKAM KHMER ANGKOR CO.,LTD) ដែលមានទីតាំង នៅឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាអ្នកប្រព្រឹត្ត។ ដោយជាក់ស្តែងរថយន្តដែលផ្ទុកឈើហ៊ុបធំៗសម្រុកដឹកចូលទីតាំងការដ្ឋានក្រុមហ៊ុនទាំងយប់ទាំងថ្ងៃ ដែលមួយថ្ងៃៗមិនក្រោមពី៥០ទៅ៦០ឡាននោះទេ។ ប៉ុន្តែករណីនេះ លោក អៀប ភៃ (ហៅ អៀប ប៉ៃ) ប្រធានក្រុមហ៊ុន កសិកម្មខ្មែរអង្គរ ខូអិលធីឌី បានចេញមកបដិសេធថាពុំមានការពាក់ព័ន្ធ និងមិនមែនជាស្នាដៃរបស់ក្រុមហ៊ុនលោកនោះទេ។
លោក អៀប ភៃ ប្រធានក្រុមហ៊ុន កសិកម្មខ្មែរអង្គរ បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនរបស់លោកគ្មានការជាប់ពាក់ព័ន្ធ នឹងរឿងសកម្មភាពលួចបាក់ឈើក្នុងដែនព្រៃអភិរក្សសហគមន៍ និងដែនជម្រកសត្វព្រៃភ្នំព្រេច នាបច្ចុប្បន្ននេះទេ ពី ព្រោះក្រុមហ៊ុនរបស់លោក ត្រូវបានរដ្ឋាភិបាលចេញលិខិតលេខ ១៤៧១ សជណ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ ដែលចុះហត្ថលេខាដោយ លោក តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និរាករណ៍លើលិខិតលេខ ១០០៤ សជណ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលផ្តល់ គោលការណ៍វិនិយោគដល់ក្រុមហ៊ុន កសិកម្មខ្មែរអង្គរ ខូអិលធីឌី (KAKSEKAM KHMER ANGKOR CO.,LTD) លើផ្ទៃដីទំហំ ៩១៦០ហិកតា ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ភូមិសាស្ត្រខេត្តមណ្ឌល់គិរី ហើយបានប្រគល់ដីដកហូតទាំងអស់នោះជូនដែនជម្រកសត្វព្រៃភ្នំព្រេច ដែលគ្រប់គ្រងដោយលោក សំរ៉ង ឌីវិចិត្រ និងក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានរួចរាល់ទៅហើយ។
លោក អៀប ភៃ ប្រធានក្រុមហ៊ុន កសិកម្មខ្មែរអង្គរ បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីរដ្ឋាភិបាលចេញលិខិតដកហូតដីសម្បទានទាំងស្រុងពីលោក ក្រសួងបរិស្ថានក៏បានចេញលិខិតលេខ០១៣ សជណ.ប.ស្ថ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ ដែលចុះហត្ថលេខាដោយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ជាដាច់ណាត់ឲ្យ ក្រុមហ៊ុន កសិកម្មខ្មែរអង្គរ ខូអិលធីឌី រុះរើសំណង់ និងសម្ភារៈនានាចេញពីទីតាំងក្រុមហ៊ុន រយៈពេល ០១ខែយ៉ាងយូរ ដោយមិនអាចពន្យាពេលបានជាដាច់ខាត។ ដោយក្រសួងបរិស្ថានព្រមាន ចាត់វិធានការបើយឺតយ៉ាវរុះរើ ដោយពុំទទួលខុសត្រូវការខូចខាតសម្ភារៈអ្វីឡើយ។ ឆ្លើយតបនឹងបញ្ហាអាសន្ននេះ លោក អៀប ភៃ បានប្រកាសបញ្ឈប់បុគ្គលិកកម្មករទាំងអស់ ហើយបានរុះរើសំណង់ សម្ភារៈនានាចេញអស់ពីទីតាំង ដីសម្បទាន ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចតាំងពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥ នោះមកម្ល៉េះ។ ហេតុដូចនេះហើយ ក្រុមហ៊ុន លែងមានវត្តមាន និងការទទួលខុសត្រូវរាល់បញ្ហាដែលកើតឡើងក្នុងទីតាំងនោះទៀតហើយៗគ្មានទេការលួចកាប់ ការដឹកជញ្ជូន ការប្រមូលទិញឈើនៅទីនោះ។
លោក អៀប ភៃ បានរំលឹកថា មុនពេលរដ្ឋាភិបាលដកហូតដីសម្បទានពីគាត់ លោក សំរ៉ង ឌីវិចិត្រ នាយដែនជម្រកសត្វព្រៃភ្នំព្រេច ដែលជាប្អូនថ្លៃ លោក ចាយ សាមិត្ត ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយករដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបិរិស្ថាន ធ្លាប់មកទាក់ទងគាត់សុំឲ្យ លោកឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ជ្រកលើដីសម្បទានខ្មែរអង្គរបានកាប់ឈើនៅតំបន់នោះ តែលោក អៀប ភៃ ខ្លាចមានកំហុសជាមួយរដ្ឋាភិបាលក្នុងរឿងឃុបឃិតគ្នានេះ លោកបានបដិសេធ ដែលរឿងនេះបានធ្វើឲ្យលោក សំរ៉ង ឌីវិចិត្រ អាក់អន់ចិត្តដាច់លាភដែលអាចទទួលបានពី លោកឧកញ៉ា លឹម ប៊ុណ្ណា រាប់សែនដុល្លារប្រសិនបើសម្រេចរឿងនោះ។ ក្រោយមក លោកឧកញ៉ា ថៃ ជាអ្នកជំនួញឈើដែរនោះបានសុំកាប់ឈើ និងសុំទិញអាជ្ញាប័ណ្ណនាំឈើ (PC) របស់ក្រុមហ៊ុនកសិកម្មខ្មែរអង្គរដែលមានឈើលេខ១ (សុក្រម,ផ្ចឹក,ឈ្លីក) ណិងក្រហមប្រមូលបានពីឈូសឆាយដីចំនួន១៦៩៣.៥១៧ (មួយពាន់ប្រាំរយកៅសិបបី) ម៉ែត្រគុបដែលបានបង់ពន្ធជូនក្រសួងបរិស្ថានរួចរាល់ហើយនោះ តែលោក អៀប ភៃ មិនបានលក់អាជ្ញាប័ណ្ណនាំឈើឲ្យលោកឧកញ៉ា ថៃទេ ។ លោក អៀប ភៃ ថាលោកមិនមែនអ្នករកស៊ីឈើពិបាករកទីផ្សារណាស់ ចេះតែរក្សាវាទុកទៅ ដោយសារឈើលេខ១ក្នុង១ម៉ែត្រគុប ថ្លៃដើម(ពលកម្ម+ បង់ពន្ធ+ក្រោមតុ+ដឹកជញ្ជូន)៦០០$ តែតម្លៃលក់ចេញលើទីផ្សារបោះតាមដេប៉ូ១ម៉ែត្រគុប៤៥០$។
ទីបញ្ចប់ឈើលេខ១ និងឈើក្រហមច្រៀករួចចំនួន ១៦៩៣.៥១៧ ម៉ែត្រគុបដែលបានបង់ពន្ធរួចទៅហើយនោះ ត្រូវក្រសួងបរិស្ថានរឹបអូសយកជាមួយអាជ្ញាប័ណ្ណនាំចេញ ថែមទាំងបណ្តេញក្រុមហ៊ុនកសិកម្មខ្មែរអង្គរចេញពីដីសម្បទានយ៉ាងតក់ក្រហល់។ ក្រោយពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥ ក្រុមហ៊ុន កសិកម្មខ្មែរអង្គរ បានចេញផុតពីការដ្ឋានភ្លាម ត្រូវបានចូលកាន់កាប់ដោយអ្នករកស៊ីឈើគឺ លោកឧកញ៉ា លឹម ប៊ុណ្ណា និងលោកឧកញ៉ា ថៃ ហើយបានធ្វើឲ្យទីនោះមានសភាពអ៊ូអរជាមួយនឹងឡានបង្កុងធំៗដឹកឈើកាប់ថ្មីចេញមកពីព្រៃសហគមន៍ការពារ និងដែនជម្រកសត្វព្រៃភ្នំព្រេចកាប់ចេញពីតំបន់ត្រពាំងដៃខ្លាដឹកតាមផ្លូវក្រួសក្រហម ធ្វើដោយក្រុមហ៊ុនកសិកម្មខ្មែរអង្គរ រួចចូលមកអតីតទីតាំងការដ្ឋានយ៉ាងមមាញឹកដោយមានម៉ាស៊ីនចាំអារច្រៀក ដែលរូបភាពនេះបានធ្វើឲ្យអ្នកមិនបានដឹងរឿង ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់នោះមានការយល់ច្រឡំថាជាសកម្មភាពលួចកាប់ឈើខុសរបស់ក្រុមហ៊ុនកសិកម្មខ្មែរអង្គរទៅវិញ តែមានតែ លោក សំរ៉ង ឌីវិចិត្រ នាយដែនជម្រកសត្វព្រៃភ្នំព្រេច ប្រចាំការទីនោះទេទើបដឹងរឿងនេះច្បាស់។
ប្រភពសុំមិនបញ្ចេញឈ្មោះដោយឡែកមួយទៀតបានបង្ហើបឲ្យដឹងថា ក្រសួងបរិស្ថានបានលក់អាជ្ញាប័ណ្ណនាំឈើរបស់ក្រុមហ៊ុនកសិកម្មខ្មែរអង្គរ ឲ្យលោកឧកញ៉ា លឹម ប៊ុណ្ណា និងលោកឧកញ៉ា ថៃ ដើម្បីមានសិទ្ធិដឹកឈើដែលបានរឹបអូសពីក្រុមហ៊ុនកសិកម្មខ្មែរអង្គរកាត់ (PC) នាំចេញទៅលក់នៅទីផ្សារ។ តែដោយមានការឃុបឃិតពីលោក សំរ៉ង ឌីវិចិត្រ នាយដែនជម្រកសត្វព្រៃភ្នំព្រេច ដែលជាប្អូនថ្លៃ លោក ចាយ សាមិត្ត ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយករដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបិរិស្ថានដ៏មានអំណាច បានបង្កឱកាសឲ្យមេឈ្មួញបំផ្លាញព្រៃឈើទាំងពីរនាក់នេះកាប់ឈើថ្មី ពីដែនព្រៃអភិរក្សសហគមន៍ និងដែនជម្រកសត្វព្រៃភ្នំព្រេចតាមអំពើចិត្តដឹកជញ្ជូនយ៉ាងគគ្រឹគគ្រេងចូលទីតាំងអតីតការដ្ឋានក្រុមហ៊ុនកសិកម្មខ្មែរអង្គរធ្វើការអារច្រៀកដាក់បន្លំជាមួយឈើចាស់នាំចេញទៅកាន់ទីផ្សារក្នុងស្រុក និងឈើប្រណីតនាំចេញទៅវៀតណាម។
ប្រភពបានបន្តថា ករណីអនាធិបតេយ្យកាប់បំផ្លាញព្រៃឈើ យ៉ាងចំហនេះថា លោក ឈិត សុផល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីគ្មានប្រតិកម្មទាល់តែសោះ ចំណែក លោក សាយ សំអាល់ ត្រូវបានគេចោទថា ជាមេដើមគំនិតនៅពីក្រោយការកាប់បំផ្លាញព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំព្រេចនោះ។ ពីព្រោះចាប់ពីផ្ទុះការលួចកាប់ព្រៃឈើចាប់តាំងពីខែមករា ឆ្នាំ២០១៥នោះមក លោក សាយ សំអាល់ មិនបានដាក់ពិន័យលើ លោក សំរ៉ង ឌីវិចិត្រ លោក ចាយ សាមិត្ត លោក ឈិត សុផល ឬប្តឹងចាប់ពួកមេឈ្មួញកាប់ឈើនោះទេ ដែលហាក់ដូចជាត្រូវដងត្រូវផ្លែនឹងគ្នាយ៉ាងរលូនទាំងលើរលូនទាំងក្រោម។ ករណីនេះមានតែសម្តេចតេជោ ហ៊ុន សែន ទេទើបអាចបញ្ឈប់សកម្មភាពបំផ្លាញព្រៃឈើល្មើសច្បាប់នៅតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេចនោះបាន៕ ដោយ ឦសាន២
http://ift.tt/1IHc12x