នគរបាលល្បាត ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន ក្រុមខ្ទើយ៣នាក់ ក្រោយបន្លំលួច ទ្រព្យសម្បត្តិ របស់មេឃុំវាំងចាស់
ភ្នំពេញៈ កម្លាំងនគរបាលល្បាត របស់ខណ្ឌពោធិ៍សែនជ័យ បានចេញជួយអន្តរាគម រហូតឃាត់ខ្លួន ក្រុមខ្ទើយចំនួន៣នាក់ បន្ទាប់ពីពួកគេ បានធ្វើសកម្មភាព បន្លំលួចទ្រព្យសម្បត្តិ របស់បុរសម្នាក់ ដែលកំពុងឈប់ រថយន្តរងចាំបងប្អូនរបស់ខ្លួន នៅតាមដងផ្លូវ។ ហេតុការណ៍តាមចាប់ ក្រុមខ្ទើយទាំង៣នាក់ ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១០ ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានឲ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់បើករថយន្ត កាមរីបាឡែនមកឈប់នៅតាមផ្លូវ ក្នុងភូមិព្រៃជីស័ក ដើម្បីរងចាំទទួលបងប្អូនរបស់ខ្លួន ពេលជនរងគ្រោះកំពុងឈប់ រថយន្តរងចាំសាច់ញាតិនោះ ស្រាប់តែលេចមុខក្រុមខ្ទើយទាំង៣នាក់ ជិះម៉ូតូអាយខុនមួយគ្រឿង មកសួរជនរងគ្រោះ ថាត្រូវការម៉ាស្សាឬទេ។
លោក យឹម សារ៉ាន់ បានបន្តទៀតថា ខណៈជនរងគ្រោះបានឆ្លងឆ្លើយពាក្យសម្តីជាមួយជនសង្ស័យម្នាក់ ស្រាប់តែបក្ខពួក ពីរនាក់ផ្សេងទៀតបានបន្លំលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះ នៅក្នុងរថយន្តរួចបើកម៉ូតូរត់គេចខ្លួន។ អធិការខណ្ឌពោធិ៍សែនជ័យបានបន្តទៀតថា ក្រោយពីជនសង្ស័យទាំង៣នាក់បើកម៉ូតូកំពុងរត់គេចខ្លួននោះ ជនរងគ្រោះ បានស្រែកឆោរឡោ ក៏លឺដល់កម្លាំងនគរបាលល្បាតរបស់លោក ហើយចុះមកជួយអន្តរាគម ដេញចាប់ជន សង្ស័យទាំង៣ នាក់នេះបាននៅចំណុចភូមិព្រៃទា ព្រមទាំងដកហូតបានមកវិញ នូវទ្រព្យសម្បត្តិជនរងគ្រោះ។
ក្រោយការឃាត់ខ្លួន ជនសង្ស័យជាមនុស្សខ្ទើយទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែន ជ័យដើម្បីបន្តការសួរនាំចាត់ការតាមនីតិវិធី។
បើតាមលោកយឹម សារ៉ាន់ ជនសង្ស័យទាំងបីនាក់ មានមុខរបរជាជាងអ៊ុតសក់ នៅម្តុំទួលសង្កែ ប៉ុន្តែនៅពេលយប់ពួកគេ បានធ្វើសកម្មភាពបន្លំលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ហើយដល់ថ្ងៃអស់ល័ក្ខ ត្រូវបានបង្ក្រាប់ ពីសមត្ថកិច្ចរបស់លោក។
យោងតាមមន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ជនរងគ្រោះក្នុងអំពើលួចនេះមានតួនាទីជាមេឃុំវាំងចាស់ ស្រុកឧត្តង្គ ខេត្តកំពង់ស្ពឺ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1B4y4NK