កូនអ្នកមានទ្រព្យ បើករថយន្ត ទាំងស្រវឹង យ៉ាងលឿនទៅ បុករ៉ឺម៉ក់កង់បី និងបារ៉ាស់ តាមផ្លូវ
ភ្នំពេញ ៖ កូនអ្នកមាន ទ្រព្យសម្បត្តិម្នាក់ ដែលស្រវឹងជោគជាំនោះ បានបើករថយន្ត សេរីទំនើប របស់ខ្លួន ជ្រុលទៅបុក រ៉ឺម៉ក់ម៉ូតូកង់បី ម៉ូតូ និងបារ៉ាស់ឃាំងផ្លូវ ជាប់របងព្រះបរមរាជវាំង បណ្តាល ឲ្យប៉ើងខ្ទេចខ្ទី ចំនួន២ផ្ទាំង តែសំណាងល្អ មិនបង្កឱ្យអ្នកណាម្នាក់ រងរបួសនោះទេ កាលពី វេលាម៉ោង១២ និង៤៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅខាងជើង ព្រះបរមរាជវាំង តាមបណ្តោយផ្លូវព្រះសុធារស កែងផ្លូវលេខ១៨៤ ស្ថិត ក្នុងសង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ ។
មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា អ្នកបើកបរ រថយន្តឈ្មោះ ចាន់ ឧត្តម អាយុ២៩ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុន ស្នាក់នៅ ផ្ទះលេខ១៣A ផ្លូវលេខ ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ ចំណែកអ្នកបើករឺម៉ក់ម៉ូតូឈ្មោះ ម៉ែន ម៉ន ភេទប្រុស អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
តាមសាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តសេរីទំនើបម៉ាក Cayenne GTS មួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2N-5716 បើកដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ ក្នុងរថយន្ត ហើយមានអាការៈស្រវឹង បានបើកក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវសុធារស ទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេង បំរុងឡើងទៅផ្លូវលេខ១៨៤ តែបួងចង្កូតមិនទាន់ក៏ជ្រុល ទៅបុករះរ៉ឺម៉ក់ម៉ូតូកង់បី និងម៉ូតូមួយគ្រឿង ដែលឈប់ចតស្ងៀម បណ្តាលឱ្យប៉ើងឡើងខ្ទាត ទៅលើឃឿនផ្លូវ បណ្តាលឲ្យរងការខូចខាត ថែមទាំងបុក បារ៉ាស់ ឃាំងផ្លូវជាប់របងព្រះបរមរាជវាំង ចំនួន២ផ្ទាំងទៀត តែសំណាងល្អ មិនបង្កឱ្យអ្នកណាម្នាក់រងរបួសនោះទេ ។
ភ្លាមៗនោះ សមត្ថកិច្ចដែលនៅជិតកន្លែងកើតហេតុ បានមកអន្តរាគមន៍ភ្លាមៗ ឃាត់អ្នកជិះក្នុង រថយន្តទាំង២នាក់ ទៅបុស្តិ៍នគរបាលរដ្ឋបាល ជ័យជំនះ ជាបណ្តោះអាសន្ន និងបានសហការជាមួយ ជំនាញធ្វើការវាស់វែង ស្ទូច យករថយន្តបង្ក រ៉ឺម៉ក់ម៉ូតូកង់បី និងម៉ូតូ យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយ នាពេលក្រោយបន្តទៀត៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1Mjt6zC