ម៉ូតូ២គ្រឿងជិះកៀរគ្នាបណ្តាលឲ្យដួលហើយខ្ទាតចូលក្រោមរថយន្តធុនធំ កិនស្លាប់ម្នាក់
ខេត្តបន្ទាយមានជ័យ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយសារតែម៉ូតូ២គ្រឿងជិះកៀរគ្នាបណ្តាលឲ្យដួលហើយខ្ទាតផ្លាតចូលក្រោមរថយន្តធុនធំកិនស្លាប់ម្នាក់ភ្លាមៗ។ ហេតុការនេះនៅវេលាម៉ោង១០ និង២៥នាទី កាលពីម្សិល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលចរាចរស្រុកព្រះនេត្រព្រះបានប្រាប់ថានៅពេលដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺមានម៉ូតូ២គ្រឿងបានជិះស្របគ្នាក្នុងល្បឿនលឿនពីទិសដៅពីកើតទៅលិច ជនរងគ្រោះ ដែលជិះម៉ូតូធុនហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បានជិះប្រជែងគ្នាជាមួយម៉ូតូធុន ហុងដា ១គ្រឿងទៀតបានគៀគ្នាហើយដួលជនរងគ្រោះចូលក្រោម រថយន្តម៉ាកហីណូបពណ៌ស កង់១០ពាក់ស្លាកលេខបាត់ដំបង ៣A-0277 បានកិនស្លាប់អូសប្រមាណជាង១០ម៉ែត្រ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ឆែម មៀល ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ក្រោយពេលគ្រោះថ្នាក់ចរាចរហើយម៉ូតូដែលបង្កបានបើកគេចខ្លួន និងអ្នកបើករថយន្តបានបើកទ្វារត់គេចខ្លួនចោលរថយន្ត។ ក្រោយពីកើតហេតុគេឃើញមាននគរបាលចុះវាស់វែងរួចរាល់ ហើយយកម៉ូតូជនរងគ្រោះ និងរថយន្តបង្កយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បី រង់ចាំដោះស្រាយតាមច្បាប់នាពេលក្រោយ៕ដោយ យីហាំង
http://ift.tt/1ECSgKz