រដ្ឋមន្រ្តីព័ត៌មាន ៖ មនុស្សមួយចំនួន នៅតែយក facebook ធ្វើជាវេទិកា ជេរប្រមាថ និងបំភ្លើសព័ត៌មាន
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា មនុស្សមួយចំនួននៅ តែយក facebook ធ្វើជាវេទិកា ជេរប្រមាថ មួលបង្កាច់ បំភ្លៃ បំផ្លើស ញុះញង់ អុជអាល បញ្ឆេះ កំហឹង រើសអើង ជាតិសាសន៍ ប្រើពាក្យអាសុរស ប្រើរូបភាពកាត់ត ប្រើរូបភាពអាសអាភាស កាត់តសំឡេង បញ្ចូល សំឡេងថ្មី ដែលធ្វើឲ្យច្របូកច្របល់ និងធ្វើឲ្យស្រអាប់ដល់ តម្លៃនៃ សីលធម៌សង្គម។
លោករដ្ឋមន្រ្តី បានមានប្រសាសន៍ នៅក្នុងពិធីបូកសរុបការងារ ព័ត៌មាននិងសោតទស្សន៍ ឆ្នាំ២០១៤ និងលើក ទិសដៅ ឆ្នាំ២០១៥ នាទីស្តីការក្រសួង នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥ថា ទោះបីជា គេប្រើ facebook មិនល្អនៅលើ ផ្លូវមួយចំនួនក៏ដោយ ប៉ុន្តែបណ្តាញទំនាក់ទំនងសង្គមមួយនេះ បានក្លាយ ជាមធ្យោបាយបញ្ជូនព័ត៌មាន ចែកចាយព័ត៌មាន និងធ្វើអត្ថាប្បាយបញ្ចេញមតិ យោបល់ទៅ វិញទៅមកយ៉ាងពេញនិយម តែមិនមែនជាព័ត៌មានផ្លូវការដែលគួរឲ្យទុកចិត្ត ទាំងស្រុង នោះទេ។
លោក ខៀវ កាញារីទ្ធិ បន្ថែមថា អ្នកដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមិនល្អ ប្រើ លាក់អត្តសញ្ញាណរបស់ខ្លួន និងជាអ្នករស់នៅក្រៅប្រទេស ដែលពុំយល់ច្បាស់ ពីសភាព ការណ៍ពិតនៅកម្ពុជា។ ទោះយ៉ាងណាក៏ដោយ ក្រសួងព័ត៌មានវាយតម្លៃថា បណ្តាញទំនាក់ ទំនងសង្គម នៅតែមានសារៈសំខាន់បើប្រើប្រាស់ឲ្យបានត្រឹមត្រូវ។
លោកថា ក្រសួងមិនមានបំណងបិទបណ្តាញទំនាក់ទំនងសង្គមទាំងនោះទេ។
ដោយឡែកទាក់ទងនឹងវិទ្យុFMនៅតាមបណ្តាខេត្តវិញ លោកថា នៅពុំទាន់ប្រទាក់ ក្រឡាគ្នា ឲ្យបានល្អនៅឡើយទេជាពិសេសការបញ្ជូនព័ត៌មាន ឲ្យជួយផ្សាយបន្តគ្នា ពីខេត្តមួយទៅ ខេត្តមួយទៀតតាមរបៀបយុទ្ធសាស្រ្តរបស់ខ្យង ដើម្បីយកឈ្នះទន្សាយ ធ្វើពុំទាន់បាន ល្អនៅឡើយទេ។មន្រ្តីទទួលបន្ទុកព័ត៌មាននៅតាមខេត្ត នៅមិនទាន់ចេះរបៀប ធ្វើការឲ្យបានរលូននៅឡើយ ទន្ទឹមនឹងនោះនៅតែខ្វះសម្ភារៈមួយចំនួន សម្រាប់ដំណើរការ។ ប៉ុន្តែជាទូទៅអាចវាយតម្លៃបានថា វិសាលភាពនៃការផ្សព្វផ្សាយបានគ្របដណ្តប់នៅ ទូទាំងប្រទេសនិងបានផ្សាយចេញ ទៅពិភពលោក ខាងក្រៅទៀតផង៕
ផ្តល់សិទ្ធិដោយ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/18j73f8