អត្ថន័យពិធីសែន ឆេង ម៉េង របស់ជនជាតិចិន
ពិធីសែន ឆេងម៉េង ឬហៅថា សែនផ្នូរ ជាពិធីប្រពៃណីមួយរបស់បងប្អូនជនជាតិ ឬជាប់ខ្សែស្រឡាយចិន តែតែងប្រារព្ធពិធីនេះ ជារៀងរាល់ឆ្នាំ សម្រាប់រំលឹកគុណដូនតា កុងម៉ា និងឳពុកម្តាយ ដែលបានចែកឋាន ហើយក៏សូមឲ្យវិញ្ញាណរបស់ដូនតា កុងម៉ា និងឳពុកម្តាយ សាច់ញត្តិទាំងអស់ ជួយថែរក្សាកូនចៅ ឲ្យមានសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។
លោកគ្រូហោរាចិនសែ ចាំង ហាំងឡុង ជំនាញផ្នែកហោរាសាស្ត្រ និងទស្សន៍ទាយតាមក្បួនតម្រាចិន បានឲ្យដឹងថា ថ្ងៃសែនឆេងម៉េងឆ្នាំនេះ គឺចាប់ពីថ្ងៃទី០១ ដល់ទី៥ ខែមេសា ឆ្នាំ២០១៥ ដែលល្អជាងគេសម្រាប់សែនក្នុងឆ្នាំនេះ ប៉ុន្តែតាមទំនៀមទម្លាប់របស់ជនជាតិចិន គឺគេអនុញ្ញាតឲ្យសែនមុន៣ថ្ងៃនៃថ្ងៃសែនធំ ដោយសារតែកូនចៅចិនខ្លះ មានការរស់នៅឆ្ងាយៗពីគ្នា ម្យ៉ាងទៀតបើនៅប្រទេសចិនវិញ គឺមានស្ថានដីធំ ពួកគេមិនអាចធ្វើដំណើរតែមួយថ្ងៃដល់ផ្នូរ ឬកន្លែងតម្កល់សពដូនតាពួកគេបានទេ ដូច្នេះហើយពួកគេអាចមកសែនមុនថ្ងៃសែនធំនោះពីរបីថ្ងៃមុនក៏បាន ឬក្រោយមុនថ្ងៃសែនធំនោះក៏បាន មិនមានការខុសឆ្គងអ្វីនោះទេ សំខាន់ឲ្យតែពួកគេមានចិត្តនឹកដល់ដូនតា ឬកុងម៉ា។
នៅក្នុងពិធីសែន កូនចៅ ត្រូវបោសសំអាតផ្នូរឲ្យបានស្អាត រួចគេយកក្រដាស ប្រក់ផ្នូរ យកដីរោយពីលើ និងស្រោចទឹក។ បន្ទាប់មក គេសែនម្ហូបអាហារទៅតាមគ្រួសារនីមួយៗទៅតាមលទ្ធភាព។ អ្នកមានលទ្ធភាព គេសែនជ្រូកខ្វៃ បាយ សម្ល ស្រា តែ និងផ្លែឈើច្រើនមុខ ជាដើម។ រីឯអ្នកគ្មានលទ្ធភាព គេសែនត្រឹមបាយ ម្ហូប ៣ ចាន និងផ្លែឈើ ៣មុខក៏បាន។
ឯកឧត្តម ជា មុនីឫទ្ធិ នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ពិធីបុណ្យឆេងម៉េង រៀបចំឡើងក្នុងគោលបំណងសំខាន់៤ យ៉ាងគឺ ទី១-ការជួបជុំសមាជិកគ្រួសារ ដែលអាចមានទំហំធំជាងការជួបជុំសមាជិកគ្រួសារក្នុងឱកាសចូលឆ្នាំ តែមិនអ៊ូអរដូចឱកាសចូលឆ្នាំដោយសារមិនមានមិត្តភក្តិ ឬអ្នកជិតខាងចូលរួម។ ទី២-ការសែនព្រេនឧទ្ទិសដល់អ្នក ដែលបានចែកឋានទៅនៅនឹងកន្លែងដែលសពតាំងនៅ។ ទី៣-ការចូលរួមសម្អាតបរិស្ថាន និងការកែលម្អកន្លែងដែលសពតាំងនៅ និងទី៤-ការបណ្តុះបាននូវវប្បធម៌ដឹងគុណសម្រាប់ជំនាន់ក្រោយៗឱ្យបន្តមរតកនេះ។
ពិធីបុណ្យឆេងម៉េង នៅប្រទេសចិន មានប្រវត្តិជាង ២ពាន់ឆ្នាំកន្លងមកហើយ តាំងពីសម័យនគរចូវមកម្ល៉េះ។ ជនជាតិចិន មានវប្បធម៌គ្រួសារនិយមខ្លាំងណាស់ ដូច្នេះត្រកូលរបស់គេមួយៗ គឺត្រូវបានលើកតម្កើង ពិសេស ផ្នូរបុព្វបុរស ដែលគ្រួសារម្នាក់ៗស្លាប់ទៅ គឺត្រូវបានជ្រើសរើសទីតាំងល្អមានហុងស៊ុយ សម្រាប់បញ្ចុះ ដោយជំនឿថា ដូនតារបស់គេ នឹងជួយដល់កូនចៅឲ្យរកស៊ីមានបាន។
from Khmernote - The best entertainment website in Cambodia http://ift.tt/19JlABH