នគរបាល ខេត្តកែប ហៅមនុស្ស១២នាក់ មកសួរនាំ ជុំវិញការ លង់ ទឹកស្លាប់ នៅអាងហែលទឹក សណ្ឋាគារ Rock Royal
កែប៖ ស្នងការ នគរបាលខេត្តកែប លោកឧត្តមសេនីយ៍ អ៊ីង សំអុល បានថ្លែងឲ្យដឹងថា មនុស្សចំនួន១២នាក់ រួមមាន តំណាងសណ្ឋាគារ Rock Royal អ្នកមើលការខុសត្រូវ អាង ហែលទឹក និងបុគ្គលិក សណ្ឋាគារត្រូវ បាននគរបាល របស់លោក ហៅមកសួរនាំ តាំងយប់កើតហេតុ និងរហូត មកដល់ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ ជុំវិញករណី ក្មេងប្រុស និងយុវជនវ័យជំទង់ ២នាក់ បានលង់ទឹកស្លាប់ នៅក្នុង អាងហែលទឹក របស់សណ្ឋាគារ ខាងលើ។
លោក ឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ក្រោយមាន ករណីនេះ កើតឡើងរួចមក គណៈកម្មាការចំរុះ មួយដែល មានអភិបាល រងខេត្តម្នាក់ ជាប្រធាន ត្រូវបាន បង្កើតឡើងដើម្បី ធ្វើការ ស្រាវជ្រាវ ចំពោះ ឧបត្តិហេតុនេះ តើជាការធ្វេសប្រហែល របស់ម្ចាស់សណ្ឋាគារ ឫយ៉ាងណានោះ? លោកស្នងការបានបន្តទៀតថា ក្រោយបញ្ចប់ ការសួរនាំ បញ្ហានេះ នឹងត្រូវដាក់ជូន ទៅអភិបាលខេត្ត និងព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត សុំគោលការណ៍សំរេចជាចុងក្រោយ។
បើស្នងការ លោកឧត្តមសេនីយ៍ អ៊ីង សំអុល «ក្រោយពេល កើតហេតុភ្លាមៗ នៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥ នៅព្រឹក ថ្ងៃទី១៦ ខែមេសា នៅល្ងាចថ្ងៃទី១៦ និងនៅ ព្រឹកថ្ងៃទី១៧ ខែមេសា មនុស្សចំនួន១២នាក់ រួមមាន តំណាង សណ្ឋាគារ អ្នកមើលការ នៅអាងហែលទឹក និងបុគ្គលិក ត្រូវ បានហៅមកសួរនាំ តែពួកគេត្រូវ បានឲ្យត្រឡប់ ទៅវិញហើយនៅ ព្រឹកថ្ងៃដដែលនេះ»។
ក្រោយការ បញ្ចប់ការសួរនាំរួច មកនោះ លោកស្នងការបានអះអាង ចំពោះក្មេងប្រុស រងគ្រោះដែលលង់ទឹកស្លាប់នោះ គឺមុន ពេលកើតហេតុ ជនរងគ្រោះ បានងូតនៅក្នុងអាងហែលទឹក របស់ក្មេងៗ តែរួចមកនោះ ស្រាប់តែចុះទៅ លេងនៅក្នុង អាងហែលទឹកមនុស្សជំទង់ ក៏លង់តែម្តង។
ដោយឡែក ចំពោះ យុវជនជំទង់នោះ គឺមុនពេលកើតហេតុ ជនរងគ្រោះ កំពុង អង្គុយមាត់អាងទឹក ដើម្បីស្រូបយកខ្យល់អាកាសធាតុ អម ជាមួយនឹងការហូបស្រាក្រហម តែពេលនោះ បានចុះងូតទឹក ចុះឡើងៗ លុះមួយសន្ទុះក្រោយមក ក៏បាត់ឈឹង ធ្វើឲ្យ មានការភ្ញាក់ផ្អើល និងស្លាប់តែម្តង។
យ៉ាងណាក៏ដោយ រហូតមកដល់ព្រឹកថ្ងៃដដែលនេះ អាងហែលទឹក របស់ សណ្ឋាគារ Rock Royal នៅបន្តបិទជាបណ្តោះអាសន្ន នៅឡើយទេ ដោយរង់ចំា ការសម្រេចចុងក្រោយ របស់អភិបាលខេត្ត និងព្រះរាជអាជ្ញា ទើបដឹង លទ្ធផលជាផ្លូវការ តើគួរឲ្យបើកវិញ ឫបន្ត បិទរហូតនោះ?
សូមបញ្ជាក់ថា កាលពីល្ងាច និងយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥ មានករណីលង់ទឹកស្លាប់ មនុស្សចំនួន២នាក់ នៅអាងហែលទឹក របស់សណ្ឋាគារ Rock Royal ក្នុងនោះ ម្នាក់ជាក្មេងប្រុសអាយុ៦ឆ្នាំ រស់នៅភូមិសំណង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងម្នាក់ទៀត ជាក្មេង ប្រុសជំទង់ អាយុ១៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ និងជាថៅថ្នាក់ រដ្ឋលេខាធិការក្រសួងម្នាក់៕
ផ្តល់សិទ្ធិដោយ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1HzaNYv