ក្រុមស្ទាវជនជាតិវៀតណាមបង្កជម្លោះគប់ដប និងកែវដាក់គ្នា និងបានដេញវ៉ៃយុវជនខ្មែរ១ក្រុមទៀតក្នុងក្លឹបកម្សាន្តត្រូវសមត្ថកិច្ចចាប់បាន២នាក់និងមួយចំនួនរត់គេចខ្លួន
ខេត្តកំពង់ឆ្នាំង៖ យុវជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួកគេជាច្រើននាក់ បានបង្កជម្លោះ វាយតប់គ្នា យុវជនមួយក្រុមទៀត គប់ដប និងកែវដាក់គ្នា និងបានដេញវ៉ៃគ្នាក្នុងក្លឹប ហើយត្រូវសន្តិសុខ ក្លឹបកម្សាន្ត សហការជាមួយសមត្ថកិច្ច នគរបាលក្រុងកំពង់ឆ្នាំង ធ្វើការចាប់ឃាត់ខ្លួនបាននៅវេលាម៉ោង ១១ និង៣០យប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងក្លឹបកម្សាន្តថ្មី យីហោ S.H ផាឡេសស្ថិតក្នុង ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយសង្ស័យថាស៊ីផឹកអត់លុយអោយគេទើបបង្ករឿង ដើម្បីគេចខ្លួន។
លោក ម៉ា យន្ត នាយផ្នែកនគរបាលព្រហ្មទ័ណ្ឌក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ យុវជនបង្កហេតុ ទាំង២នាក់នោះ ១.ឈ្មោះ សុខ ស្រ៊ី អាយុ១៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង និង២.ឈ្មោះ ហួត ឆៃ អាយុ២០ ឆ្នាំមានទីលំនៅនៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ។ ចំណែកជនរងគ្រោះរងរបួសនៅក្នុងអំពើហិង្សាខាងលើនេះមានឈ្មោះ វី សុភារិទ្ធ អាយុ២៣ឆ្នាំ មានទីលំនៅ ក្នុងភូមិថ្នល់ថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។
លោកបានបន្តថា៖ មុនពេលកើតហេតុយុវជនជនជាតិវៀតណាម និងបក្ខពួក មានគ្នាច្រើននាក់បានចូលទៅផឹកស៊ីនៅក្នុងក្លឹបខាងលើ ចាប់ពីម៉ោង៩ រហូតម៉ោងជាង១១យប់ ក៏មានជម្លោះជាមួយភាគីម្ខាងទៀត ទើបឈានដល់ការគប់ដប និងកែវដាក់គ្នា និងបានដេញវ៉ៃគ្នាក្នុងក្លឹប ទើបសន្តិសុខក្លឹប សហការជាមួយសមត្ថកិច្ចនគរបាលព្រទ័ណ្ឌព័ទ្ធចាប់បាន២នាក់ ក្នុងចំណោមបក្ខពួកជាច្រើនាក់ ។
ដោយឡែកជនរងគ្រោះរងឈ្មោះ វី សុភារិទ្ធ បានរបួសធ្ងន់បែកក្បាលត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ខេត្ត។ ករណីខាងលើនេះ សមត្ថកិច្ចក៏មានសង្ស័យផងដែរលើក្រុមក្មេងទំនើងទាំងនោះថា៖ ដោយគ្មានលុយអោយថ្លៃផឹកស៊ីទៅម្ចាស់ក្លឹបពេលជិតដល់ម៉ោងបិទក្លឹប ក៏បង្កបញ្ហាតែម្តង ព្រោះពេលសមត្ថកិច្ចចាប់បានម្នាក់ៗ គ្មានលុយ១រៀល ក្នុងហោប៉ៅនោះឡើយ ។
យុវជនសង្ស័យជនជាតិវៀតណាម ទាំង២នាក់នេះត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង កសាង សំណុំរឿងបញ្ជូនទៅស្នងការដ្ឋននគរបាលខេត្តដើម្បីបំពេញសំណុំរឿងបន្ថែម បញ្ជូនទៅតុលាការ ខេត្តតាមនិតិវិធី ដើម្បីចោទប្រកាន់ ផ្តន្ទាទោសតាមបញ្ញត្តិច្បាប់៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1Lb2RfI