ប្រជាការពារភូមិ ត្រូវក្រុមក្មេងស្ទាវព្រួតវាយអោយរងរបួសធ្ងន់ស្រាល៧នាក់
ខេត្តកំពង់ឆ្នាំង៖ ប្រជាការពារភូមិត្រពាំងគរ ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ៧នាក់បានរងរបួសធ្ងន់ និង ស្រាល ដោយត្រូវក្រុមក្មេងស្ទាវជាច្រើននាក់ដែលរស់នៅភូមិផ្សេង បានកាន់ដំបងព្រួតគ្នាដេញវាយ ដោយគ្មានមូលហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ខណៈ ដែលក្រុមប្រជាការពារទាំងអស់ខាងលើនេះកំពុងតែបំពេញភារកិច្ច របស់ខ្លួនការពារក្នុងការរាំលេងកម្សាន្តក្នុងពិធីខូបកំណើតកូនអ្នកភូមិម្នាក់នៅក្នុងភូមិ។
លោក សួស សារ៉ន ដែលជាប្រធានក្រុមប្រជាការពារក្នុងភូមិ និងជាជនរងគ្រោះក្នុងហេតុការណ៍ ខាងលើនេះបានអោយដឹងថា៖ នៅយប់កើតហេតុលោកបាននាំកម្លាំងក្រុមប្រជាការពារ៧នាក់ ការពារពិធីខាងលើ ដោយបានរៀបចំបណ្តាក់កម្លាំងការពារនៅជុំវិញកន្លែងរាំ ព្រោះខ្លាចមានរឿងរ៉ាវកើតឡើង ដោយប្រការណាមួយ។
លោក សួស សារ៉ន បានបន្តថា៖ នៅម៉ោងជាង១០យប់ពេលដែលចប់បទញាក់ ១បទក្រុមក្មេងស្ទាវ ទាំង នោះ ក៏នាំ គ្នាចេញពីវង់ដើរចេញមកក្រៅ ខណៈនោះក៏មានក្រុមប្រជាការពាររបស់លោក៣នាក់ ឈរនៅ ក្បែរច្រកចេញនោះផងដែរ ពេលឃើញក្រុមប្រជាការពារក្រុមក្មេងស្ទាវទាំងនោះក៏បាននិយាយ ឌឺដង អោយ ថា អញចង់វាយពួកអាឯង អោយរបួតមួកពីក្បាលដល់ហើយ។ ពេលដែលលឺក្រុមក្មេងស្ទាវទាំង នោះនិយាយបែបនេះ ក្រុមប្រជាការពាររបស់លោកក៏បានសួរទៅក្រុមក្មេងទាំងនោះវិញថា ហេតុអីបានជាពួកឯងចង់វាយក្បាលពួកអញ គ្រាន់តែពួកគាត់សួរតែប៉ុណ្ណឹងពួកក្មេងស្ទាវទាំងនោះបាននាំគ្នាទៅ ទាញយកអុសនៅក្នុងគំនរក្បែរនោះ ម្នាក់១ដើមវាយមកលើក្រុមប្រជាការពាររបស់លោកតែម្តង បណ្តាល អោយប្រជាការពារចំនួន៧នាក់ រងរបួសធ្ងន់ស្រាល ហើយពួកក្មេងស្ទាវបានរត់គេចបាត់អស់។
លោកមេភូមិត្រពាំងគរ បានអោយដឹងផងដែរថា៖ ក្រុមក្មេងទាំងអស់នោះត្រូវបានគេស្គាល់ថា ពួកគេ មានទីលំនៅក្នុងភូមិអូររោងដែលមានព្រំប្រទល់ភូមិជាប់គ្នានឹងភូមិរបស់លោក។ នៅព្រឹកនេះលោកនឹងនាំជនរងគ្រោះទាំងអស់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃបាក់ ដើម្បីអោយសមត្ថកិច្ចវែកមុខជកដៃដល់ និងរកយុត្តិធម៌អោយពួកគាត់៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1LlbwMX