កូនប្រុសរមិលគុណ ស្រវឹងស្រាកាចសាហាវ យកដបស្រាចំនួន៣ វាយទៅលើក្បាលម្តាយជរា បណ្តាលឲ្យដួលដេកលើដីហូរឈាមយ៉ាងសង្វេក
ខេត្តបន្ទាយមានជ័យ៖ កូនប្រុសអកតញ្ញូម្នាក់បានផឹកស្រាស្រវឹងអួទីនួកាចសាហាវ យកដបស្រាចំនួន៣ វាយទៅលើក្បាល ម្តាយជរាខ្លួនឯង បណ្តាលអោយរងរបួសធ្ងន់ដួលដេកលើដីហូរឈាមជោគដីយ៉ាងសង្វេក តែ ត្រូវបានកម្លាំងនគរបាលស្រុកមង្គលបូរីឃាត់ខ្លួន បញ្ជូនទៅកាន់ស្នងការដើម្បីចាត់ការតាមច្បាប់។ ហេតុការណ៍ដ៏អាណោចអាធ័មនេះបានកើតឡើង នៅវេលាម៉ោង៧ និង៣០នាទីយ៉ង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ នៅភូមិគោកធ្នង់កើត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកស៊ី ឌី អធិការនគរបាលស្រុកមង្គលបូរី បានប្រាប់អោយដឹងថា ក្រោយពីទទួលព័ត៌មានថា មានករណីកូនបង្កើតស្រវឹងស្រា យកដបស្រាចំនួន៣ វាយទៅលើក្បាលម្ដាយបង្កើតរបស់ខ្លួនបណ្ដាលអោយរងរបួសធ្ងន់ មូលហេតុ ខឹងម្ដាយយកលុយ៤០០បាតពីហោប៉ៅរបស់ខ្លួន ដោយគាត់មិនចង់ឲ្យកូនរបស់គាត់យកទៅទិញស្រាផឹកបន្ត ខ្លាចមានគ្រោះថ្នាក់។
លោកបានបន្តថា៖ កូនអកតញ្ញូ វាយម្តាយនោះឈ្មោះ អែម ឃ្នី ភេទប្រុស អាយុ៣៦ឆ្នាំ។ ចំណែកម្ដាយជរា រងគ្រោះឈ្មោះចាន់ សន អាយុ៧០ឆ្នាំ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ ម្តាយរងគ្រោះបានកម្លាំងនគរបាលស្រុក ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីសង្គ្រោះបន្ទាន់។រីឯជនល្មើសត្រូវបាននគរបាលប៉ុស្តិ៍អូរប្រាសាទ ឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាន ដើម្បីធ្វើការសាកសួរ និងឈានបញ្ជូនខ្លួនបន្តទៅស្នងការខេត្តដើម្បីចាត់ការ តាមច្បាប់៕ ដោយ វ៉ាន់ វត្ថា
http://ift.tt/1ef4le2