លោកយាយទុគ៌តក្រីក្រចិញ្ចឹមចៅ២នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ បានទទួលអំណោយពីសប្បុរសជន
ខេត្តកំពង់ឆ្នាំង៖ លោកយាយទុគ៌តមានជីវភាពក្រីក្រម្នាក់ដែលចិញ្ចឹមចៅ២នាក់ រងគ្រោះថ្នាក់ចរាចរណ៍កាលសប្តាហ៍កន្លងទៅ បានទទួល អំណោយរបស់សប្បុរសជនទៅផ្តល់ជូន តាមរយៈ លោក សោម វឺន អភិបាលស្រុករលាប្អៀរ កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥ ។ ការផ្តល់ជូនអំណោយរបស់សប្បុ រសជនខាងលើ បាននាំយកទៅដល់ខ្ទមលោកយាយ ស្ថិតក្នុងភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ដោយមានការអញ្ជើញចូលរួម ពីលោកមេឃុំមេភូមិជាអាជ្ញាធរមូលដ្ឋានផងដែរ។
លោក សោម វឺន អភិបាលស្រុករលាប្អៀរ បានបញ្ជាក់អោយដឹងថា៖ ក្រោយពីមានសារព័ត៌ក្នុងស្រុកបានផ្សាយពីជីវិតលោកយាយ តូច សារ៉ន អាយុ៧៨ ឆ្នាំដែលកំពុងចិញ្ចឹមចៅ២នាក់ ហើយបានជួបគ្រោះថ្នាក់ចរាចរណ៍ទៀតផងនោះ លោក ឧកញ៉ា ស្រី ងួន និងលោកជំទាវ ឧញ៉ា ស្រី វុឌ្ឍី បានជួយឧបត្ថម្ភ លោកយាយតាមរយៈរូបលោកចំនួន១០០ដុលា្លរ ចំណែកលោក សូ សាម៉ន ក៏បានជួយឧបត្ថម្ភមកលោកយាយ ចំណួន១០ម៉ឺនរៀល និងអង្ករមួយការ៉ុង២៥គឺឡូផងដែរ ។
លោក យឹម យ៉ុន មេឃុំគោកបន្ទាយ បាននិយាយអោយដឹងថា៖ លោកយាយពិតជាក្រីក្រពិតប្រាក ដមែន កំពុងរស់នៅជាមួយចៅ២នាក់ ម្នាក់កូនបងធ្វើជាសំណង់ និងម្នាក់ទៀតនៅផ្ទះជាមួយជីដូន ខ្ទម ដែលលោកយាយស្នាក់នៅ គឺបានសុំដីអ្នកស្រុកស្នាក់នៅតែប៉ុណ្ណោះ គឺលោកយាយគ្មានដីធ្លីអីទេ។
ក្រោយពីបានទទួលអំណោយខាងលើ លោក យាយដែលមិនទាន់ជារបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានខំលើកដៃប្រណមសំពះ ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ និងលោកអភិបាលស្រុក លោកមេឃុំ លោកមេភូមិ សូមជួបតែពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ ជារៀងរហូតតទៅកុំបីឃ្លាតឡើយ ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1POLCll