បុរសកសិករចំណាសម្នាក់ ផឹកស្រាស្រវឹងស្រឿងៗ ទាញកាំភ្លើងអាកាបាញ់រះមេឃ១៤គ្រាប់ត្រូវប៉ូលិសចាប់វ៉ៃខ្នោះ
ខេត្តមណ្ឌលគិរី៖ នគរបាលស្រុកកោះញែកឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ បញ្ជូនមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ក្រោយ ពេលជនសង្ស័យផឹកស៊ីស្រវឹង យកកាំភ្លើងម៉ាកអាកា៤៧មួយដើមមកបាញ់រះនៅលើផ្ទះរបស់ខ្លួនអស់ជា ច្រើនគ្រាប់ ភ្ញាក់ផ្អើលពីអ្នកភូមិរហូតដល់សមត្ថកិច្ចចាប់ខ្លួនភ្លាមៗ។ ហេតុការណ៍នេះកើតនៅវេលាម៉ោង៣រសៀលថ្ងៃទី២៥ ឧសភា ២០១៥ នៅភូមិជីមៀត ឃុំណងឃីលឹក ស្រុក កោះញែក ខេត្តមណ្ឌលគិរី។
លោកវរសេនីយ៏ឯកស៊ុម សោភ័ណ្ឌ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ជនសង្ស័យដែលបានយកកាំភ្លើងអាកា៤៧ បាញ់រះអស់១៤គ្រាប់ខាងលើមានឈ្មោះ ឡៃ ម៉ៃ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែ(ដើមកំណើតឡាវ) មុខរបរកសិករ មានទីលំនៅ ភូមិឃុំខាងលើ។ លោកវរសេនីយ៍ឯកបានបន្តថា ក្នុងករណីនេះពុំបានបង្កឲ្យមានមនុស្សរបួសឬស្លាប់ទេ។ តែជនសង្ស័យត្រូវតែកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ពីបទកាន់កាប់អាវុធខុសដោយគ្មានការអនុញ្ញាត នឹងបាញ់រះចំនួន១៤គ្រាប់។
លោកវរសេនីយ៍ឯក ស៊ុម សោភ័ណ្ឌ ក៏បានបញ្ជាក់ជនសង្ស័យឈ្មោះ ឡៃ ម៉ៃ អាចនឹងត្រូវបញ្ជូន ទៅតុលាការនៅថ្ងៃបន្ទាប់រួមជាមួយវត្ថុតាងដូចជា៖ កាំភ្លើងអាកាស្វាយបត់មួយដើម បង់មួយគ្មានគ្រាប់ សំបកបំផ្ទុះចំនួន១៤គ្រាប់ ។
លោកបានបញ្ជាក់ឲ្យដឹងថា កាំភ្លើងដែលជនសង្ស័យយកមកបាញ់រះនេះ គឺរើសបាននៅតាមព្រៃព្រេចដែលគាត់ដើរទៅស្រែចម្ការ កាលពីមុនថ្ងៃកើតហេតុ៤-៥ថ្ងៃ ដោយមិនបានយកទៅប្រគល់ជូនសមត្ថកិច្ចឡើយ ព្រោះខ្លាចគេសួរនាំច្រើន។ រហូតដល់ថ្ងៃកើតហេតុនៅពេលផឹកស្រវឹងមិនដឹងគាត់ រពឹសដៃអីក៏ទៅយកកាំភ្លើងដែលរើសបាននោះ មកបាញ់មេឃលេងនឹងត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕ ដោយ កម្លោះកោះញែក
http://ift.tt/1HHYyrg