កុមារីអាយុ៧ឆ្នាំម្នាក់ ធ្លាក់ចូលអណ្តូងទឹកលង់ស្លាប់ពេលដងទឹកដាក់ក្នុងពាងជាមួយប្អូនប្រុស
ខេត្តកំពង់ឆ្នាំង៖ កុមារីម្នាក់បានធ្លាក់ចូលអណ្តូងលូ បណ្តាលអោយលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ពេលនាងធ្លាក់ក្នុងអណ្តូងភ្លាមៗ ស្ត្រីជាម្តាយដែលមានផ្ទៃពោះ៨ខែ បានព្យាយាមដាក់បង្អោងចុះទៅក្នុងអណ្តូង ទឹកដើម្បីជួយសង្គ្រោះកូន តែជ្រុលពេលទំរាំបានចុះជួយនាងបានស្លាប់បាត់ទៅហើយ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៥ នៅភូមិជើងខ្នារ ឃុំពន្លៃ ស្រុកបរិបូរណ៌ ក្នុងពេលដែលកុមារីរងគ្រោះដងទឹកអណ្តូង ២នាក់ បងប្អូនដាក់ក្នុងពាង។ #មន្ត្រីនគរបាលមូលដ្ឋានបាននិយាយអោយដឹងថា៖ កុមារីរងគ្រោះមានឈ្មោះ រិន គីមីត អាយុ៧ឆ្នាំ មានឪពុកឈ្មោះ ហួន សុខហ៊ីម អាយុ៤៣ឆ្នាំជាកម្មករសំណង់ និងម្តាយឈ្មោះ ចាន់ ហៀង អាយុ៣៣ឆ្នាំ មានផ្ទៃពោះ៨ខែ ជាមេផ្ទះ និងដាក់ភ្លើងចាប់ចង្រឹតលក់ ចំណែកកុមារីរងគ្រោះគឺជាកូនទី២ ក្នុងចំណោម បងប្អូន៤នាក់ ។
មុនពេលកើតហេតុឪពុកម្តាយមិនបាននៅផ្ទះទេ ចំណែកកុមារីរងគ្រោះ និងប្អូនប្រុសម្នាក់ទៀត បាននាំ គ្នាដងទឹកអណ្តូងដាក់ក្នុងពាងដែលនៅក្បែរនោះ ដោយប្អូនប្រុសជាអ្នកយួរទឹកដាក់ពាងចំណែកកុមារី ជាបងអ្នកយោងទឹកពីអណ្ទូងដាក់ប៉ោត (ប៉ោតតូចៗសម្រាប់ក្មេង ) ។ ស្រាប់តែពេលប្អូនប្រុសត្រឡប់ មក យួរទឹកជាថ្មីម្តងទៀតបាត់បងស្រីមិន ឃើញដឹងថា បងស្រីធ្លាក់ក្នុងអណ្តូង ប្អូនប្រុសបានរត់ទៅហៅម្តាយ ដោយប្រាប់ថា បងស្រីធ្លាក់ចូលអណ្តូងទឹក ពេលនោះម្តាយបានរត់ មកដល់មាត់អណ្តូង បានយកឫស្សី បង្អោងចាក់មើលដឹងថា កូនស្រីនៅក្នុងទឹកអណ្តូង ម្តាយដែលកំពុងពពោះ៨ខែផងនោះ ក៏បានប្រវ៉ាចុះ ទៅជួយកូនក្នុងអណ្តូងទឹក ហើយបានស្រែកអោយកូនប្រុសរត់ទៅហៅអ្នកជិតខាងមកជួយ និងបាន ស្រង់កុមារីរងគ្រោះមកដាក់ក្រោមផ្ទះ ព្រមទាំងបានជួយធ្វើចលនាដើម្បីសង្គ្រោះ តែទោះយ៉ាងណាកុមារី រងគ្រោះបានស្លាប់បាត់ទៅហើយ។
ឪពុកម្តាយដែលទ្រហោយំ លាយឡំជាមួយសម្លេងឧឃោសនស័ព្ទបទខ្លងខែក ដោយសោក សង្រេងសោកស្តាយកូនស្រីយ៉ាងខ្លាំង បើទោះបីក្រីក្រក្នុងផ្ទះមានតែប្រាក់៥ម៉ឺនរៀល និងអង្ករ ១០កំប៉ុងក្តី ឪពុកម្តាយក៏បានរៀបចំចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណីខ្មែរជូនកូនជាទីស្រឡាញ់យ៉ាងកំសត់។
ដោយសារសារមើលឃើញភាពលំបាក និងខ្វអខាតរបស់គ្រួសាររងគ្រោះ ខាងលើ លោក អ៊ុក សារុន សមាជិកក្រុមប្រឹក្សាស្រុកបរិបូរណ៌ និងជាតំណាងអោយជនពិការនៃមន្ទីរសង្គមកិច្ចខេត្ត បានជួយឧបត្ថម្ភ អង្ករ៥០គីឡូក្រាម ប្រាក់១០ម៉ឺនរៀល លោក ជាស៊ីថុន និងភរិយា ១០ម៉ឺនរៀល ចៅអធិការវត្តពន្លៃ ព្រះ នាម កង សារ៉ុន អង្ករ៥០គីឡូ និងថវិកា៥ម៉ឺនរៀល សម្រាប់ជួយចាត់ចែងធ្វើបុណ្យសពកុមារីរងគ្រោះ ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1GhMgn1