ភ្លើងប្រចណ្ឌ ប្តីកំណាចបានកាប់សម្លាប់ប្រពន្ធយ៉ាងសាហាវឃោរឃៅក្នុងវង់ផឹកស្រា
ខេត្តរតនគិរី៖ បន្ទាប់ពីស្រែកហៅឲ្យគេជួយស្ត្រីម្នាក់បានស្លាប់យ៉ាងវេទនាក្នុងថ្លុកឈាម ដោយសារប្តីចិត្តជាសត្វតិរិច្ឆានយកកាំបិតផ្គាក់កាប់ សម្លាប់យ៉ាងព្រៃផ្សៃ ដាច់ដៃទាំងសងខាងជាច្រើនកំណាត់ បន្ទាប់ពីប្រព្រឹត្តរួចប្តីកំសាករូបនោះបានរត់គេចខ្លួនបាត់ស្រមោលឈឹងបន្សល់ទុកសាកសពដេកក្នុងថ្លុកឈាមលើផ្ទះយ៉ាងរន្ធត់បំផុត។ ហេតុការណ៍ឃាតកម្ម ដ៏រន្ធនោះបានកើតឡើងនៅវេលាម៉ោង២៣ និង០០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ ក្នុងផ្ទះចំការរបស់ខ្លួន ស្ថិតនៅត្រង់ចំណុចអូរខ្វេះ ក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។ ទោះយ៉ាងណាសមត្ថកិច្ចកំពុងតែដុតដៃដុតជើងស្វែងរកចាប់ខ្លួនជនកំសាកញីនោះដើម្បីផ្តន្ទាទោសទៅតាមច្បាប់។
បើតាមសម្តីរបស់ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា៖ ស្ត្រីរងគ្រោះមានឈ្មោះសុខ សុគន្ធា អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ មានស្រុកកំណើតនៅភូមិកំពង់ទឹក ឃុំរកា៥ ក្រុងសួង ខេត្តត្បូងឃ្មុំ។ ស្ត្រីរងគ្រោះនោះមានកូនបង្កើតប្តីមុននៅភ្នំពេញចំនួន៣នាក់ ស្រី២នាក់។ ប្តីក្រោយជាជនដៃដល់នោះមានឈ្មោះ ដួង ផល អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ និងមានស្រុកកំណើតនៅភូមិរលាស់ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ អ្នកទាំង២មករស់នៅភូមិកើតហេតុខាងលើអស់រយៈពេល១០ឆ្នាំមកហើយ ដោយគ្មានរៀបអាពិពាហ៌ ទេ ហើយមកបង្កបង្កើនផលដាំដំណាំសណ្តែកសៀង ពោត មិនដែលមានបញ្ហានឹងគ្នាឡើយ។ ប៉ុន្តែប៉ុន្មានខែក្រោយមកនេះប្តីប្រពន្ធ មួយគូនេះ ក៏បានបបួលគ្នាទៅភ្នំពេញ ដើម្បីទៅលេងកូនបង្កើត (ប្តីដើម) របស់ប្រពន្ធ រហូតដល់ពេល ត្រឡប់មកផ្ទះចំការវិញ ប្តីក៏ចេះតែដើរនិយាយថាប្រពន្ធរបស់ខ្លួនបានផិតក្បត់ខ្លួន ហើយក៏ចេះដើរផឹកស្រាជាមួយមិត្តភ័ក្ត្រនៅក្បែរផ្ទះ។ លុះដល់យប់កើតហេតុ ប្តីរបស់ខ្លួនក៏បានបបួសក្មួយប្រុសម្នាក់ នៅក្បែរមកផឹកជាមួយរូបគាត់ និងប្រពន្ធនៅក្នុងផ្ទះ ផឹកបានបន្តិចក្មួយប្រុសនោះ ក៏បានលាទៅដេកបាត់ទៅ សល់តែពីរនាក់ប្តីប្រពន្ធផឹកបន្តរហូតដល់យប់ជ្រៅទើបមានករណីឃាតកម្មកើតឡើងតែម្ត។
បើតាមការបញ្ជាក់ពីលោក កុល មន្នីស័ក្តិ នាយប៉ុស្តិ៍ឃុំតឺនបានអោយដឹងថា៖ ការកើតឡើងអំពើឃាតកម្ម នេះដោយសារប្តីប្រចណ្ឌប្រពន្ធពេក ទើបឈានដល់ការសម្លាប់ទាំងកំរោលនោះ។ ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចចម្រុះស្រុក-ខេត្ត ដឹកនាំដោយលោកជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងចុះទៅដល់កន្លែងកើតហេតុ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥ ធ្វើកោសល្យវិច្ច័យឃើញថាពិតជាករណីឃាតកម្មប្រាកដមែន។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។ ចំណែកប្តីជាជនដៃដល់រត់គេចខ្លួនបាត់នោះសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាក់ខ្លួនមកផ្តន្ទាទោសទៅតាមច្បាប់ជាធរមាន៕ លី វណ្ណៈ
http://ift.tt/1RpppLn