យុវជនស្ទាវម្នាក់ ស្រវឹងជិះម៉ូតូលឿនពេលយប់បុកគល់ដើមពុទ្រា បោកផ្ទប់បែកថ្លើមស្លាប់យ៉ាងកំសត់
ខេត្តកំពង់ឆ្នាំង៖ យុវជនស្ទាវម្នាក់បានស្លាប់ នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីបានជិះម៉ូតូក្នុងល្បឿន លឿនដូចខ្លែងឆាបកូនមាន់ទៅបុកនឹងគល់ដើមពុទ្រាពេញទំហឹងដួលបែកថ្លើមប្រកាច់ស្លាប់មួយរំពេច នៅម៉ោង៩ និង៥០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៥៣ ក្នុងចន្លោះគីឡូម៉ែត្រ៥ និងលេខ៦ ស្ថិតក្នុង ភូមិត្រោកលិច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលស្រុករលាប្អៀរបានអោយដឹងថា៖ ជនរងគ្រោះស្លាប់នោះមានឈ្មោះ គឹម សៅលិញ អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។ មុនពេលកើតហេតុ ជនរងគ្រោះបាន ជិៈម៉ូតូម៉ាក ហុងដាឌ្រីម សេរី០១០ ពាក់ស្លាកលេខ កំពង់ចាម 1C-3350 តែម្នាក់ឯង ក្នុងដំណើរពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុកនឹងគល់ដើមពុទ្រា បណ្តាលអោយបែកថ្លើមស្លាប់នៅនឹងកន្លែងតែម្តង។
សមត្ថកិច្ចបានដឹងថា៖ មុនពេលកើតហេតុជនរងគ្រោះ និងមិត្តភ័ក្រក្នុងភូមិម្នាក់ទៀត បាននាំគ្នាស៊ី ផឹកច្រៀងការ៉ាអូខេលេងពេញមួយល្ងាចដល់យប់នៅក្នុងក្រុងកំពង់ឆ្នាំង នៅពេលស្រវឹងបានជិះម៉ូតូមក ផ្ទះមុន ឯមិត្តភក្តិគេស្រវឹងខ្លាំងពេកបានទៅដេកក្នុងផ្ទះសំណាក់។ ចំណែកពេលជនរងគ្រោះព្រោះតែស្រវឹង មកដល់ចំណុចកើតហេតុម្រមាណ៥គីឡូ ពីក្រុងកំពង់ឆ្នាំង ដោយសារតែជិះម៉ូតូលឿនពេក ក៏បានបុកដើមពុទ្រាដែលនៅជាប់ចិញ្ចើមផ្លូវដួលជាច្រើនត្រឡប់បែកថ្លើមស្លាប់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានស្រាវជ្រាវរកក្រុមគ្រួសារទាំងយប់ដើម្បីមកដឹកយកសពពីកន្លែងកើតហេតុទៅលំនៅដ្ឋានក្នុងភូមិអាឡែង។នៅកន្លែងកើតហេតុ សមត្ថកិច្ចបានពិនិត្យមើលសពជនរងគ្រោះ មានស្នាមជាំខ្លាំងនៅលើទ្រូង ដោយសន្និដ្ឋានថា រូបគេត្រូវរបួសបែកថ្លើមស្លាប់។សពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ទៅបុរស ឈ្មោះ គឹម សុកជាឪពុករស់នៅក្នុងភូមិអាឡែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋាន ដោយមានសោកសា្តយក្រៃលែង៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1fsIHnn