អាជ្ញាធរចិនរឹបអូសសាច់ខុសច្បាប់ហួសកាលកំណត់រហូតដល់ទៅ៤០ឆ្នាំ
ប៉េកាំង៖ បណ្តាញសារព័ត៌មានរដ្ឋចិនបានចុះផ្សាយនៅថ្ងៃពុធនេះថា អាជ្ញាធរចិនបានបើកប្រតិបត្តិការបង្ក្រាបបណ្តាញជួញដូរសាច់ខុសច្បាប់ ហើយបានរឹបអូសសាច់ស្អុយហួសកាលកំណត់រាប់តោន ដោយក្នុងនោះ មានសាច់ខ្លះត្រូវបានគេក្លាស្សេទុកតាំងពី៤០ឆ្នាំមកហើយ។
យោងតាមកាសែត China Daily ប្រតិបត្តិការបង្ក្រាបបណ្តាញជួញដូរសាច់ខុសច្បាប់ត្រូវបានធ្វើឡើង នៅក្នុងទ្រង់ទ្រាយធំ នៅទូទាំងប្រទេសចិនទាំងមូល ដោយគិតត្រឹមពាក់កណ្តាលខែមិថុនានេះ អាជ្ញាធរបានបំបែកបណ្តាញជួញដូរធំៗយ៉ាងតិចចំនួន ១៤ ហើយរឹបអូសបានសាច់គ្រប់ប្រភេទ រួមមាន ស្លាបមាន់ សាច់ជ្រូក និងសាច់គោ គិតជាសរុបចំនួនជាង ១០ម៉ឺនតោន ដែលមានតម្លៃជាទឹកប្រាក់ជិត ៥០០លានដុល្លារអាមេរិក។
អ្វីដែលគួរឲ្យកត់សម្គាល់ នៅក្នុងចំណោមសាច់ខុសច្បាប់ ដែលគេរឹបអូសបាននេះ មានជាច្រើនតោន សុទ្ធតែជាសាច់ស្អុយហួសកាលកំណត់ ហើយអ្វីដែលធ្វើឲ្យគេកាន់តែហួសចិត្តទៅទៀតនោះ គឺសាច់ខ្លះមិនមែនហួសកាលកំណត់ត្រឹមរាប់ខែនោះទេ តែហួសកំណត់រហូតដល់ទៅរាប់ទសវត្សរ៍ ជាពិសេស គេបានរកឃើញសាច់ខ្លះត្រូវបានគេក្លាស្សេទុកយ៉ាងតិច ៤០ឆ្នាំមកហើយ។ នេះមានន័យថា សាច់អស់ទាំងនេះត្រូវបានគេកាប់ វេចខ្ចប់ និងក្លាស្សេទុក តាំងពីសម័យកាល ដែលម៉ៅសេទុង នៅរស់នៅឡើយ។
យោងតាមមន្ត្រីខេត្តហ៊ូណាន ដែលស្ថិតនៅប៉ែកខាងត្បូងប្រទេសចិន សាច់ខុសច្បាប់ ដែលអាជ្ញាធររឹបអូសបាននៅពេលនេះ ភាគច្រើនមកពីតំបន់ជាប់ព្រំដែនជាមួយនឹងប្រទេសវៀតណាម។
ពួកឈ្មួញទំនងជាបានទិញសាច់អន់ៗ ក្នុងតម្លៃថោកៗ ពីបរទេស ដោយដឹកឆ្លងកាត់តាមហុងកុង និងវៀតណាម ដើម្បីចូលទៅចែកចាយលក់នៅក្នុងប្រទេសចិន ហើយជាទូទៅ ការដឹកជញ្ជូនតាមផ្លូវដ៏វែងឆ្ងាយនេះ ក្រុមឈ្មួញមិនបានប្រើរថយន្តពិសេស សម្រាប់ដឹកសាច់នោះទេ ដែលជាហេតុធ្វើឲ្យសាច់ត្រូវខូចនៅតាមផ្លូវ។ ក៏ប៉ុន្តែ ពួកឈ្មួញបានយកសាច់ខូចនេះទៅក្លាស្សេ រួចហើយចែកចាយលក់ នៅក្នុងប្រទេសចិន។ ចិនត្រូវបានគេស្គាល់ជាទូទៅថា ការអនុវត្តច្បាប់នៅមានការធូររលុងច្រើននៅឡើយ ទាក់ទងទៅនឹងការត្រួតពិនិត្យគុណភាព និងអនាម័យនៃចំណីអាហារ៕ (ប្រភព rfi)
ខុសពីនៅអឺរ៉ុប ការត្រួតពិនិត្យគុណភាព និងអនាម័យចំណីអាហារនៅមានការធូររលុងច្រើនREUTERS/Jean-Paul Pelissier
http://ift.tt/1Hgjsz0