ស្ត្រីម្នាក់ជិះរថយន្តបុកគេហើយយកឈ្មោះឧត្តមសេនីយ៍ផ្កាយ៣ម្នាក់មកគំរាមភាគីម្ខាងទៀត
ខេត្តព្រះសីហនុ៖ ឈ្មោះលោកឧត្តមសេនីយ៍ឯកយោធាមួយរូបត្រូវបានស្ត្រីម្នាក់យកឈ្មោះមកអួតអាងកាងនៅកណ្តាលទីប្រជុំជនបន្ទាប់ពីរថយន្តរបស់ស្ត្រីរូបនោះបានបុកគ្នាជាមួយ រថយន្តមួយគ្រឿងផ្សេងទៀតនៅចំណុចផ្លូវបំបែកសួនច្បារអតីតមហោស្រប ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ កាលវេលាម៉ោង១១និង១០នាទីថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០១៥។
ជុំវិញករណីនេះសមត្ថកិច្ចចរាចរណ៍បានអោយដឹងថា៖ ពុំបានធ្វើរបាយការណ៍នោះទេ ប៉ុន្តែបើទោះបីជាសមត្ថកិច្ចពុំបានបង្ហាញពីរបាយការណ៍យ៉ាងណាក៏ដោយ យោងតាមប្រភពពីកូនមន្ត្រីប៉ូលីសបានលួចបង្ហើបថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកមីស៊ុយប៊ីស៊ីដ្រាយស្តុន ពណ៌ស គ្មានស្លាកលេខ ក្នុងទិសដៅពីជើងទៅត្បូងបើកបរដោយស្ត្រីម្នាក់ឈ្មោះ ហាក់ស៊ីថា អាយុ៤៥ឆ្នាំ មានទីលំនៅទួលស្វាយព្រៃ២ ខ័ណ្ឌចំការមនរាជធានីភ្នំពេញ បានបុករថយន្តមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរនៅពីមុខម៉ាក ឡិចស៊ិសពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q9142 បើកបរដោយឈ្មោះក្នុងទិសដៅពីលិចទៅកើត។
ប្រភពបានបន្តថា៖ បន្ទាប់ពីជួបគ្រោះថ្នាក់ស្ត្រីនោះបាន ស្រែកឡូឡានៅកន្លែងកើតហេតុថាខ្លួនគាត់ស្គាល់អ្នកធំ ជាមន្ត្រីយោធាថ្នាក់ផ្កាយ៣ និងជាថៅកែសណ្ឋាគារនៅក្រុងព្រះសីហនុ រូបគាត់មិនខ្លាចនរណាទេ ហើយគ្មាននណាម្នាក់អាចធ្វើអ្វីគាត់បាននោះទេ។ មានអ្នកលួចសើចថា ទំនងជាច្បាប់ចរាចរណ៍ផ្លូវគោកមានចែងនៅមាត្រាណាមួយ អំពីឈ្មោះលោកឧត្តមសេនីយ៍នោះថាច្បាប់នោះគ្មានអំណាចទេទើប ស្ត្រីនោះយកមកអះអាង តែផ្ទុយទៅវិញលោកឧត្តមសេនីយ៍នោះមិនដឹងខ្លួនសោះ។ ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍នេះពុំបណ្តាលរងគ្រោះដល់មនុស្ស ឬខូចខាតធ្ងន់ធ្ងរនោះទេ តែដោយសារតែអាងខ្នង អាងខ្សែទើបរឿងនេះមិនអាចបញ្ចប់បានរងចាំបញ្ជូនទៅកាន់តុលាការជាអ្នកសម្រេច។
ទាក់ទិនទៅនឹងករណីនេះផងដែរ អ្នកឃើញហេតុការណ៍មានការហួសចិត្តយ៉ាងខ្លាំងទៅនឹងទង្វើរបស់ស្ត្រីជិះរថយន្តម៉ាមីស៊ុយប៊ីស៊ីដ្រាយស្តុន ពណ៌ស គ្មានស្លាកលេខនោះយ៉ាងខ្លាំងព្រោះតែបើកបុករថយន្តគេហើយទាមទាអោយគេសងទៀតផង មិនត្រឹមតែប៉ុណ្ណោះយកឈ្មោះឯកឧត្តមនេះឯកឧត្តមនោះមកអួតអាងនៅកណ្តាលទីប្រជុំជន គំរាមគួភាគីម្ខាងទៀត ខណៈពេលលោកឧត្តមសេនីយ៍នោះដែលត្រូវឈ្មោះមកអួតអាងពុំបានដឹងរឿងអ្វីទាំងអស់។
ដោយឡែក លោកឧត្តមសេនីយ៍ឯកយោធាដែលត្រូវគេយកឈ្មោះប្រើប្រាស់បានធ្វើការបដិសេធន៍ភ្លាមៗក្រោយទទួលដំណឹងថាមានគេយកឈ្មោះរបស់លោកទៅអួតអាងតាមទីសារធារណៈ ដោយលោកឧត្តមសេនីយ៍បញ្ជាក់ថា ស្ត្រីរូបនោះគឺរូបគាត់បានស្គាល់គ្នាមែន ប៉ុន្តែពុំមានអ្វីពាក់ព័ន្ធនោះទេ អ្នកណាសាងអ្នកនោះទទួល ទុកអោយច្បាប់ជាអ្នកកំណត់ថាអ្នកណាខុស អ្នកណាត្រូវ មិនអាចធ្វើអ្វីរំលោភច្បាប់បានទេ៕ សមុទ្រខៀវ
http://ift.tt/1IoWs1A