Jason Wu អ្នកច្នៃម៉ូដដើមកំណើតអាស៊ីដែលធ្លាប់ច្នៃម៉ូដឲ្យលោកស្រី អូបាម៉ា
សម្រាប់សង្គមសិល្បៈអន្តរជាតិថ្ងៃនេះ ងាកទៅចាប់អារម្មណ៍អ្នកឌីហ្សាញម៉ូដដើមកំណើតអាស៊ីដ៏ល្បីឈ្មោះដែលធ្លាប់រចនាម៉ូដរ៉ូបសម្រាប់ភរិយាប្រធានាធិបតីអាមេរិកលោកស្រី Michelle Obama។ ម្នាក់នោះគឺបុរសសញ្ជាតិកាណាដាដើមកំណើតតៃវ៉ាន់លោក Jason Wu។
តើបុរសរូបនេះចាប់ផ្ដើមអាជីពជាអ្នកច្នៃម៉ូដពីពេលណា ហើយធ្វើដូចម្ដេចទើបអាចមានឱកាសបញ្ចេញស្នាដៃសម្រាប់ស្ត្រីទី ១ អាមេរិក?
Jason កើតក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់នៅថ្ងៃទី ២៧ កញ្ញា ១៩៨២។ នៅអាយុ ៩ ឆ្នាំ កុមារារូបនេះបានផ្លាស់ទៅរស់នៅទីក្រុង Vancouver ប្រទេសកាណាដា។ និស្ស័យទៅលើផ្នែកច្នៃម៉ូដផ្តើមដំបូងឡើយពីការរចនាម៉ូដខោអាវសម្រាប់កូនក្រមុំជ័រ។ បន្ទាប់មកលោកបានទៅបន្តរៀនជំនាញសូនរូបនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ នៅអាយុ ១៦ ឆ្នាំលោកបានចាប់អាជីពដំបូងជាអ្នកច្នៃម៉ូដសំលៀកបំពាក់កូនក្រមុំជ័រឯករាជ្យឲ្យក្រុមហ៊ុនតុក្កតាជ័រ Integrity Toys ដោយដាក់ឈ្មោះការរចនាទាំងនោះថា ”Jason Wu dolls”។
ក្រោយមកលោកក៏បានរចនាម៉ូដឲ្យក្រុមហ៊ុន Fashion មួយទៀតឈ្មោះថា “Fashion Royalty”។ ធ្វើការបានមួយឆ្នាំ លោកត្រូវបានជ្រើសរើសឲ្យក្លាយជាប្រធានផ្នែកច្នៃប្រឌិត (Creative Director) នៅ Integrity Toys។ បុរសដែលមានដុងខាងច្នៃម៉ូដបានសម្រេចចិត្តចាប់អាជីពជាអ្នកច្នៃម៉ូដសំលៀកបំពាក់ពេញលេញពេលទៅវិស្សមកាលឆ្នាំចុងក្រោយនៃថ្នាក់វិទ្យាល័យនៅទីក្រុង Rennes ប្រទេសបារាំង។ បន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យពី Loomis Chaffee School ក្នុងឆ្នាំ ២០០១ លោកបានបន្តចូលសិក្សាជំនាញរចនាម៉ូដនៅមហាវិទ្យាល័យ Parsons The New School for Design ក្នុងទីក្រុងញីវយ៉ក តែបានបោះបង់ការសិក្សាទាំងកណ្ដាលទី។
Jason ច្នៃម៉ូដឲ្យលោកស្រី Michelle Obama
Wu បានចាប់ផ្ដើមការច្នៃម៉ូដសំលៀកបំពាក់ដំបូងពីប្រាក់ដែលគេសន្សំបានពីការរចនាម៉ូដរ៉ូបកូនក្រមុំជ័រ។ ស្នាដៃពេញលេញដែលអ្នកជំនាញម៉ូដវ័យ ៣២ ឆ្នាំបញ្ចេញដំបូងគេគឺនៅឆ្នាំ២០០៦ ហើយពីរឆ្នាំបន្ទាប់គាត់បានឈ្នះពានអ្នកច្នៃម៉ូដថ្មីលេចធ្លោពីកម្មវិធី Fashion Group International។ នៅឆ្នាំ ២០០៨ ដដែល លោកត្រូវបានជ្រើសរើសចូលរួមប្រកួតប្រជែងក្នុងកម្មវិធី CFDA របស់ទស្សនាវដ្ដីម៉ូដ Vogue។ នៅខែកក្កដា ២០០៨ អ្នកថតរូបល្បីលោក Bruce Weber បានថត Wu ចុះផ្សាយពីជីវិតក្នុងទស្សនាវដ្ដី W។ ភ្ញៀវដំបូងដែលលោកច្នៃម៉ូដឲ្យមានដូចជា តារាម៉ូដែល Ivana Trump, January Jones និង Amber Valletta ជាដើម។ គាត់បានសហការជាមួយ Creative Nail Design កាលពីឆ្នាំ ២០១១ ច្នៃម៉ូដក្រចកបួនពណ៌ប្លែកសម្រាប់រដូវផ្ការីកខែឧសភា ២០១១។ នៅឆ្នាំ ២០១៣ ត្រូវបានជ្រើសរើសឲ្យក្លាយជាប្រធានផ្នែកឌីហ្សាញនៃក្រុមហ៊ុន Fashion អាល្លឺម៉ង់ Hugo Boss ដោយមើលការខុសត្រូវលើសំលៀកបំពាក់នារី។
ស្នាដៃធំធេងមួយដែល Wu សម្រេចបានគឺការច្នៃម៉ូដសម្រាប់លោកស្ត្រី Michelle Obama សម្រាប់ពិធីចូលកាន់តំណែងជាប្រធានាធិបតីអាមេរិករបស់លោក អូបាម៉ា និងកម្មវិធីធំៗផ្សេងទៀត។ Wu និងភរិយាប្រមុខរដ្ឋអាមេរិកត្រូវបានណែនាំឲ្យស្គាល់ដោយការីនិពន្ធទស្សនាវដ្ដី Vogue លោក Andre Leon Talley ក្នុងឆ្នាំ២០០៨។ បន្ទាប់ពីនោះ លោកស្រី Michelle ក្លាយជាអតិថិជនរបស់ Wu តរៀងមក ដែលការគាំទ្ររបស់ស្ត្រីទីមួយអាមេរិករូបនេះត្រូវគេយល់ឃើញថា ជាការបើកផ្លូវដ៏ធំសម្រាប់ជោគជ័យអ្នកច្នៃម៉ូដរូបនេះក្នុងវិស័យច្នៃម៉ូដពិភពលោក៕
ម៉ូដរ៉ូបដែល Wu ច្នៃឲ្យលោកស្រី អូបាម៉ា
អាន៖ ដឹងតារាល្បីៗណាខ្លះធ្លាប់បញ្ចូលសំឡេងតួតុក្កតាអត់?
ប្រែសម្រួល៖ សីហា
ប្រភព៖ Wiki, jasonwustudio