ហែករបងផ្ទះចូលលូចម៉ូតូជិះយកទៅលាក់ទុកនៅឃ្លាំងស្រូវត្រូវសមត្ថកិច្ចចាប់បាន
ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនទាំងយប់ បន្ទាប់ពីគេបានហែករបងផ្ទះប្រជាពលរដ្ឋចូលលួចម៉ូតូ រួចយកទៅលាក់ទុកនៅឃ្លាំងស្រូវ១កន្លែង ដែលជាកន្លែងធ្វើការរបស់យុវជនខាងលើ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ គឺលួចម៉ូតូចេញពីផ្ទះប្រជាពលរដ្ឋស្ថិតក្នុងភូមិប្រាំបីឆោម ឃុំពង្រ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា៖ ជនសង្ស័យរូបនេះមានឈ្មោះ អ៊ុំ សុដា អាយុ២១ឆ្នាំមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំពោះមុខសមត្ថកិច្ចគេបានសារភាពថាគេពិតជាបានហែករបងផ្ទះចូលលូចម៉ូតូពិតប្រាកដមែន ដោយសារតែគេឃើញម៉ូតូនោះនៅនិងមុខផ្ទះហើយម្ចាស់រវល់នៅលើផ្ទះពេលឃើញឱកាសល្អគេក៏ធ្វើសកម្មភាពលួចតែម្តងទៅ ដោយអូសម៉ុតូចេញមកក្រៅបានប្រមាណជាជាង១០០ម៉ែត្រទើបបញ្ឆេះជិះ។ ពេលជិះបាន៣០០ម៉ែត្រម៉ូតូបានរលត់ធាក់លែងឆេះ ក៏អូសបណ្តើររហូតដល់ឃ្លាំងស្រូវដែលជាកន្លែងគេធ្វើការ ដែលស្ថិតនៅក្នុងភូមិស្វាយជ្រុំចាស់ ក្នុងឃុំស្វាយជ្រុំក៏បានទុកម៉ូតូនៅក្នុងឃ្លាំង ហើយគេក៏ដេកនៅទីនោះ១យប់ដែរ។
សមត្ថកិច្ចបានអោយដឹងទៀតថា៖ម៉ូតូដែលចោរលួចនោះម៉ាកហុងដា គុបមូល ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ម្ចាស់ម៉ូតូមានឈ្មោះ ភា ។ ក្រោយពីសមត្ថកិច្ចធ្វើការស្រាវជ្រាវទើបមានការសង្ស័យ ទៅលើយុវជនខាងលើ ២០នាទី ក្រោយមកសមត្ថកិច្ចក៏បានទៅដល់កន្លែងលាក់ទុកម៉ូតូ និងបានចាប់ខ្លួនយុវជននោះនាំមកអធិការដ្ឋានស្រុករលារប្អៀរទាំងយប់។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួន មកកាន់ស្នងការដ្ឋាននគរ បាល ខេត្តនៅល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥ ចាត់ការបន្តតាមផ្លូវច្បាប់៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1Hb9Nsl