ប៉េងប៉ោះជួយបន្ថយជំងឺដាច់សរសៃឈាមខួរក្បាលបុរស
ក្រុងញូវយ៉ក ៖ ចំពោះក្រុមបុរសដែលចូលចិត្តទទួលទានបន្លែប៉េងប៉ោះបានច្រើនជា ប្រចាំនោះ ពួកគេអាចនឹងមានអត្រាប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលទាប។ នេះបើយោងតាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញ។ ក្រុមអ្នកស្រាវជ្រាវជាតិហ្វាំងឡង់បានធ្វើការសិក្សាលើចំនួនបុរសចំណាស់ប្រមាណជាមួយពាន់នាក់ដែលមានជំងឺលើសឈាម។
ប៉េងបោះ មានផ្ទុកសារធាតុគីមីលីកូប៉ែនគឺជាភ្នាក់ងារការពារដ៏សំខាន់ មួយសម្រាប់ជួយបង្ការ និងបន្ថយដំណើរការរាលដាលនៃជំងឺដាច់សរសៃឈាមខួរក្បាលមិនឲ្យមាន រយៈពេលយូរអង្វែងបាន។
សារធាតុគីមីលីកូប៉ែននេះមាននៅក្នុងអាហារ មានពណ៌ក្រហមដូចជានៅក្នុងបន្លែប៉េងប៉ោះ ម្ទេសប្លោកទុំ ឪឡឹក និងល្ហុងជាដើម។ ប៉ុន្តែគេបានដឹងថា ប៉េងប៉ោះមានសារធាតុពណ៌ក្រហមច្រើនជាងគេសម្រាប់បង្កើតនូវជាតិ លីកូប៉ែននេះ។
យោងតាមការបង្ហាញរបស់លោក ចូននី កាពី អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យមួយនៅភាគខាងកើតប្រទេសហ្វាំង ឡង់ នៅទីក្រុងកូអូពីយ៉ូ បាននិយាយថា ការស្រាវជ្រាវក៏បានបង្ហាញពីគុណប្រយោជន៍នៃធាតុលីកូប៉ែន ដែលមានឥទ្ធិពលដល់ការជួយបង្ការជំងឺដាច់សរសៃឈាមខួរក្បាលបាន។
លោក ចូននី កាពី បានបន្តថា លីកូប៉ែនជាសារធាតុ ម្យ៉ាងដែលវាបានជួយការពារកោសិកានៃសព៌ាង្គកាយមនុស្សពីការសឹក រេចរឹល ឬ ខូចខាតដោយជំងឺនានា។ ក្រុមអ្នកស្រាវជ្រាវក៏បានបង្ហាញថាលីកូប៉ែន ក៏បានជួយបង្ការដល់អាការរលាកសរសៃឈាមនិងការកកឈាមបានដែរ។ វាមានប្រសិទ្ធភាពជាងសារធាតុបង្ការដទៃទៀត។
តែទោះជាយ៉ាងណា ក្រុមអ្នកស្រាវជ្រាវនេះក៏ទទួលរងនូវព័ត៌មានរិះគន់ខ្លះដែរ ចំពោះការបកស្រាយថា សារធាតុនេះអាចជួយកាត់បន្ថយនៃការកើតជំងឺដាច់សរសៃឈាមខួរក្បាល នោះ។
តែលោក ចូននី កាពី បកស្រាយថា ទោះជាយ៉ាងណាការសិក្សាស្រាវជ្រាវនេះក៏វាគុណតម្លៃក្នុងការជួយ ជំរុញមនុស្សឲ្យទទួលទានបន្លែ និងផ្លែឈើច្រើននិងជាញឹកញយ ដើម្បីទ្រទ្រង់សុខភាពប្រចាំថ្ងៃរបស់មនុស្សទូទៅដែរ៕ Reuters
http://ift.tt/1GZEXQ5