ប្រទះឃើញសពមិនស្គាល់អត្តសញ្ញាណដេកស្លាប់ក្បែរផ្លូវជាតិ លោកអធិការនគរបាលស្រុក បង្ហោះ រូប ភាព តាមហ្វេសប៊ុក ទើបរកក្រុមគ្រួសារឃើញមកទទួលយកធាតុ
ខេត្តកំពង់ឆ្នាំង៖ សពបុរសមុនស្គាល់អត្តសញ្ញាណម្នាក់ បានដេកស្លាប់នៅក្បែរផ្លូវជាតិ ធ្វើអោយ មានការ ភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចមុខ វត្តតាកុល ស្ថិតនៅក្នុងភូមិពានី ឃុំពានី ស្រុកកំពង់ត្រឡាច។ ក្រោយពីទុកសពមួយ ថ្ងៃមិនឃើញ ក្រុមគ្រួ សារសមត្ថកិច្ចបានអោយលោកអាចារ្យវត្តបូជាសពរក្សាទុកធាតុ និងបានបង្ហោះរូបសព តាម ហ្វេសប៊ុក រហូតដល់យប់ទើបរកក្រុមគ្រួសារឃើញ និងបានមកទទួលយកធាតុកូនទៅធ្វើបុណ្យ។
លោក ហ៊ុល វាសនា អធិការនគរបាល ស្រុកកំពង់ត្រឡាចបានអោយដឹងថា៖ ក្រោយពី សមត្ថកិច្ចបានពិនិត្យធ្វើកោសល្យពិច្ច័យលើសពមិនស្គាល់អត្តសញ្ញាណរួច បានដឹងថាសពបុរសនោះ អាចស្លាប់ដោយសារខ្យល់គរ គឺមិនមានស្លាកស្នាមអ្វីគួរអោយសង្ស័យថាជារឿងឃាតកម្មឡើយ និង បានយកសពបុរសរូបនោះ ទៅដំកល់នៅក្នុងវត្តតាកុលដែលនៅជិតនោះ រហូតដល់ម៉ោង៦និង៣០ល្ងាច នៅតែមិនទាន់ស្គាល់អត្តសញ្ញាណ និងរកក្រុមគ្រួសារឃើញទៀត សមត្ថកិច្ចក៏បាន សម្រេចបូជាសព បុរសរូបនោះតែម្តងនិងបានរក្សាធាតុទុកនៅក្នុងវត្ត។
លោកអធិការបានអោយដឹងទៀតថា៖ នៅម៉ោង៩យប់ថ្ងៃដដែល ក្រុមគ្រួសារសពបុរសរូបនោះ បានមកអះអាងថាសពនោះជាកូនរបស់គាត់ មានឈ្មោះ អែម កុសល អាយុ៣៣ឆ្នាំ មានទីលំ នៅភូមិ ធ្លករលើង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។ ពួកគាត់បានជាអះអាងច្បាស់បែបនេះ គឺមកពីបានឃើញ រូបថតសពកូនគាត់ច្បាស់ នៅក្នុងហ្វេសប៊ុកដែលលោកអធិការបានផ្សព្វផ្សាយស្វែងរកក្រុមគ្រួសារ ។
ក្រុមគ្រួសារបុរសខាងលើបាននិយាយអោយដឹងថា៖ ជនរងគ្រោះជាមនុស្សមានសតិមិនល្អ ពេលខ្លះបានដើរបាត់ពីផ្ទះ៥-៦ថ្ងៃ ទើបមកផ្ទះម្តង ហេតុនេះហើយទើបក្រុមគ្រួសារមិនបានចាប់ អារម្មណ៍ប៉ុន្មានទេ ពេលបាត់រូបគេម្តងៗនោះ។ សមត្ថកិច្ចបានប្រគល់ធាតុបុរសរងគ្រោះទៅអោយក្រុមគ្រួសារទទួលយកទៅលំនៅដ្ឋាន ដើម្បីធ្វើបុណ្យទានឧទិ្ទសកុសលអោយបុរសរងគ្រោះតាមប្រពៃណីខ្មែរ៕ រិទ្ធិ ជ័យ
http://ift.tt/1MEMdph