ជាងធ្វើដំបូលស្ថានីយ៍ប្រេងឥន្ធនៈម្នាក់មិនប្រយត្ន័បានឆក់ចរន្តអគ្គីសនី រងរបួសធ្ងន់ធ្ងរ
ខេត្តកំពង់ឆ្នាំង៖ យុវជនជាជាងធ្វើដំបូលស័ង្កសីម្នាក់ បានរងរបួសរលាកខ្លួនយ៉ាងធ្ងន់ធ្ងរ ដោយសារឆក់ចរន្តអគ្គីសនីមានកម្លាំងរាប់ពាន់វ៉ុល ខណៈកំពុងធ្វើដំបូលស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង បានក្រោកឈរឡើង សក់ក្បាលប៉ះខ្សែកាបអគ្គីសនី។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៥ នៅចំណុចមុខវត្តផ្សារ ស្ថិតក្នុងភូមិផ្សារ ឃុំផ្សារស្រុកបរិបូរណ៌។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយអោយដឹងថា៖ កូនជាងធ្វើដំបូលនោះ មានឈ្មោះ ឃឹម បៀន អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូរណ៌ រូបគេបានមកធ្វើ ដំបូលស្ថានីយ៍ប្រេងដែលកំពុងសាងសង់ថ្មី ៤-៥ថ្ងៃមកហើយ។
តែនៅថ្ងៃកើតហេតុជនរងគ្រោះនៅពេលកំពុងអង្គុយធ្វើដំបូល មិនបានប្រយ័ត្នបានក្រោកឈរឡើងប៉ះ សក់ក្បាលជាមួយខ្យែកាបភ្លើងដែលមានតង់ស្យុងខ្ពស់បណ្តាលអោយទុស្សេចេញជាអណ្តាតភ្លើងឆក់ជនរងគ្រោះដួលអុកគូទលើដំបូលស្ថានីយ៍នោះតែម្តង នៅក្នុងពេលនោះដែរ ក៏មានអ្នកធ្វើការជា មួយគ្នាបានឡើងយកជនរងគ្រោះចុះមកដីវិញ ហើយបានប្រញាប់ដឹក ទៅកាន់មណ្ឌលសុខភាពស្រុកបរិបូរណ៌ តែដោយសារស្ថានភាពធ្ងន់ពេក ដោយបានរងការរលាកពេញដងខ្លួនក៏ដឹកមកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងដើម្បីជួយសង្គ្រោះជាបន្តទៀត។
មន្ត្រីក្រុមហ៊ុនអគ្គីសនីខេត្តបាននិយាយអោយដឹងថា៖ តាមច្បាប់ការសាងសង់ស្ថានីយ៍ប្រេងត្រូវធ្វើចម្ងាយ៤៥ម៉ែត្រពីអាក់ថ្នល់ តែស្ថានីយ៍ឥន្ធនៈប្រេងខាងលើបានសាងសង់រំលោភលើដីចំណីផ្លូវទើបបានជាសាងសង់នៅក្រោម ខ្យែកាបអគ្គីសនីបែបនេះ។ករណីខាងលើនេះម្ចាស់ស្ថានីយ៍ប្រេងដែលទើបសាងសង់ថ្មី និងម្ចាស់សិប្បកម្មធ្វើដំបូលស័ង្កសី ត្រូវតែទទួលខុសត្រូវចំពោះយុវជនជនរងគ្រោះ ដែលមានគ្រោះថ្នាក់ដោយសារការងារខាងលើនេះ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1IfLT0D