ស្ត្រីចំណាស់ធ្វើអត្តឃាតចងកបញ្ចប់ជីវិតខ្លួន បន្ទាប់ពីទាក់ទងស្នេហាចំប្តីលើគេ
ខេត្តរតនគិរី៖ ស្ត្រីចុះណាស់ម្នាក់ធ្វើអត្តឃាតដោយចងកផ្តាច់ជីវិត ខ្លួនឯងបានសម្រេចនៅត្រង់ចំណុចចំការចន្ទី ស្ថិតនៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១២និង១៧នាទីថ្ងៃត្រង់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥។
បើតាមការអោយដឹងពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា៖ ស្ត្រីដែលធ្វើអត្តឃាតនោះមានឈ្មោះ ទិន ចម អាយុ៥០ឆ្នាំ ជនជាតិទំពួន មុខរបរធ្វើចំការ មានទីលំនៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ជាស្ត្រីមេម៉ាយ ប្តីស្លាប់ចោល៥ឆ្នាំមកហើយ។ សព្វថ្ងៃរស់នៅជាមួយកូនចំនួន៣នាក់ ប្រុស១ ស្រី២។
ប្រភពបន្តទៀតថា មូលហេតដែលធ្វើឲ្យស្ត្រីរងគ្រោះសម្រេចចិត្តធ្វើអត្តឃាតផ្តើមចេញពីរឿងរ៉ាវស្នេហាត្រីកោណដែលបង្កឡើងពីបុរសម្នាក់ឈ្មោះ សុក លឿ អាយុប្រមាណជាង៤០ឆ្នាំជនជាតិទំពួនដូចគ្នា ដែលមានប្រពន្ធនិងកូនពេញបន្ទុក ហើយមកភ្ជាប់ស្នេហ៍ជាមួយស្ត្រីមេម៉ាយដែលជាជនរងគ្រោះខាងលើ រហូតដល់បានខ្លួនប្រាណ ហើយប្រពន្ធបុរសឈ្មោះសុក លឿ នោះតាមទាន់ជាន់កែង កើតទុក្ខពុំសុខចិត្តធ្វើការផាក់ពិន័យលើស្ត្រីរងគ្រោះតាមប្រពៃណីជនជាតិដើមភាគតិច រួមមានស្រា១ពាង ជ្រូក៥ចាប់ និង លុយ១ពាន់ដុល្លារ។
ប្រភពបន្តថា៖ ក្រោយពីបាននិយាយរឿងសព្វគ្រប់ភាគីជនរងគ្រោះដោយមានសាច់ញាតិបងប្អូននិងកូន ប្រុសស្រីទាំង៣ជួយអង្វករសម្រួលទៅលើប្រពន្ធជនបង្ក គេក៏យល់ព្រមក្នុងតម្លៃលុយ១ លាន១៥ម៉ឺនរៀល ស្រា១ពាង មាន់១ក្បាល ដើម្បីបញ្ចប់រឿង ប៉ុន្តែមិនដឹងហេតុអ្វីនៅវេលាម៉ោងខាងលើបណ្តាលអោយស្ត្រីគិតខ្លីនោះទៅធ្វើអត្តឃាតចងកដោយក្រម៉ា ជាមួយមែកស្វាចន្ទីដែលមានចំងាយប្រមាណ១០០ម៉ែត្រពីខ្ទមចំការរបស់ខ្លួនស្លាប់បាត់បង់ជីវិតដ៏សង្វេគ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានដែលដឹកនាំដោយលោក ជាង ហឿង នាយរងប៉ុស្តិ៍រដ្ឋបាលសង្កាត់យក្ខឡោម ដឹកនាំកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុធ្វើកោសល្យវិច្ច័យឃើញថា ស្ត្រីរងគ្រោះពិតជាធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន។ សាកសពសមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច៕ លី វណ្ណៈ
http://ift.tt/1UDh9vP