លោក អេង សុភេន រងការចោទប្រកាន់ថា ជម្រុញឲ្យពលរដ្ឋកាប់ព្រៃយកដីរាប់ពាន់ហិចតានៅចំណុច៥៥ ដោយប្រមូលលុយមួយប្លង់២០០ដុល្លារយកទៅរត់ការសុំសិទ្ធិកាន់កាប់ពីរាជរដ្ឋាភិបាល
ខេត្តកំពង់ធំ៖ មានសេចក្តីរាយការណ៍ទម្លាយឲ្យដឹងថា អាជ្ញាធរថ្នាក់ស្រុក និងថ្នាក់ខេត្តកំពង់ធំបានឃុបឃិតគ្នា ដោយកៀងគរប្រជាពលរដ្ឋមកពីខេត្តកំពង់ចាម ឲ្យមករស់នៅក្នុងព្រៃចំណុច៥៥ ដែលជាចំណុចព្រៃត្រូវស្តារឡើងវិញ ទង្វើនេះជាល្បិចកលបោកប្រាស់រាជរដ្ឋាភិបាល ដើម្បីឆក់ឱកាសយកដីនោះចែកអ្នកមានជាបក្ខពួករបស់ពួកគេ។ មួយចំណែកទៀតដីដែលនៅសល់ ត្រូវបានគេយកលេសថាដីនោះជាដីរបស់ លោក ងួន ញ៉ិល ធ្វើជាលេស តែទីបំផុតគេបានយកដីនោះចែកគ្នាយ៉ាងរំភើយ ។ សេចក្តីរាយការណ៍នោះបានចាត់ទុកថានោះជាទង្វើទុច្ចរិតដែលមន្ត្រីថ្នាក់ក្រោមបោកប្រាស់ថ្នាក់លើ និងរាជរដ្ឋាភិបាលបង្កភាពអនាធិបតេយ្យ។
ប្រភពបានអះអាងថា៖ ដីព្រៃរាប់ពាន់ហិចតានៅចំណុច៥៥ ស្ថិតនៅភូមិអូតូច ឃុំយក្សកៈតី និងជាតំបន់ត្រីកោណ ៣ស្រុក មានស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ និងស្រុកសន្ទុក ដែលកំពុងតែត្រូវបានរុករាន្ទកាប់បំផ្លាញ ដុតព្រៃវាទទីយកដីយកមកធ្វើជាកម្មសិទ្ធិ ដោយពុំមានការហាមឃាត់ពីអាជ្ញាធរមានសមត្ថកិច្ចបន្តិចឡើយ។ សកម្មភាពបំផ្លាញព្រៃឈើយកដីនោះ ប្រព្រឹត្តឡើងដោយក្រុមលោក អេង សុភេន អតីតបុគ្គិលអង្គការការពារបរិស្ថាន សត្វ ព្រៃ និងជលផលដែលបានតាំងខ្លួនជា គណៈកម្មការចែកដីសង្គមកិច្ច ដោយបានបង្គាប់ប្រជាពលរដ្ឋក្រីក្របង់លុយពី១៥០ ទៅ ២០០ដុល្លារ ជាថ្នូរនឹងការទទួលដី ដែលមានក្បាល ៥០ម៉ែត្រ គុណ៧០ម៉ែត្រ និងដីចំការ៥ហិចតា។ ប្រជាពលរដ្ឋក្រីក្ររាប់ពាន់គ្រួសារត្រូវខ្សែបណ្តាញរបស់លោក អេង សុភេន ប្រមូលលុយ ដោយអះអាងថាយកលុយទាំងនេះមករត់ការសូកប៉ាន់មន្ត្រីរាជរដ្ឋាភិបាលដើម្បីសុំដីសង្គមកិច្ចនៅចំណុច ៥៥ ស្រុកសណ្តាន់យកមកចែកគ្នា ។
ប្រភពពីមន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំសុំមិនឲ្យបញ្ចេញឈ្មោះ បានអះអាងថា មានសេចក្តីរាយការណ៍ពីអន្តរវិស័យខេត្តកំពង់ធំ ថាក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញលិខិត សម្រេចមិនអនុញ្ញាតឲ្យដីទៅលោក អេង សុភេន ដែលជាតាំងខ្លួនជាអ្នករត់ការដីនៅចំណុច៥៥ ធ្វើជាដីសម្បទានសង្គមកិច្ចនោះទេ ដោយដីនៅចំណុចនេះគឺរដ្ឋាភិបាលបានទុកឲ្យអង្គការរបស់កូរ៉េ ធ្វើជាឡាបូ សម្រាប់ធ្វើជាមន្ទីរពិសោធន៍ ក្នុងគម្រោងថែរក្សាបរិស្ថានពិភពលោក។ ក្នុងករណីនេះ លោក អេង សុភេន ពុំទាន់មានច្បាប់អនុញ្ញាតឲ្យប្រើប្រាស់ដីនៅចំណុច៥៥នោះពីរាជរដ្ឋាភិបាលអ្វីនោះទេ ។
លោក តិប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំបានឲ្យដឹងថា លោក អេងសុភេន បានស្នើសុំដីនៅចំណុច ៥៥នេះទៅខេត្ត ដើម្បីយកដីទាំងនេះ ចែកឲ្យប្រជាពលរដ្ឋមកពីខេត្តកំពង់ចាម មករស់នៅទីនេះ តែលោកមានការ ព្រួយបារម្ភថា ក្រែងដីដែលស្នើសុំនេះ មិនធ្លាក់ដល់ដៃប្រជាពលរដ្ឋក្រីក្រ តែបែរជាធ្លាក់លើដៃអ្នកមានទៅវិញនោះ ហើយអ្នកក្របានត្រឹមតែខាតបង់លុយកាក់ ។ លោកបន្តថា ដីនៅចំណុច៥៥នេះ ពុំទាន់មានច្បាប់អនុញ្ញាត ត្រឹមត្រូវនោះទេ ហើយដីនេះជាដីព្រៃក្នុងផែនការស្តារឡើងវិញ ទៀតផង។ ករណីនេះយើងពុំអាចសុំការបំភ្លឺពីលោក អេងសុភេន នៅឡើយទេ។
លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បញ្ជាក់ថា ដីនេះពុំទាន់បានទទួលការអនុញ្ញាត ពីក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទនោះទេ ថែមទាំងបានចេញលិខិតសម្រេចមិនអនុញ្ញាត ផ្តល់ដីឲ្យលោក អេង សុភេន ធ្វើជាដីសង្គមកិច្ចនោះទេ ដោយទុកដីចំណុចនេះសម្រាប់ប្រទេសកូរ៉េ ធ្វើជាឡាបូរ ពិសោធន៍បរិស្ថានពីភពលោក។ តែទោះយ៉ាងណាលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំមានបំណងថានឹងអន្តរាគមន៍រឿងនោះសុំទៅ ក្រសួងកសិកម្មសារជាថ្មី ទំនងជាប់មាត់ជាប់កជាមួយលោក អេង សុភេន ។
ករណីនេះមហាជនទូទៅ បានសំណូមពរឲ្យសម្តេច តេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ជួយទប់ស្កាត់ ការរុករានដីព្រៃនៅចំណុច៥៥នេះ ស្ថិតក្នុងស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ ដោយសារមានមេខ្យល់ជម្រុញពីក្រោយដែលនឹងធ្វើឲ្យភាពអនាធិបតេយ្យនោះបង្កឲ្យបាត់បង់ព្រៃឈើ ដែលពួកគេកំពុងប្រមូលយកផលប្រយោជន៍ពីប្រេជាពលរដ្ឋ៕ ដោយ ប៊ុន រដ្ឋា
http://ift.tt/1D2xlvw