រថយន្តនីសាន់ បុករថយន្តក្រុមហ៊ុនស្រាបៀរអង្គរខ្ទេចមួយកំណាត់មុខដូចគ្នា និងរងបួសធ្ងន់ ស្រាល ២នាក់
ខេត្តកំពង់ឆ្នាំង៖ រថយន្ត២បាំងចំនួន២គ្រឿងបានបុកគ្នាពេញទំហឹង លើផ្លូវក្រាលក្រាលកៅស៊ូក្នុងក្រុង ខណៈដែលរថយន្តម៉ាកនីសាន់ធុនទំនើប ជ្រុលចង្កូតទៅបុកជាមួយរថយន្តម៉ាក អ៊ីស៊ុយហ្ស៊ុយ របស់ក្រុមហ៊ុនស្រាបៀអង្គរ នៅខាងឆ្វេងដៃ ក្នុងដំណើរបញ្ច្រាសទិសគ្នា បណ្តាលអោយមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល។ ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥នៅក្នុង ភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
សាក្សីឃើញហេតការណ៍នេះនៅកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេលកើតហេតុគេឃើញរថយន្តរបស់ក្រុមហ៊ុនស្រាបៀរអង្គរ ពាក់ស្លាកលេខ ភ្នំពេញ 2W.7449 បើកបរដោយ ឈ្មោះ វុធ ជាប្រធានក្រុមចែកចាយស្រាបៀរក្នុងខេត្ត បានបើកបរក្នុងដំណើរពីលិចមកកើត លុះមកដល់ចំណុចកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក នីសាន់ពណ៌ទឹកប្រាក់ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2Z. 4495 បើកបរដោយជនពុំស្គាល់ឈ្មោះ បានបើកក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ហើយបានជ្រុលមកខាងឆ្វេងដៃរបស់ខ្លួន ទៅបុករថយន្តស្រាបៀរ យ៉ាងពេញទំហឹង បណ្តាលអោយរថយន្តទាំង២គ្រឿងរងការខូចខាតមួយកំណាត់មុខទាំងស្រុងដូចគ្នា និងរងរបួសមនុស្ស២នាក់។
ករណីគ្រោះថ្នាក់នេះ ទោះបីរថយន្តម៉ាកនីសាន់បានផ្ទុះពោងការពារសុវត្ថិភាពខាងមុខទាំង២ក្តី ក៏ដោយ ក៏គេឃើញអ្នកបើកបរ បានរងរបួសបែកក្បាល និងអ្នករួមដំណើរត្រូវបានមិត្តភក្តិប្រញាប់ដឹកចេញពីកន្លែងកើតហេតុគេចខ្លួនទៅបាត់ គឺទុកតែអ្នកផ្សេងអោយនៅមើលរថយន្ត និងចង់ដោះស្រាយជាមួយ ភាគីស្រាបៀរអង្គរនៅកន្លែងកើតហេតុ ។ ចំណែកភាគីរថយន្តស្រាបៀរ មានស្ត្រីម្នាក់ជាប្រពន្ឋរបស់ ឈ្មោះ វុធ បានរងរបួសស្រាល ។
លោក វុធ ដែលជាអ្នកបើករថយន្តរបស់ក្រុមហ៊ុន ស្រាបៀរបាននិយាយអោយសមត្ថកិច្ចថា៖ ពេលគាត់ បើករថយន្តមកដល់ចំណុចកើតហេតុខាងលើ គាត់បានឃើញរថយន្តបង្ករបានបើកយ៉ាងលឿនមកចំពីមុខគាត់ និងរេចង្កូតចង់បុកនិងបង្គោលភ្លើង តែបានគេចផុតបន្តិចរួចក៏មកបុកគាត់ពេញទំហឹងតែម្តង ខណៈដែលរូបគាត់ ព្យាយាមជាន់ហ្វ្រាំងបង្អង់ល្បឿនជិតឈប់ទៅហើយនោះ ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបាននិយាយថា៖ អ្នកបើកបររថយន្ត ម៉ាកនីសាន់គឺបើកបរក្នុងស្ថាន ភាពស្រវឹង ទើបបង្កគ្រោះថ្នាក់បែបនេះ។ រថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ច ហៅរថយន្តស្ទូចមក ស្ទូចយក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង កសាងសំណុំរឿងតាមផ្លូវច្បាប់ រង់ចាំការដោះស្រាយតាមនិតិវិធី៕ រិទ្ធិ ជ័យ
http://ift.tt/1L1PUbF