បទល្មើសកាប់ឈើ និងដឹកជញ្ជួនឈើគ្រប់ប្រភេទ ឆ្លងដែនចូលប្រទេសវៀតណាម យ៉ាងអនាធិបតេយ្យទាមទារឲ្យលោក ឡុង ហុកម៉េង ដែលទើបទទួលតំណែងថ្មីជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរីមានវិធានការបង្ក្រាប
ខេត្តមណ្ឌលគិរី៖ បទល្មើសដឹកជញ្ជួនឈើគ្រប់ប្រភេទ ឆ្លងដែនចូលប្រទេសវៀតណាម គគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យ ដោយខុសច្បាប់នៅតាមបន្ទាត់ព្រំដែន តាមច្រករបៀងការពារព្រំដែនប៉ុស្កិ៍៤ ប៉ុស្គិ៍៥ស្ថិតស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅតែបន្តកើតមាន ទោះបីមានការចាប់បង្ក្រាប់ជាច្រើនករណីរបស់សមត្ថកិច្ចជំនាញក៏ដោយ។ ជាក់ស្ដែងកាលពីថ្ងៃទី២៤ ខែកក្កដា ២០១៥ថ្មីៗនេះ ត្រាក់ទ័ររបស់វៀតណាមមួយគ្រឿងព្រមទាំងកន្ទុយសណ្ដោងផ្ទុកឈើពេញៗចំនួន៣បំរុងឆ្លងដែនទៅប្រទេសវៀតណាម ត្រង់ចំណុចអូររណា ក្បែរច្រករបៀងប៉ុស្តិ៍៥ ត្រូវបានសមត្ថកិច្ចបង្ក្រាប់បាន។ ទោះយ៉ាងណាករណីគេមានការសង្ស័យថា មានការឃុបឃិតរវាងឈ្មួញជនជាតិវៀតណាមនឹងមន្ត្រីដែលបំរើការនៅទីនោះ ជាអ្នកលួចបើកភ្លើងខៀវអោយ។
ដោយឡែកសកម្មភាពលួចកាប់ ជិត១ឆ្នាំទៅហើយនោះ បានដឹកជញ្ជូនឈើដ៏ទ្រង់ទ្រាយធំ ប្រើប្រាស់រថយន្តបាកុងខ្នាតធំៗរាប់សិបគ្រឿង ដឹកចេញពីដែនព្រៃ អភិរក្សសហគមន៍ និងដែនជម្រកសត្វព្រៃភ្នំព្រេច នៅឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលមានទីតាំងអតីតក្រុមហ៊ុន កសិកម្មខ្មែរអង្គរ ខូអិលធីឌី (KAKSEKAM KHMER ANGKOR CO.,LTD) ដែលរដ្ឋាភិបាលបានដកហូតដីសម្បទានទៅហើយនោះ ប្រព្រឹត្តឡើងដោយលោកឧកញ៉ា លឹម ប៊ុណ្ណា និងលោកឧកញ៉ា ថៃ ជ្រកក្រោម អាជ្ញាប័ណ្ណនាំឈើចំនួន ១៦៩៣.៥១៧ ម៉ែត្រគុបដែល ក្រសួងបរិស្ថានបានរឹបអូសយក ក្រុមហ៊ុនកសិកម្មខ្មែរអង្គរ លក់ឲ្យពួកគេ ហើយពួកឧកញ៉ាពីររូបនោះបានកាប់ឈើថ្មីអារច្រៀកដឹកតាមទំនើងចិត្ត ដោយមានការឃុបឃិតពីលោក សំរ៉ង ឌីវិចិត្រ នាយដែនជម្រកសត្វព្រៃភ្នំព្រេច ដែលជាប្អូនថ្លៃ លោក ចាយ សាមិត្ត ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយករដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបិរិស្ថានដ៏មានអំណាច និងលោក ឈិត សុផល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។
ហើយកាលពីពេលថ្មីៗនេះដែរ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានស្នើឲ្យព្រះរាជអជ្ញាដែលទើបចូលកាន់តំណែងថ្មីនៃសាលាដំបូងខេត្តមណ្ឌលគិរី ត្រួតពិនិត្យឡើងវិញចំពោះបញ្ហាបទល្មើសព្រៃឈើ ព្រោះបើយោងតាមរបាយការណ៍បូកសរុបការងាររបស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីកន្លងមកឃើញថា បទល្មើសព្រៃឈើនៅមានចំនួនច្រើននៅឡើយ អាស្រ័យហេតុនេះលោកព្រះរាជអាជ្ញាថ្មី ត្រូវសហការជាមួយអាជ្ញាធរខេត្តបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើដែលកើតមានឡើងដដែលៗនេះឲ្យមានប្រសិទ្ធភាព ។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌លើកឡើងបែបនេះ ក្នុងពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥នេះនៅសាលាដំបូងខេត្តមណ្ឌលគិរី ។ លោក ឡុង ហុកម៉េង អតីតព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ត្រូវចូលកាន់តំណែងថ្មីជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី ក្នុងនោះលោក ឃុត សុភាង អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី ត្រូវផ្ទេរភារកិច្ចទៅជាព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ។
លោក ឡុង ហុកម៉េង ដែលទើបទទួលតំណែងថ្មីជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី បានប្ដេជ្ញាថា លោកនឹងព្យាយាមខិតខំអនុវត្តនូវវិធានការចាំបាច់ទាំងឡាយសំដៅបង្កើនប្រសិទ្ធភាព ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ព្រៃឈើគ្រប់ប្រភេទនឹងដោះស្រាយរឿងក្ដីនានាក្នុងសាលាដំបូងឲ្យបានឆាប់រហ័ស និងសមស្របទៅតាមផ្លូវច្បាប់ ហើយលោកនឹងខិតខំធ្វើយ៉ាងណាឲ្យមានសាមគ្គីភាពកាន់តែល្អប្រសើរថែមទៀត រវាងស្ថាប័នអយ្យការ និងស្ថាប័នអង្គភាពនានាជុំវិញខេត្ត ។ លោក បន្តថា និងបន្តដឹកនាំតម្រង់ទិសដៅការងាររបស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីឲ្យសម្រេចបានលទ្ធផល កាន់តែល្អប្រសើរថែមទៀត ៕ ឦសាន២
http://ift.tt/1KJZAoj