បុគ្គលិកសន្តិសុខក្រុមហ៊ុនព្រះខ័ន្ធរាជ៣នាក់ ក្លាយជាអ្នកលេងដាវសាំម៉ូរ៉ៃ ដេញកាប់រថយន្តគេ ត្រូវប្រជាពលរដ្ឋស្ទាក់ចាប់វាយមួយដៃមួយជើងស្ទើរស្លាប់ស្ទើររស់
ខេត្តព្រះសីហនុ៖ បុគ្គលិកសន្តិសុខក្រុមហ៊ុនព្រះខ័ន្ធរាជ៣នាក់ ក្លាយជាអ្នកលេងដាវសាំម៉ូរ៉ៃ ដេញកាប់រថយន្តគេហើយត្រូវបានប្រជាពលរដ្ឋស្ទាក់ចាប់ជាប់វាយមួយដៃមួយជើងហូរឈាមម្នាក់ស្ទើរស្លាប់ស្ទើររស់មុនពេលចាប់ខ្លួន ប្រគល់ឲ្យប៉ូលិសខេត្តព្រះសីហនុចាត់ការទៅតាមច្បាប់។ ជនបង្កត្រូវបានចាប់ខ្លួននៅវេលាម៉ោង១០យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
លោកវរៈសេនីយ៍ឯក កុល ផាលី ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌបានបញ្ជាក់ថា ការ ចាប់ក្រុមទំនើងទាំងនេះត្រូវបានក្រុមកម្លាំងល្បាតស្នងការខេត្តព្រះសីហនុ ទទួលយកពីប្រជាពលរដ្ឋក្រោយពេលពួកគេធ្វើសកម្មភាពកាលពីវេលាម៉ោង១០ យប់នៅចំណុចភូមិ២ សង្កាត់លេខ២ បន្ទាប់ពីពួកគេទាំង៣នាក់ បានយកកូនដាវសាំម៉ូរ៉ៃ ដេញកាប់រថយន្តប្រជាពលរដ្ឋនៅតាមផ្លូវ ត្រង់ចំណុចមុខអតីតមន្ទីរសាធារណការចាស់ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ។
ជនសង្ស័យទាំង៣នាក់មានឈ្មោះ ផ្លុង ឡុងឌី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនព្រះខ័ន្ធរាជ បច្ចុប្បន្នស្នាក់នៅភូមិ១សង្កាត់លេខ៣ ក្រុងព្រះសីហនុ ទី១ឈ្មោះ យ៉ែម សំអឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនព្រះខ័ន្ធរាជ បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងទី៣ឈ្មោះ ឈឹម សុផល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន ព្រះខ័ន្ធរាជ បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងនគរបាលនាំខ្លួនទៅកាន់ស្នងការ មុនពេលបញ្ជូនទៅតុលាការ ចោទប្រកាន់តាមច្បាប់៕ សមុទ្រខៀវ
http://ift.tt/1VV1Fnv