ផ្លុងទុករូបព្រះពុទ្ធបដិមាករចោលហាលក្តៅហាលភ្លៀងដែលជាកន្លែងចំណតរថយន្តដឹកទំនិញធំៗ និងបែកធ្លាយភាពអសកម្ម និងអំពើពុករលួយរបស់មន្ទីធម្មការខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ រួមនឹងមន្ត្រីរាជការក្នុងខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ ដែលធ្វើដំណើរឆ្លងកាត់តាមតិរៈវិថី សម្តេច ហ៊ុន សែន ហើយបានឃើញរូបព្រះពុទ្ធបដិមាករផ្ចាញ់មារជាព្រះអង្គភ្នែនមួយព្រះអង្គ ដែលមានទទឹងភ្នែន ១,៧ម៉ែត្រ និង កម្ពស់ដូចគ្នា ត្រូវបានគេដឹកមកដាក់បំផ្លុងចោល នៅទីតាំងដីចាក់ថ្មីជាប់ឆ្នេរសមុទ្រ ស្ថិតនៅភូមិ ០៣ សង្កាត់ ០១ ក្រុង-ខេត្តព្រះសីហនុ អស់រយៈពេលជាច្រើនខែមកហើយ គេមិនដែលឃើញមាន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឬមន្ត្រីស្ថាប័នអង្គភាពពាក់ព័ន្ធ ជាពិសេស មន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុ អើពើយកចិត្តទុកដាក់ ចំពោះបញ្ហាខាងលើនេះឡើយ ដែលជាហេតុធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ប្រភពខាងលើបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះភាពអសកម្ម របស់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ទីរធម្មការ និងសាសនា ខេត្តព្រះសីហនុមិនគួរណា មានការធ្វេសប្រហែសរាប់ខែមកហើយដែលព្រះពុទ្ធបដិមាករខាងលើ ត្រូវបានគេយកមកបំផ្លុងចោល ហាលក្តៅហាលភ្លៀងដែលជាកន្លែងចំណតរថយន្តដឹកទំនិញធំៗ ថយចុះថយឡើង ស្ទើរតែកិនកំទេចរូបសំណាកព្រះពុទ្ធរូបមួយព្រះអង្គនេះ ដែលនេះជាសកម្មភាពមួយកំពុងតែនាំគ្នា ជាន់ឈ្លីទៅលើវិស័យព្រះពុទ្ធសាសនា ។
ព្រះតេជគុណមួយព្រះអង្គ ដែលនិមន្តបិណ្ឌបាត្រចង្ហាន់ សុំមិនបញ្ចេញព្រះនាម ដែលបានឃើញព្រះពុទ្ធរូបខាងលើបានមានសង្ឃដីកាថា រូបសំណាកព្រះពុទ្ធរូប ដែលបានកសាងរួចហើយ ទោះបីជាមិនទាន់បានធ្វើបុណ្យពុទ្ធាភិសេក គឺគេហៅថា ឧទ្ទិសកចេតីយ៍ ដែលជន្មានុជន ដែលកាន់សាសនាព្រះពុទ្ធ ត្រូវតែនាំគ្នាគោរពបូជា និង គួរតែរកកន្លែងតំកល់ទុកជាទីសក្ការៈ។ បើទោះជានៅហាលទីវាលក្តី គឺកន្លែងនោះសមរម្យ ជាកន្លែងដែលស្ងប់ស្ថាត់ គ្មានក្លិនស្អុយឆ្អេះឆ្អាប យ៉ាងដូច្នេះឡើយ។ ម្យ៉ាងវិញទៀត រូបសំណាកព្រះពុទ្ធរូបដែល បានកសាងឡើង គឺជាតំណាងអោយព្រះពុទ្ធ ដូច្នេះ ប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់លំដាប់ ថ្នាក់រហូតដល់ថ្នាក់ដឹកនាំកំពូលៗ ដែលកាន់សាសនាព្រះពុទ្ធ តែងតែនាំគ្នា គោរពបូជាដ៏ខ្ពង់ខ្ពស់ជាទីបំផុត មិនគួរណាគេយកមកបំបរបង់ចោល យ៉ាងដូច្នេះទៅវិញ ។
ប្រជាពលរដ្ឋ មន្ត្រីរាជការ ជាពុទ្ធបរិស័ទនៅខេត្តព្រះសីហនុ បាននាំគ្នារិះគន់ ទៅលើអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ទីរធម្មការសាសនាខេត្តព្រះសីហនុថា បើមានហេតុការណ៍ណា ដែលទទួលបានលាភសក្ការៈ មានផលប្រយោជន៍បានសើមមាត់សើមក នាំគ្នាត្បុលទង្គិចក្បាលដណ្តើមខ្លួនចេញទៅធ្វើការងារនោះ ប៉ុន្តែបើបញ្ហាណាមិនមានផលប្រយោជន៍ បានចូលលាភសក្ការៈទៅក្នុងហោប៉ៅរបស់ខ្លួនវិញនោះ ម្នាក់ៗរុញខ្លួនដាក់គ្នាសំងំយករួចខ្លួនគ្រប់ៗគ្នា។
លោក ដេត ណូ ប្រធានមន្ទីរវប្បធម៌ខេត្តព្រះសីហនុបានអោយដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ថា៖ ជុំវិញបញ្ហារូបបដិមាករខាងលើ លោកបានចុះទៅត្រួតពិនិត្យដល់ទីកន្លែង និងដឹងថាព្រះពុទ្ធរូបមួយព្រះអង្គនេះ ត្រូវបានសាងឡើងអំពី ថ្មភក់ឬ ផ្ទាំងសិលា ប៉ុន្តែមន្ទីររបស់លោកមានកាតព្វកិច្ចក្នុងការបង្ក្រាប ការជួញដូរព្រះពុទ្ធបដិមាករតែប៉ុណ្ណោះ ចំពោះការតំកល់ទុកនៅតាមទីអារ៉ាម ជាសមត្ថកិច្ចរបស់មន្ទីរធម្មការ និងសាសនា ខេត្តព្រះសីហនុ ឯណោះទេ ។
លោក កង ឌីណាតប្រធានមន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុ ក៏បានអោយដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ថា លោកបានដឹងចំពោះការលើកឡើងខាងលើនេះ ម្យ៉ាងទៀតព្រះពុទ្ធរូបមួយព្រះអង្គនេះមានសប្បុរសជន គេជាវយកទៅតម្កល់នៅវត្តគិរីជលសារ ស្ថិតនៅសង្កាត់កោះរ៉ុង ក្នុងតម្លៃជាទឹកប្រាក់ចំនួន ៧០០០ដុល្លារ សហរដ្ឋអាមេរិក ប៉ុន្តែសប្បុរសជនខាងលើ គេបានត្រឹមតែយកមកដល់ចំណតកំពង់ផែទូក ហើយទុកអោយគណៈកម្មការអាចារ្យវត្តខាងលើជាអ្នកចាត់ចែងក្នុងការដឹកជញ្ជូនតាមទូកទៅកាន់វត្តខាងលើ ក្នុងតម្លៃជាបឋម ម្ចាស់ទូកបានទាមទារថ្លៃដឹកជញ្ជូន ព្រះពុទ្ធរូបមួយព្រះអង្គខាងលើក្នុងតម្លៃ៧០០០ដុល្លារ។
លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុ បានបញ្ជាក់ថា៖ មន្ទីរធម្មការមិនមានលទ្ធភាពឯណា ក្នុងការចំណាយថវិកា សំរាប់ដឹកព្រះពុទ្ធបដិមាករខាងលើនោះទេ ក្រោយមកដោយមានការសម្របសម្រួលពីមន្ទីរធម្មការ និងសាសនារួមជាមួយអាជ្ញាធរខេត្ត ម្ចាស់ទូកបានបញ្ចុះតម្លៃនៅសល់ ៤៥០០ដុល្លារសហរដ្ឋអាមេរិក ហើយដោយសារតែប៉ុន្មានថ្ងៃនេះ រលកសមុទ្រធំៗ មិនអាចដឹកយកទៅបានរង់ចាំដល់រលកស្ងប់តែប៉ុណ្ណោះ និង ដឹកយកព្រះពុទ្ធរូបទៅតម្កល់នៅវត្តខាងលើនោះហើយ ។
គណៈកម្មការអាចារ្យវត្ត នៅជនបទដាច់ស្រយាលដែលជាវត្តក្រីក្រ បានបង្ហាញលិខិតមួយច្បាប់ ដោយបានបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៥ លោកអនុប្រធាន និង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុ បានកំណត់ប្រមូលថវិកាក្នុងមួយវត្តចំនួន ២០ម៉ឺនរៀល ដែលមានចំនួន ៣០វត្ត នៅក្នុងខេត្តព្រះសីហនុ សំរាប់យកទៅរៀបចំក្នុងកម្មវិធីអោយមន្ត្រីសង្ឃនៅថ្នាក់លើជាលក្ខណៈឯកជន។ ពួកគាត់បានបន្តថា បើយកថវិកាទាំងនេះ យកមកចំណាយលើការដឹកជញ្ជូនព្រះពុទ្ធរូបមួយអង្គខាងលើ ពិតជាមិនជួបការលំបាក បណ្តាលអោយមានបញ្ហាកើតឡើងយ៉ាងដូច្នេះទេ ។
ដោយឡែកលោកកង ឌីណាតប្រធានមន្ទីរធម្មការ និង សាសនា ខេត្តព្រះសីហនុ បានបញ្ជាក់ជាចុងក្រោយថា ចំពោះការកំណត់ប្រមូលលុយ នៅតាមវត្តខាងលើនេះ លោកមិនមានសិទ្ធិទៅកំណត់នៃការប្រមែប្រមូលលុយពីព្រះសង្ឃឡើយ គឺជាការព្រមព្រៀងរបស់គណៈកម្មការ មន្ត្រីសង្ឃទាំងអស់ នៅក្នុងខេត្តតែប៉ុណ្ណោះ ៕ សមុទ្រខៀវ
http://ift.tt/1HGgVcY