បទល្មើសដាក់របាំងសាច់អួនជាងមួយពាន់ម៉ែត្រក្នុងឡូត៍អភិរក្សព្រែកថ្លាន់ឃុំកំពង់ព្រះគគីរគ្មានអ្នកណាចុះបង្ក្រាប
ខេត្តកំពង់ឆ្នាំង៖ នៅក្នុងរដូវបិទនេសាទដែលជារដូវត្រីពងកូននេះ នៅក្នុងតំបន់អភិរក្សពូជត្រីចំណុចបឹងធំ ព្រែកថ្លាន់ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៌ កើតមានបទល្មើសដាក់របាំងសាច់អួនចាប់ត្រី ដោយខុស ច្បាប់ជាងមួយពាន់ម៉ែត្រ មិនត្រូវបានអាជ្ញាធរ និងជំនាញចុះបង្ក្រាបនោះឡើយ បទល្មើសនេះត្រូវបាន អ្នកកាសែតមួយក្រុមស្រាវជ្រាវរកឃើញ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥។
ប្រជានេសាទក្រៅតំបន់អភិរក្សបាននិយាយអោយដឹងថា៖នៅចំណុចខាងលើនេះពួកគាត់បានឃើញគេបើកកាណូតចេញចូលលើកយកត្រីជិត១ខែមកហើយ និងត្រូវបានគេដឹងថាជនល្មើសជាម្ចាស់ របាំងខាងលើនេះគឺជាប្រជាពលរដ្ឋនៅភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង។
ដោយឡែកប្រជាពលរដ្ឋនៅក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ក៏បានអោយដឹងដែរថា៖ នៅ ចំណុចក្រាលកោះស្ទឹងពោធិ ក្នុងតំបន់អភិរក្សឃុំកំពង់ព្រះគគីរ ក៏មានបទល្មើសដាក់របាំងសាច់ អួនចាប់ ត្រីរាប់រយម៉ែត្រផងដែរ ដែលពុំមានអ្នកណាបង្ក្រាបឡើយ។
លោក សោម ភិរុណ នាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំង បាននិយាយបញ្ជាក់អោយដឹងនៅ ល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥ ថា៖លោកពុំធ្លាប់បានទទួលព័ត៌មានពីសង្កាត់នេសាទស្រុកបរិបូរណ៌ ថាមានបទល្មើសក្នុងតំបន់អភិរក្ស នៅចំណុចទាំង២ខាងលើនេះឡើយ ករណីនេះលោកនិងបញ្ជា អោយ មន្ត្រីខណ្ឌ និងមន្ត្រីសង្កាត់ចុះទៅបង្ក្រាបនៅថ្ងៃស្អែកនេះជាបន្ទាន់ ដោយមិនទុកអោយកើតមានបែប នេះ នៅក្នុងតំបន់អភិរក្សតទៅទៀតនោះឡើយ។
ទាក់ទងនឹងបទល្មើសខាងលើនេះលោក ម៉ូត សៀងហេង នាយសង្កាត់រដ្ឋបាលជលផល បរិបូ រណ៌បាននិយាយអោយដឹងដែរថា៖ ចំណុចបឹងធំខាងលើនេះមិនស្ថិតនៅក្នុងតំបន់អភិរក្សនោះឡើយ ហើយលោកក៏មិនបានដឹងថាមានបទល្មើសនៅចំណុចនេះដែរ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នេះ លោកនិងដឹកនាំកម្លាំងសមត្ថកិច្ចក្នុងសង្កាត់នេសាទ ចុះទៅពិនិត្យបើមានបទល្មើសនេះមែនលោកនឹងធ្វើ ការបង្ក្រាបអោយអស់ ទោះបីស្ថិតនៅក្រៅតំបន់អភិរក្សក៏ដោយ។
ទាក់ទងនឹងការចុះបង្ក្រាបបទល្មើស នេសាទនេះវិញ មន្ត្រីជលផលមួយចំនួនបានលួចខ្សឹបអោយដឹងថា៖ ថ្នាក់លើមិនបានបើកផ្តល់របប ប្រេងអោយតាមខេត្តរយះពេល៥ខែមកហើយ ការចុះបង្ក្រាប់បទល្មើសកន្លងមកគឺ ត្រូវជំពាក់លុយថ្លៃ ប្រេង គេរាប់លានរៀល មិនដឹងថាពេលណាថ្នាក់លើបើកប្រេងរបបប្រចាំខែអោយតាមខណ្ឌ តាមខេត្តវិញនោះទេ។
ប្រជាពលរដ្ឋជាប្តី និងប្រពន្ធកំពុងលើកលបត្រីកញ្ចុះតាមរបាំងដើមត្រែងដែលពួកគាត់បានដាក់ខ្លី ៗជាប់ចំណុចបឹងធំ ព្រែកថ្លាន់ខាងលើនេះ បាននិយាយអោយដឹងថា៖ ប្តីប្រពន្ធលោករស់នៅភូមិ ដំណាក់ រាជ្យ ឃុំកំពង់ព្រះគគីរ បានមកធ្វើចំការនៅចំណុចនេះ និងក៏បានដឹងដែរថាចំណុចនេះគឺជាតំបន់អភិរក្ស ប៉ុន្តែពួកលោក គ្រាន់តែបោះរបាំងព្រួលត្រែងខ្លីៗដាក់លបត្រីកញ្ចុះយកហូបតែប៉ុណ្ណោះ តែពួកលោកក៏ បានបង់ប្រាក់ចំនួន៥ម៉ឺនរៀលអោយលោកប្រធានសហគមន៍នេសាទឃុំកំពង់ព្រះគគីរដែរ ទើបដាក់របាំង ព្រួលត្រែងចាប់ត្រីបាននៅចំណុចនេះ។
ក្រៅពីតំបន់អភិរក្សខាងលើនេះ នៅតាមតំបន់នេសាទមួយចំនួនក្នុងស្រុកបរិបូរណ៌ និងស្រុក កំពង់លែង នៅក្នុងរដូវបិតនេសាទនេះក៏មានបទល្មើសដាក់របាំងសាច់អួនចាប់ត្រីរាប់ រយ កន្លែងផងដែរ មិនត្រូវបានគេបង្ក្រាបនោះឡើយ មិនតែប៉ុណ្ណោះយើងឃើញមានកាណូតឈ្មួញចុះទិញត្រី តាមរបាំងបទ ល្មើសទាំងនោះជារៀងរាល់ថ្ងៃទៀតផង មិនត្រូវបានសមត្ថកិច្ចជំនាញទប់ស្កាត់ឡើយដែលជាហេតុ ធ្វើអោយបទល្មើសកាន់តែកើតច្រើនឡើងៗ៕ រិទ្ធិ ជ័យ
http://ift.tt/1L2oRtT